អន្តរជាតិ
កម្ចាត់​សហាយ​ស្មន់​ ជា​មុខរបរ​ថ្មី​នៅ​ប្រទេស​ចិន​
14, Dec 2015 , 5:43 pm        
រូបភាព
ដោយ: ធីតា
 ​កម្ចាត់​ជន​ទី​បី​ពី​ផ្លូវ​អាពាហ៍ពិពាហ៍ គឺជា​មុខរបរ​ថ្មី​សន្លាង​មួយ​នៅ​ចិន​។ មុខរបរ​នេះ​បាន​រីក​រាលដាល​ក្នុងប្រទេស​នេះ ដោយសារតែ​អត្រា​លែងលះ​កើនឡើង​ឥតឈប់ឈរ ហើយ​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​ចំណង​ប្តី​ប្រពន្ធ​ត្រូវ​បែកបាក់​នេះ គឺ​ដោយសារតែ « ជន​ទី​បី » ចូលមក​ជ្រៀតជ្រែក​។​

 
​អត្រា​នៃ​ការលែង​លះ​នៅ​ចិន​បាន​កើនឡើង ៥ ដង ក្នុង​រយៈពេល​ជាង ១៤ ឆ្នាំ​មកនេះ​។ មិនតែប៉ុណ្ណោះ ៥០ % នៃ​ចំណងអាពាហ៍ពិពាហ៍​បែកបាក់​នេះ​គឺ​ដោយសារតែ « សហាយ » ឬ « ជន​ទី​បី »​។ ជាមួយនឹង​អត្រា​ដ៏​ខ្ពស់​នៃ​ភាពមិនស្មោះត្រង់​រវាង​ប្តី​-​ប្រពន្ធ ក្រុមហ៊ុន​ជំនាញ « សង្គ្រោះ​អាពាហ៍ពិពាហ៍ » ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា « កម្ចាត់​ជន​ទី​បី »​ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​បង្កើតឡើង​ជាដំបូង​នៅ Chengdu និង Shenzhen នៃ​ទីក្រុង​សៀង​ហៃ​។​
 
​ក្រុមហ៊ុន​ទាំងនេះ​ផ្តល់ជូន​អតិថិ​ន​ជន​នូវ​ការប្រឹក្សា​ជាមួយ​មេធាវី អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​អ្នកឯកទេស​ផ្សេងៗ​ទៀត ទៅតាម​តម្រូវការ​របស់​អតិថិជន​។ លោក Luo Rong ម្ចាស់​ក្រុមហ៊ុន​ជំនាញ​កម្ចាត់​ជន​ទី​បី​មួយរូប​បាន​បញ្ជាក់ថា ពេលនេះ ក្រុមហ៊ុន​របស់លោក​យក​ថ្លៃ​សេវាកម្ម​សម្រាប់​ការផ្សះផ្សា​ប្តី​ប្រពន្ធ​មួយ​ករណី ប្រមាណ​ពី ១ ៥០០ ទៅ ១ ៨០០ ដុល្លារ​។ ដោយហេតុថា វា​មិនមែនជា​ការងាយស្រួល​ទេ​ក្នុងការ​កម្ចាត់​ជន​ទី​បី​។ ជួនកាល គេ​ត្រូវ​ប្រើពេល ៣-៤ ខែ​ទើប​អាច​ដក​បន្លា​នោះ​ចេញពី​ផ្លូវ​អាពាហ៍ពិពាហ៍​បាន​។​
 
​វិធីសាស្ត្រ​ក្នុងការ​កម្ចាត់​នោះ​គឺ ជាដំបូង បុគ្គលិក​របស់លោក​ត្រូវ​ចូលទៅ​ទាក់ទង​ជាមួយ​ជន​ទី​បី​នោះ​ជាមុនសិន ពោលគឺ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ក្លាយទៅជា​មិត្ត​របស់​ជន​នោះ ទើប​អាច​យល់ច្បាស់​ពី​ហេតុផល​ដែល​ជន​នោះ​ទាក់ទង​ជាមួយ​ប្តី ឬ​ប្រពន្ធ​របស់​អតិថិជន​។ បន្ទាប់មក ទើប​ឈានដល់​ការបញ្ចុះ​បញ្ចូល ឬ​ប្រើ​ល្បិចកល​ផ្សេងៗ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​។ ប៉ុន្តែ ទោះជា​យ៉ាងណា វិធី​ទាំងនោះ​គឺជា​វិធី​ដ៏​ត្រឹមត្រូវ មិនមែនជា​អំពើ​គំរាមកំហែង​អ្វី​នោះទេ​។ សក​កម្ម​ត្រូវ​ចាត់ទុកថា ជោគជ័យ ក្នុងករណី​ដែល​ប្តី ឬ​ប្រពន្ធ​លែង​ទៅរក​ជន​ទី​បី​នោះ​ក្នុងអំឡុងពេល ៣ ឬ ៤ ខែ​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com