បទវិភាគ
សង្គមជាតិ
ចលនា​ចំណាកស្រុក​កំពុង​រុញច្រាន​វិស័យ​កសិកម្ម​ខ្មែរ​ឲ្យ​កាន់តែ​ដុនដាប​
15, Nov 2015 , 7:19 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ នៅ​ទីជនបទ ដីស្រែ​ជាច្រើន​ហិច​តា ត្រូវបាន​កសិករ​បោះបង់​ចោល​។ យុវជន នៅតាម​ស្រុក​ស្រែចម្ការ បានធ្វើ​ចំណាកស្រុក​យ៉ាងគំហុក ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ទីប្រជុំជន និង​ទីក្រុង​។ ការចាកចេញ​ពី​ជនបទ​របស់​យុវជន បាន និង​កំពុង​ធ្វើ​ឲ្យ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​។ ចំនួន​យុវជន​សម្រាប់​ដំណើរការ​វិស័យ​កសិក​ម្ម​កាន់តែ​តិច កើតឡើង​ស្រប​ពេលដែល​កសិកម្ម​ខ្មែរ ធ្វើឡើង​បែប​ជាយ​ថា ហេតុ​ទៀត​នោះ វិស័យ​កសិកម្ម​កម្ពុជា​កាន់តែ​ទន់ខ្សោយ​គួរ​ឲ្យ​ព្រួយបារម្ភ​។​


​អ្នកធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា មាន​កាន់តែ​តិច​ទៅៗ​។ នៅពេល​បច្ចុប្បន្ននេះ កម្លាំង​ពលកម្ម​នៅក្នុង​វិស័យនេះ​ភាគច្រើន គឺ​មានតែ​កុមារ និង​មនុស្ស​ចាស់​។ ចំណែក​យុវជន​វ័យ​ពេញកម្លាំង ដែលជា​ចំនួន​ដ៏​ច្រើន​លើសលប់ បាននាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​បរទេស និង​ទីក្រុង ដែល​ធ្វើ​ឲ្យ​ទីជនបទ​ចុក​កាត់​មាត់​ញក ខ្វះ​កម្លាំង​ពលកម្ម​ក្នុងការ​បង្កបង្កើនផល​។ ការបាត់បង់​កម្លាំង​យុវជន​ក្នុង​វិស័យ​កសិកម្ម បានធ្វើ​ឲ្យ​វិស័យនេះ​កាន់តែ​ទន់ខ្សោយ​ទៅៗ​។​
 
​ចលនា​ចំណាកស្រុក​បាន​បង្ក បញ្ហា​ស្មុគស្មាញ យ៉ាងច្រើន​។ កង្វះ​ការងារ​ដែលមាន​ប្រាក់បៀវត្សរ៍​សមរម្យ ជា​មូលហេតុ​ចំបង​មួយ​។ ចំណាកស្រុក​ទៅ​ក្រៅប្រទេស គឺ​បាន​បង្កបញ្ហា​ប្រឈម​ជាច្រើន​ដូចជា ការមិន​ស្គាល់​ទំនៀមទម្លាប់វប្បធម៌ របៀបរបប​រស់នៅ ច្បាប់ និង​ភូមិសាស្ត្រ បានធ្វើ​ឲ្យ​អ្នក​ចំណាកស្រុក​មួយចំនួនធំ​ជួប​ការលំបាក​ក្នុងនោះ​រួមមាន​៖ ការចាញ់បោក​មេខ្ស​ល់​យកទៅ​ជួញដូរ​កម្លាំង​ពលកម្ម ក្លាយជា​ទាសករ​ផ្លូវភេទ ការរំលោភ​សិទ្ធិមនុស្ស​និង​ការធ្វើ​បាប​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ខ្លះ បាត់បង់​ជីវិត​។ ខ្លះ​មាន​ជំងឺ​ខូច​សតិ ខ្លះ​មាន​ផ្ទុក​គ្រឿងញៀន​មកជា​មួយ ព្រមទាំង​មិនបាន​ចំណូល​សម្រាប់​គ្រួសារ​ទៀតផង​។ 
 
​បច្ចុប្បន្ន ក្នុងភូមិ​នីមួយៗ មាន​សភាព​ស្ងាត់ជ្រងំ គឺមាន​តែ​តា​យាយ​ដែលមាន​វ័យ​ចំណាស់ និង   ក្មេង​តូចៗ ដែល​ម្តាយ​ឪពុក​របស់​ពួកគេ​បាន​ផ្ញើ​ឲ្យ​មើលថែ ដោយសារតែ​ពួកគេ​ជាប់រវល់​ធ្វើការ​នៅ​បរទេស​។ យុវជន យុវតី ដែលជា​វ័យ​ពេញកម្លាំង​បាន​ទៅ​រៀន និង​ធ្វើការ​ក្រៅ​មូលដ្ឋាន បានធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​មាន​កាន់តែ​តិច​នៅក្នុង វិស័យ​កសិកម្ម​។​
 
