ជាតិ
សង្គមជាតិ
លោក ស ខេង៖ អាណ​តិ្ត​ក្រោយ កម្មករ​កាត់ដេរ​អាច​បោះឆ្នោត​នៅ​ជិត​កន្លែងធ្វើការ
12, Nov 2015 , 1:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង និយាយថា ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយនេះ ប្រជាពលរដ្ឋ ពិសេស​គឺ​កម្មករ​កាត់ដេរ​ចំណាកស្រុក​កំណើត អាច​បោះឆ្នោត​នៅតាម​មណ្ឌល​ជិត​កន្លែង​ដែល​ពួកគេ​ធ្វើការ​បាន ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ទៅ​បោះឆ្នោត​នៅមណ្ឌល​ចាស់ ដែល​ពួកគេ​ធ្លាប់​បោះឆ្នោត​ពីមុន​នោះទេ។



លោក ស ខេង បញ្ជាក់​ក្នុង​បទឧទ្ទេសនាម​ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល ស្ដីពី​ការបោះ ឆ្នោត និង​កំណែទម្រង់​បោះឆ្នោត នៅ​ព្រឹក​នេះ ថា ការរៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត បាន​នេះ គឺ​ជួយ​សម្រួល​ដល់​អ្នក​មក​ពី​ខេត្ត ដែល​មក​ធ្វើការ និង​រស់នៅក្នុង​ទីក្រុង ដោយ​ពួកគេ​មិន​ពិបាក​ធ្វើដំណើរ​ទៅ​បោះឆ្នោត​នៅតាម​មណ្ឌល​នីមួយ​នៅឯ​ខេត្ត។

លោក ស ខេង បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ច្បាប់​បាន​កំណត់ថា អ្នកធ្វើការ​កន្លែង​ណា​គឺ បោះឆ្នោត​នៅ​កន្លែង​នោះ។ ឧទាហរណ៍​កម្មករ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ពីមុន​នេះ ត្រូវ​ទៅ​បោះឆ្នោត​តាម​ខេត្ត ស្រុកកំណើត ប៉ុន្តែ​ឥឡូវនេះ គឺ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ រោងចក្រ​ណា គឺ​បោះឆ្នោត​នៅ​ទីកន្លែង​នោះ បង្កើត​ការិយាល័យ​បោះឆ្នោត នៅ​កន្លែង​នោះ។ នេះ​វា​ផលចំណេញ​ជាង ទាំង​និយោជក ទាំង​និយោជិត ប៉ុន្តែ​វា​អាច​ខាត​ដល់​អ្នករកស៊ី​ដឹកជញ្ជូន អាច​ប៉ះពាល់ ព្រោះ​គេ​អត់​ទៅ​ខេត្ត​ផង គេ​បោះឆ្នោត​នៅ​ហ្នឹង​កន្លែង។ នេះ​វា​ជាការ​ប៉ះពាល់​ហើយ ធ្វើ​អ្វី​មិនដែល​ត្រូវ​ទាំងអស់​ទេ គឺ​តែងតែមាន​បញ្ហា​នេះ​បញ្ហា​នោះ​ហើយ»៕


Tag:
 លោក ស ខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com