ជាតិ
សង្គមជាតិ
ការបណ្តេញ​ឧក្រិដ្ឋជន​ជា​ជន​ជាតិចិន​១៦៨​នាក់ គឺ​ដើម្បី​រក្សា​សន្តិសុខ​កម្ពុជា​
12, Nov 2015 , 9:59 pm        
រូបភាព
​ការបណ្តេញ​ជនជាតិ​ចិន​ចំនួន ១៦៨​នាក់ ជា​ឧក្រិដ្ឋជន ពាក់ព័ន្ធ​នឹង​ការចាប់​ជំ​រិ​ន​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរ​សព្ទ គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់​ធ្លាប់​សាធារណៈ​កម្ពុជា ដោយ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​អ្វី​ឡើង​។ នេះ​ជាការ​លើកឡើង​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពី​ធី​ចែករំលែក បទពិសោធ​ស្តីពី​ការងារ​ដឹកនាំ និង​គ្រប់គ្រង​សន្តិសុខ សណ្តាប់​ធា្ន​ប់​សាធារណៈ​សម្រាប់​ការបោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​នៅ​កម្ពុជា នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា នាពេល​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា ម្សិលមិញ​។



​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា  ការបណ្តេញ​ឧក្រិដ្ឋជន ជា​ជន​ជាតិចិន​ត​ទាំង​១៦៨​នាក់ ទៅកាន់​ប្រទេស​ចិន​វិញ​នោះ គឺជា​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ដោយ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​អ្វី​ឡើយ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​ជនសង្ស័យ​ទាំងនោះ បើ​កម្ពុជា មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ទាន់ពេល​ពេល​នោះទេ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ប៉ះពាល​ដល់​ការវិនិយោគទុន​បរទេស ព្រមទាំង​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផងដែរ លោក ខៀវ សុ​ភ័​ក្រ អ្នក​ពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ចាំ​បញ្ជូន​ជនជាតិ​ចិន​ទៅ​ស្រុកកំណើត​នេះ គឺ​ធ្វើទៅ​តាមច្បាប់​អន្តោប្រវេសន៍​កម្ពុជា នឹង​នីតិវិធី​ត្រឹមត្រូវ​។ លោក​បញ្ជាក់​បែបនេះ​ថា​៖ «​បើ​យើង​មិន​ដេញ​ពួកគេ​ទៅ​ស្រុកកំណើត​វិញ​ទេ កម្ពុជា​អាចមាន​អសន្តិសុខ​ក្នុងប្រទេស​»​។​

​ក្រោយពី​ឃាត់ខ្លួន​ជន​ជាតិចិន​ទាំងនោះ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តិ​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជនជាតិ​ចិន​ទាំង ១៦៨​នាក់ បាន​ជាប់​ពាក់ព័ន្ធ​ពីបទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរ​សព្ទ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ប្រធាន​នាយកដ្ឋាន​រូបនេះ​បន្ថែមទៀតថា ជនល្មើស​ទាំងនេះ​រស់នៅ​ក្នុងផ្ទះ​វិឡា​១ និង​សណ្ឋាគារ​១ ដោយ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ក្នុងការ​ចាប់ជំរិត ប៉ុន្តែ​ពួកគេ​មិន​ជំរិត​ជនជាតិខ្មែរ ឬ​ជនជាតិ​ណា​ផ្សេង​ឡើយ គឺ​ជំរិត​តែ​ជន​ជាតិចិន​ដូចគ្នា​ប៉ុណ្ណោះ​។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ប្រមូលបាន​ទូរ​សព្ទ​លើ​តុ​ចំនួន​២០០​គ្រឿង និង​ទូរ​សព្ទ​ដៃ​ជាង​២០០​គ្រឿង​ទៀត​។ កាលពី​ថ្ងៃទី​១០ វិច្ឆិកា ម្សិលមិញ អាជ្ញាធរ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ចិន បញ្ជូន​ជនជាតិ​ទាំងនោះ​ទៅ​ស្រុកកំណើត​វិញ​៕
 

Tag:
 សង្គម​
  បរទេស​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com