ជាតិ
សង្គមជាតិ
បក្សប្រឆាំង និង​អ្នកស្រាវជ្រាវ​សង្គម ពុំទាន់​ជឿថា រដ្ឋាភិបាល​អាច​បញ្ឈប់​ជួល​ដី​តាម​ព្រំដែន​
13, Nov 2015 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បក្សប្រឆាំង និង​អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម បាន​សាទរ ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​បញ្ឈប់​ជួល​ដី​ឲ្យ​ប្រទេសជិតខាង​។ ប៉ុន្តែ ពួកគេ ពុំទាន់​ជឿជាក់ថា រដ្ឋាភិបាល​អាច​បញ្ឈប់​ការជួល​ដី​តាម​ព្រំដែន​កម្ពុជា ថៃ ឡាវ ពិសេស​គឺ វៀតណាម បាន​នៅឡើយ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅ​ថ្ងៃទី​១៣ វិច្ឆិកា​នេះ ថា រដ្ឋាភិបាល​នឹង​ចេញ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ឲ្យ​ឈប់​ជួល ដីស្រែ​ចម្ការ​ដល់​បរទេស ពោលគឺ​ឲ្យ​ទៅ​ជន​ជនជាតិ​វៀតណាម ថៃ និង​ឡាវ ដើម្បី​ចៀសវាង​បញ្ហា (​ដី​ខ្មែរ ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ថៃ ឬ​ដី​ខ្មែរ ស្រែ​លាវ​) ជាដើម​។ ការប្រកាស​របស់លោក ហ៊ុន សែន ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​សុក្រ​នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

​ទាក់ទិន​នឹង​ការលើកឡើង​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​លោក ម៉ៅ មុនី​វណ្ណ សាទរ​នឹង​វិធាន​របស់​រដ្ឋាភិបាល ដោយ​លោក​លើកឡើងថា នេះ គឺ​វិធាន​ការល្អ​សម្រាប់​ការគ្រប់គ្រង​ការពារ​បូរណភាព​ទឹកដី ពិសេស​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​។ ប៉ុន្តែ​យ៉ាងណា តំណាងរាស្ត្រ​បក្សប្រឆាំង​ក្នុង​រដ្ឋសភា​ចំនួន ៣ អាណត្តិ រូបនេះ ពុំទាន់​ជឿជាក់ថា រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ឈប់​ការជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស​នោះទេ​។ «​ជាការ​ពិត ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត ប្រព្រឹត្ត​ខុសច្បាប់ តើ​ការអនុវត្តន៍​សារាចរ​ណែនាំ​នេះ បាន​កម្រិតណា​»? នេះ​ជា​ចម្ងល់​របស់លោក ម៉ៅ មុនី​វណ្ណ ជា​តំណាងរាស្ត្រ​ដែល​តែង​តែង​តាមដាន​ព្រំដែន​នេះ​។​

​លោក​យល់ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរ​ពង្រឹង​ច្បាប់​ភូមិបាល បង្កើន​កញ្ចប់​ថវិកាជាតិ សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ការវិនិយោគ សាលារៀន មន្ទីរពេទ្យ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​។​

​ដោយឡែក អ្នកសិក្សា​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម​លោក កែម ឡី ក៏បាន​សាទរ​ផងដែរ ចំពោះ​វិធាន​មួយ​នេះ​។ ប៉ុន្តែ​លោក​មិនទាន់​ជឿជាក់ថា រដ្ឋាភិបាល​អាច​បញ្ឈប់​ករណី​ជួល​លក់ ដី​តាម​ព្រំដែន​បានទេ​។ លោក​បានលើកឡើង​ពី​បញ្ហា​ស្មុគស្មាញ​មួយចំនួន ដែល​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ថា​៖«​បរទេស​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​កាន់កាប់​ដី​ស្របច្បាប់​។ វៀតណាម​ជាង ៩០ ភាគរយ​បាន​ជួល​ទិញ​ដីស្រែ​តាម​ព្រំដែន រីឯ​ខ្មែរ​ម្ចាស់​ដី​ទៅ​ជួល​លក់​ឲ្យ​គេ ដោយសារ​ពួកគេ​ធ្វើស្រែ​ចម្ការ​មិន​ចំណេញ ព្រោះ​នៅពេល​ប្រមូល​ទិន្នផល តម្លៃ​លក់​លើ​ទីផ្សារ​ធ្លាក់ចុះ​។ ការអនុវត្តន៍​ច្បាប់​កាន់កាប់​ដីធ្លី ពុំទាន់​មាន​ប្រសិទ្ធ បញ្ហា​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន តើ​រដ្ឋាភិបាល​អាច​ដោះស្រាយ​បានទេ​»?

​ចំពោះ​លោក កែម ឡី រដ្ឋាភិបាល​គួរប្រើ​ច្បាប់​ដាក់ទោស​ទណ្ឌ និង​ចាប់បង្ខំ​មន្ត្រី ប្រជាពលរដ្ឋ ឲ្យ​អនុវត្តន៍​ការទិញ​លក់​ដី និង​ដក​ដី​ទិញ​លក់​ឲ្យ​បរទេស​នោះមក​វិញ​។ ហើយ​ថា រដ្ឋាភិបាល គួរ​ជំរុញ​ការអភិវឌ្ឍន៍​តាម​ព្រំដែន ដោយ​រៀបចំ​ផែនការអភិវឌ្ឍន៍​សាកល្បង​នូវ​ភូមិ​គំរូ តាម​បណ្តោយ​ព្រំដែន​កម្ពុជា ពិសេស​គឺជា​មួយ​វៀតណាម​។​

​គួរបញ្ជាក់​ផងដែរ បើតាម​សារ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល ម្ពុ​ជា នឹង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅតាម​ទីតាំង​ទាំងនោះ ដើម្បី​រក​វិធានការ អភិវឌ្ឍន៍ រួមទាំង ការសាងសង់​លំនៅដ្ឋាន​សម្រាប់​កងទ័ព​នៅតាម​បណ្តា​ព្រំដែន​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​។ ជាងនេះទៀត លោក នឹង​ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​ជាប់​ព្រំប្រទល់​កម្ពុជា ដើម្បី​ឲ្យ​ជួយ​សហការ និង​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​នោះមក​ជួល​ដី​នៅតាម​ព្រំដែន​កម្ពុជា​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com