ជាតិ
សង្គមជាតិ
អ្នកកាសែត​មកពី​៨​ប្រទេស​បញ្ចប់​ការសិក្សា​រយៈពេល​៦​សប្តាហ៍​នៅ​កូរ៉េខាងត្បូង​
12, Nov 2015 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​សេ​អ៊ូ​ល​៖ កម្មវិធីសិក្សា​ស្តីពី​សារព័ត៌មាន Kwanhun លើក​ទី​បួន ត្រូវ​រៀបចំឡើង​ស្ថិតក្រោម​ការសហការ​រ​វាង ក្លិប​កាសែត​កូរ៉េ Kwanhun និង មូលនិធិ​សារព័ត៌មាន​កូរ៉េ​បាន​ឈានដល់​ទីបញ្ចប់​ហើយ​។ ទោះ​វគ្គ​សិក្សា​នេះ​បញ្ចប់ទៅ​ក្តី តែ​បទពិសោធន៍​និង​ចំណេះដឹង​ដែល​អ្នកសារព័ត៌មាន​ទទួលបាន​ពី​កម្មវិធី​នេះ​នឹង​រួមចំណែក​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន​ក្នុងសង្គម​របស់​ពួកគេ​រៀងខ្លួន​។



​លោក Kim Byung Ho ប្រធាន​មូលនិធិ​សារព័ត៌មាន​កូរ៉េ (Korea Press Foundation) ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​សិក្សា​និង​ចែក​វិញ្ញាបនបត្រ​បាន​ថ្លែងថា​៖« ខ្ញុំ​ពិតជា​អរគុណ​ដែល​អ្នកសារព័ត៌មាន​ដែល​បាន​អញ្ជើញ​ចូលរួម​ដោយ​យកចិត្តទុកដាក់​ក្នុង​វគ្គ​សិក្សា​រយៈ​៦​សប្តាហ៍​នេះហើយ​អ្វីដែល​ពិសេស​នោះ​លោកអ្នក​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កូរ៉េ​និង​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​សារព័ត៌មាន​កូរ៉េ​និង​ប្រជាជន​កូរ៉េ​ទាំងមូល​ផង​។ ខ្ញុំ​សង្ឃឹមថា អស់លោក​នឹង​ពាំ​នាំយក​បទពិសោធន៍ ចំណេះដឹង​ថ្មីៗ ទាក់ទិន​វិស័យ​សារព័ត៌មាន​ដែល ពេលនេះ​ត្រលប់​ទៅ​ជួយ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ក្នុងប្រទេស​របស់​អ្នក​វិញ​។​»

​លោក​ក៏​រំពឹង​ផងដែរ​ថា រាល់​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​នឹង​ដើរតួនាទី​ជា​ស្ពាន​ដើម្បី​ភ្ជាប់​ចំណងមិត្តភាព​រវាង​ប្រទេស​កួ​រ៉េ​ជាមួយ​ប្រទេស​ជា​មិត្ត​ដូចជា​កម្ពុជា​ជាដើម​ឲ្យ​កាន់តែ​រឹងមាំ​នៅពេល​ខាងមុខ​។​

​ក្នុង​កម្ម​វិធីចែក​វិញ្ញាបនបត្រ​នេះដែរ អ្នកសារព័ត៌មាន​ដែល​ចូលរួមបាន​ឡើង​បង្ហាញ​ពីបទ​ពិសោធន៍ និង​ចំណេះដឹង​ដែល​ខ្លួន​ទទួលបាន​ពី​វគ្គ​សិក្សា​ស៊ីជម្រៅ​នេះ​។ អ្វីដែល​សំខាន់​អ្នកសារព័ត៌មាន​ទាំង ៨​រូប​បាន​ប្តេជ្ញា​ថា​នឹង​ប្រើប្រាស់​ចំណេះដឹង​ថ្មី និង​បទពិសោធន៍​ល្អៗ​ទាក់ទិន​វិស័យ​សារព័ត៌មាន ដើម្បី​កែលម្អ និង​ជំរុញ​ឲ្យ​វិស័យ​សារព័ត៌មាន​កាន់តែ​មាន​ភាពប្រសើរឡើង​នៅពេល​ខាងមុខ​។

