ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​កំពុង​សិក្សា​លើ​ការ​សង់រោង​ជ្រក​នៅមុខ​ពេទ្យ​គន្ធបុប្ផា
11, Nov 2015 , 10:22 am        
រូបភាព
សៀមរាប៖ កាលពី​សប្តាហ៍​មុន អភិបាលខេត្ត​សៀមរាប បាន​ចុះទៅ​មើល​ទីតាំង​សង់រោង​ជ្រក​នៅមុខ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី៧ ឫ​ពេទ្យ​គន្ធបុប្ផា។ ទោះបី​ស្ថិតក្នុង​គម្រោង​សិក្សា​នៅឡើយ​ក្តី តែ​អភិបាលខេត្ត​អះអាងថា រោង​ជ្រក​ទាំងនោះ នឹង​ចេញ​ជា​រូបរាង​ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ។



ដោយ​មើលឃើញ​ពី​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​នាំកូនតូចៗពី​ទីឆ្ងាយៗ មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប អភិបាលខេត្ត​លោក ឃឹម ប៊ុន​សុង បានប្រកាស​ពី​គម្រោង​សង់រោង​ជ្រក នៅមុខ​មន្ទីរពេទ្យ​មួយ​នេះ។ បច្ចុប្បន្ន​គម្រោង​នេះ កំពុង​សិក្សា និង​រក​ទីតាំង​សមរម្យ ដើម្បី​ងាយស្រួល​ដល់​ពលរដ្ឋ​ជ្រក​កំដៅថ្ងៃ និង​ភ្លៀង។

កន្លងមក​គេ​ឃើញថា ពលរដ្ឋ​ក្រីក្រ​នៅ​ទីឆ្ងាយៗ មាននៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​ជាដើម បាន​សម្រុក​យក​កូន​ថៅតូចៗរបស់ខ្លួន មក​ព្យាបាល​ជំ​ងី​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ព្រោះ​ពួកគេ​ជឿ​លើ​សមត្ថភាព​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ។ យ៉ាងណា ការរង់ចាំ​ធ្វើ​ឲ្យ​ពួកគេ​ជួប​នូវ​ការលំបាក​មួយចំនួន រួមមាន​កំដៅថ្ងៃ និង​ទទឹក​ទឹកភ្លៀង​ជាដើម ព្រោះថា​មន្ទីរពេទ្យ​ពុំមាន​កន្លែង​ជ្រក​នោះទេ មានតែ​ផ្លូវ​ចូល​ដែល​ក្រាល​ដោយ​ឥដ្ឋ​តែប៉ុណ្ណោះ។ ពលរដ្ឋ​មួយចំនួនធំ បាន​អង្គុយ​រង់ចាំ​នៅ​កៀន​របង ខ្លះ​មាន​បាំង​ឆ័​ត្រ ខ្លះ​ក៏​គ្មាន។

គម្រោង​សង់រោង​ជ្រក​របស់​សាលាខេត្ត គឺជា​ផ្នែក​មួយ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​ផង។ កន្លងមក ដោយសារ​គ្មាន​កន្លែង​ជ្រក​ត្រឹមត្រូវ ពលរដ្ឋ​ដែល​នាំ​កូន​មក​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា ខ្លះ​អង្គុយ​លើ​វាលស្មៅ​ពេញមុខ​មន្ទីរពេទ្យ ខ្លះទៀត​អង្គុយ​តាម​កៀន​ផ្លូវ​ចូល​មុខ​មន្ទីរពេទ្យ​ជាដើម។ សម្រាប់​អ្នក​កំដរ​អ្នកជំងឺ ខ្លះ​ចង​អង្រឹង​ដេក​តាម​របង​ពេទ្យ​ក៏មាន។ ដូច្នេះ ការរៀបចំ​រោង​ជ្រក​របស់​សាលាខេត្ត នឹងធ្វើ​ឲ្យ​សោ​ភ័​ណ្ឌ​ភាព​នៅមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា អាច​នឹង​ស្រស់ស្អាត​ឡើងវិញ ជាពិសេស​កាត់បន្ថយ ការកកស្ទះ​ចរាចរណ៍​នៅពេល​ព្រឹក​ជាដើម ខណៈដែល​អ្នក​រង់ចាំ បាន​ឈរ​ហៀរ​មុខ​មន្ទីរពេទ្យ។

គម្រោង​សង់រោង​ជ្រក​នេះ មានការ​សាទរ​ពី​ពលរដ្ឋ។ ពលរដ្ឋ​ដែល​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នឹង​លែង​លំបាក​ទៀតហើយ ប្រសិនបើ​រោង​ជ្រន​ទាំងនោះ សង់​រួច​ក្នុងពេលឆាប់ៗខាងមុខ៕






Tag:
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com