​ការបង្កើត​រោងចក្រ​កាត់ដេរ​រីក​ដេរដាស​នៅ​កម្ពុជា បាន​អូសទាញ​កម្លាំង​ពលកម្ម​ស្ត្រី​ខ្មែរ​ជាង​៧០​ម៉ី​ន​នាក់​។ ការរីកចម្រើន​នៃ​វិស័យ​សំណង់​នៅតាម​ទីប្រជុំជន និង​ទីក្រុង បាន​អូសទាញ​យុវជន​ឲ្យ​ធ្វើ​ចំណាកស្រុក​យ៉ាងច្រើន​។ ចំណែក​ប្រទេស​ថៃ បាន​ច្បាម​យក​កម្លាំង​ពលកម្ម​កម្ពុជា​ទាំង​ស្របច្បាប់​នឹង​ខុសច្បាប់​ជាង​៨០​ម៉ឺន​នាក់​។ ប្រទេស​កូរ៉េខាងត្បូង បាន​ទាញយក​កម្លាំង​ពលកម្ម​ប្រហែល​ជាង​៣​ម៉ឺន​នាក់ និង​ប្រទេស​មួយចំនួន​ផ្សេងទៀត​។ 
 
​យុវជន​កម្ពុជា ដែល​បាន​ប្រមូល​ផ្តុំគ្នា នៅតាម​ទីប្រជុំជន ទីក្រុង និង​នៅក្រៅ​ប្រទេស បាន​បន្សល់​នូវ​ភាព​សោះកក្រោះ​នៅ​ស្រុក​ស្រែចម្ការ​។ ការធ្វើ​ចំណាកស្រុក បានធ្វើ​ឲ្យ ធនធាន​កម្លាំង​ពលកម្ម​របស់​ខ្មែរ    ខ្វះ​ក្នុងស្រុក​។ ប្រជាជន​ខ្មែរ ទាំងចាស់ ទាំង​ក្មេង​មាន​ប្រមាណ​១៥​លាន​នាក់​។​
 
​ការ​ចំណាកស្រុក បានធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​ចំណូល មក​ចិញ្ចឹម​គ្រួសារ និង​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​។ កន្លងមក របាយការណ៍​អង្គការ​ការងារ​អន្តរជាតិ​(ILO) បាន​រកឃើញថា ពលករ​ទេ​ស្ត​ប្រវេសន៍​នៅ​ប្រទេស​ថៃ បាន​ផ្ញើ​ជា​សាច់ប្រាក់​ចូលមក​កម្ពុជា​ប្រមាណ​៤៥​លាន​ដុល្លា​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ការលក់​កម្លាំង​ពលកម្ម​ទៅ​ក្រៅប្រទេស បានធ្វើ​មាន​បញ្ហា​សង្គម​ជាច្រើន​កើតឡើង ក្នុងនោះ​មានដូចជា កង្វះ​ពលកម្ម​ក្នុងស្រុក ការបែកបាក់​គ្រួសារ សាច់ញាតិ​ត្រូវ​រស់នៅ​ឆ្ងាយ​ពីគ្នា​ជាដើម​។ លើសពីនេះ ការ​ចំណាកស្រុក​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា មាន​ភាព​រង្គោះរង្គើ ពីព្រោះ​យុវជន​ដែលជា​កម្លាំង​ស្នូល​សម្រាប់​អភិវឌ្ឍ​សង្គម ត្រូវបានធ្វើ ចំណាកស្រុក​ទៅធ្វើ​នៅ​ប្រទេស​ដទៃ​ស្ទើរ​គ្មាន​សល់​។​
 
​ដូច្នេះ រដ្ឋាភិបាល​កម្ពុជា គួរតែ​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ ដោយ​បង្កើត ការងារ​នៅក្នុង​ស្រុក​តាមរយៈ ការជំរុញ​កំណើន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដូចជា បង្កើត​រោងចក្រ​កែច្នៃ ការបណ្តុះបណ្តាល​ឲ្យ​ពលរដ្ឋ​មានចំណេះដឹង​លើ​បច្ចេកទេស​កសិកម្ម និង​កែប្រែ​ប្រព័ន្ធ​ធា​រាស្ត្រ​ឲ្យ​មាន​លក្ខណៈ​ទំនើប​ជាដើម​។ ការបង្កើន​ការងារ​ដាំ​ដុះ​ឡើងវិញ នឹង​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​បៃតង និង​មាន​ផលិតផល​កសិកម្ម​ចម្រុះ ដើម្បី​បម្រើ​សេចក្តីត្រូវការ​នៅក្នុង​ស្រុក និង​ធ្វើ​ការនាំ​ចេញទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ​។ លើសពីនេះ វិស័យនេះ មិន​ត្រឹមតែ​បង្កើត​ការងារ​ដល់​ពលរដ្ឋ និង​កាត់បន្ថយ​ចលនា​ចំណាកស្រុក​នោះទេ​។ ប៉ុន្តែ​ការនាំចេញ​ផលិតផល​កសិកម្ម​នឹង​ជួយ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ​បាន​មួយចំណែក​ធំ​ផងដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com