​កម្មវិធី​រយៈពេល ៦​សប្តាហ៍ មាន​សារសំខាន់​ខ្លាំង​សម្រាប់​អ្នកសារព័ត៌មាន ព្រោះ​កម្មវិធី​នេះ​រួមមាន​ទាំង​ការសិក្សា​ក្នុង​ថ្នាក់​ជាមួយ​សាស្ត្រាចារ្យ និង​អ្នកជំនាញ រួមជាមួយ​ទស្សនកិច្ច​សិក្សា​ទៅកាន់​សា្ថ​ប័ន​ព័ត៌មាន និង​ស្ថាប័ន​នយោបាយ​ធំៗ នៅក្នុង​ប្រទេស​កូរ៉េ​។ អ្នកចូលរួម​មានឱកាស​ដកស្រង់​ចំណេះដឹង​ថ្មីៗ និង​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​និង​វិស័យ​ផ្សេងទៀត​ផងដែរ​។​

កម្មវិធីសិក្សា​ជំនាញ​សារព័ត៌មាន​នេះ​មិន​ត្រឹមតែ​ជួយ​អ្នកសារព័ត៌មាន​ពង្រីក​ចំណេះដឹង​ផ្នែក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ផ្តល់ឱកាស​សម្រាប់​ការទទួលបាន ចំណេះដឹង​ផ្នែក​វប្បធម៌ សង្គម​សេដ្ឋកិច្ច​និង​នយោបាយ​កូរ៉េ​ផងដែរ​។​

​អ្នកសារព័ត៌មាន​បរ​ទេស​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូល​រួមមាន​ចំនួន ៨​រូប ក្នុងនោះ​មាន អ្នកសារព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌មាន​ដូចជា ទូរទស្សន៍ ABS-CBN ហ្វីលីពីន CNN ឥណ្ឌូនេស៊ី , The Nation ថៃ​, ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ  (KPL), សារព័ត៌មាន​រដ្ឋ វៀតណាម Thanh Nien Daily, ទូរទស្សន៍​ជាតិ​មី​យ៉ាន់​ម៉ា (MRTV), សារព័ត៌មាន​រដ្ឋ​អេ​ហ្ស៊ី​ប (Egyptian Gazette) និង​លោក សៅ ផល​និស្ស័យ អ្នកសារព័ត៌មាន​ថ្មីៗ (www.thmeythmey.com) ​តំណាង​ឲ្យ​កម្ពុជា ។

​សូម​រម្លឹកថា​កម្មវិធី​សិក្សា​ផ្នែក​សារព័ត៌មាន Kwanhun នេះ ត្រូវបាន​រៀបចំឡើង​ដំបូង​បំផុត​កាលពី​ឆ្នាំ ២០១២ ហើយ​កម្មវិធី​នេះ​ត្រូវ​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​។  អ្នកសារព័ត៌មាន​ដែល​ចូលរួម​ត្រូវបាន ជ្រើសរើស​មកពី​ប្រទេស​ដែល​បាន​ជួយ​ជ្រោមជ្រែង​កូរ៉េខាងត្បូង​នៅ​សម័យ​សង្គ្រាម​។ ហើយ​ការផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព បង្កើន​ចំណេះដឹង និង​ទុកជា​ការដឹងគុណ​ដល់​ប្រទេស​ជា​មិត្ត​ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​កូរ៉េ​៕


Tag:
 ​សារព័ត៌មាន​កូរ៉េខាងត្បូង​
  Kwanhun
© រក្សាសិទ្ធិដោយ thmeythmey.com