ជាតិ
សង្គមជាតិ
អូស្ត្រាលី​ផ្តល់ជំនួយ​៣,៥​លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​
12, Nov 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អូស្ត្រាលី បានសម្រេច​បន្ត​ផ្តល់ជំនួយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ក្នុងដំណាក់កាល​ទី​២ ក្នុង​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​កម្មវិធី​មាន​មូលនិធិ​៣,៥​លាន​ដុល្លា​អូស្ត្រាលី សម្រាប់​រយៈពេល​៣​ឆ្នាំ​។​



​ពិធី​ចុះហត្ថលេខា​ទទួល និង​ផ្តល់ជំនួយ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា រវាង​លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី Alison Burrows ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ លោកស្រី Alison Burrows បាន​មានប្រសាសន៍ថា វិទ្យុ​នៅតែ​ជា​ប្រភព​ដំណឹង និង​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​នៅ​កម្ពុជា ដែល​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ជនបទ​ស្តាប់​។

បើតាម​លោកស្រី Alison Burrows ការផ្សព្វផ្សាយ​វិទ្យុ អាច​ឲ្យ​សាធារណជន​ធ្វើការ​ពិភាក្សាបាន​ទូលាយ និង​រួមបញ្ចូល​ពី​គុណភាព​នៃ​ការឆ្លើយតប​នឹង​ការផ្តល់​សេវាកម្ម​របស់​រដ្ឋ និង​ការផ្តល់​ការទទួលស្គាល់​កាន់តែ​ប្រសើរឡើង​នូវ​ទស្សនៈ និង​សំឡេង​របស់​ប្រជាពលរដ្ឋ​។ លោកស្រី​បានបញ្ជាក់​ទៀតថា ស្ថាប័ន​សោ​ទស្សន៍​អូស្ត្រាលី​ABC នឹង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការទទួល​ព័ត៌មាន​នៅ​ខេត្ត​ចំនួន​៥ គឺ​ខេត្តបាត់ដំបង កំពង់ចាម កំពត សៀមរាប និង​ខេត្តក្រចេះ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​សម្រាប់​គាំទ្រ​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ទុន​មួយ​សម្រាប់​កម្ពុជា​។ លោក​សង្ឃឹមថា អូស្ត្រាលី​នៅ​បន្ត​កិច្ចសហការ​គាំទ្រ​ដល់​អភិបាលកិច្ច និង​ជួយ​កសាង​សមត្ថភាព​របស់​មន្ទីរ​ព័ត៌មាន​នៅ​ខេត្ត​ផ្សេងទៀត​ដែរ​៕

​ប្រភព​៖AKP


Tag:
 ប្រព័ន្ធ​ផ្សព្វផ្សាយ​
  ​អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com