កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក កែវ សំអាង ពី​អ្នក​សម្តែង​ល្ខោនបាសាក់​ទៅជា​គ្រូបង្វឹក​កីឡាប្រដាល់​
16, Nov 2015 , 7:19 am        
រូបភាព
ដោយ:
 
​លោក កែវ សំអាង ជា​គ្រូបង្វឹក​កីឡាប្រដាល់​ប្រចាំ​ក្លិប​ដំបងក្រញូង​កីឡា​ខេត្តបាត់ដំបង និង​ជា​ឪពុក​បង្កើត​របស់ កែវ រំ​ចង់ ដែលជា​កីឡាករ​ជើង​ខ្លាំង​មួយរូប​នៅ​កម្ពុជា​។ បុរស​វ័យ​អាយុ ៥៧​ឆ្នាំ​រូបនេះ មិន​ត្រឹម​តែមាន​ប្រវត្តិ​ជា​កីឡាករ​ប្រដាល់​នៅតាម​ជាយដែន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អតីត​តួឯក​ល្ខោនបាសាក់​ប្រចាំ​សមាគម​សិល្បៈ​ល្ខោនបាសាក់​អូ​តា​គាំ​៣ ក្នុង​ទី​រួម​ខេត្តបាត់ដំបង​ផងដែរ​។​

 
«​នៅ​ឆ្នាំ​១៩៧៩ ឪពុកមា​របស់ខ្ញុំ លោក កែវ នាង បាន​បង្កើត​ក្រុម​ល្ខោនបាសាក់​មួយ​មាន​ឈ្មោះថា សមាគម​សិល្បៈ​ល្ខោនបាសាក់​អូ​តា​គាំ​បី​ទី​រួម​ខេត្តបាត់ដំបង ហើយ​ខ្ញុំ​ក៏បាន​ធ្វើជា​តួ​សម្តែង​នៅក្នុង​សមាគម​នោះ​ផងដែរ បន្ទាប់មក ឪពុកមា​របស់ខ្ញុំ​បាន​បង្កើត​ក្លិប​ប្រដាល់​សិល្បៈ​កីឡា​ខេត្តបាត់ដំបង​មួយទៀត ហើយ​ពេលនោះ​ខ្ញុំ​ធ្វើជា​តួ​សម្តែង​ល្ខោនបាសាក់​ផង និង​ជា​អ្នក​ប្រដាល់​ផង​»​។ នេះ​ជាការ​ថ្លែង​រៀបរាប់​ដំណើរ​ជីវិត​ពី​អតីតកាល​របស់លោក កែវ សំអាង​។​
 
​គ្រូបង្វឹក​ក្លិប​ដំបងក្រញូង​កីឡា​ខេត្តបាត់ដំបង​រូបនេះ បាន​ពន្យល់​ពី​មូល​ហេតុដែល​ទាក់ទង​ទៅនឹង​ការបោះបង់​អាជីព​ជា​អ្នក​សម្តែង​ល្ខោនបាសាក់ និង​អ្នក​ប្រដាល់​មក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​ថ្មី​នេះ​ថា​៖«​លុះ​សម្តែង​ដល់​ឆ្នាំ​១៩៨៤ វង់​ល្ខោនបាសាក់​អូ​តា​គាំ​បី​ខេត្តបាត់ដំបង បាន​ជួប​បញ្ហា​ការលំបាក និង​ភាពខ្វះខាត ដោយ​ក្នុង​ក្រុម​មានការ​ច្រណែនឈ្នានីស​គ្នា រហូត​ធ្វើឱ្យមាន​ការបែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​ដោយសារ​មិនមាន​ការយកចិត្តទុកដាក់​ជួយឧបត្ថម្ភ​ពី​មន្ទីរ​ឃោសនាការ​ខេត្តបាត់ដំបង វង់​ល្ខោន​នោះ​ក៏បាន​រលាយ​សាបសូន្យ​ទៅ​»​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក កែវ សំអាង បាន​អះអាងថា លោក​មិនបាន​ចេញពី​ពិភព​ល្ខោនបាសាក់​ភ្លាមៗ​នោះឡើយ ដោយសារ​ការស្រឡាញ់​វិស័យ​សិល្បៈ ចង់​រក្សា​ស្នាដៃ​របស់​ឪពុកមា  និង​បទពិសោធន៍​ខ្លួនឯង​ផ្ទាល់​នោះ លោក​បាន​បង្កើត​ក្រុម​សិល្បៈ​ល្ខោនបាសាក់​ផ្ទាល់ខ្លួន​មួយ ដោយ​ធ្វើការ​ដឹកនាំ និង​សម្តែង​ជា​តួឯក​ដោយ​ខ្លួនឯង​ផ្ទាល់​។  
 
 
​លោក​បាន​បន្ថែមទៀតថា​៖ «​លុះដល់​អំឡុង​ឆ្នាំ​១៩៩៣  ពេលនោះ​លោកឪពុក​របស់ខ្ញុំ​គាត់​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង ស្របពេល​ដែលមាន​បញ្ហា​នៅក្នុង​ក្រុម​សិល្បៈ​ផង​នោះ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​រំសាយ​ក្រុម​ល្ខោនបាសាក់​របស់ខ្ញុំ​តែម្តងទៅ ហើយ​បន្ទាប់មក​ខ្ញុំ​ក៏​យក​សម្ភារៈ​ប្រដាប់ប្រដា​សមាគម​សិល្បៈ​ល្ខោនបាសាក់ និង​ក្លិប​ទាំង​នោះមក​ដាក់​នៅផ្ទះ​រប​ស់​ខ្ញុំ​។ ដោយមាន​ការសោកស្តាយ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បង្កើត​របស់ខ្ញុំ និង​ឪពុកមា ខ្ញុំ​បាន​សម្រេចចិត្តថា​នឹង​បើក​ក្លិប​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ​បន្តទៀត ប៉ុន្តែ​ខ្ញុំ​នឹង​បោះបង់​ការសម្តែង​ល្ខោន​បាក់​ចោល ដោយសារ​គិតថា​ការសម្តែង​ល្ខោនបាសាក់​វា​មានការ​លំបាក​ខ្លាំង គ្មាន​ទីតាំង​ច្បាស់លាស់ និង​គ្មាន​ការជួយជ្រោមជ្រែង​មន្ទីរ​សិល្បៈ​ខេត្ត​។ ចំណែក​ក្រុម​សិល្បៈ​ដែល​សម្តែង​ឱ្យ​ក្រុម​នោះ​ក៏បាន​ទៅ​សម្តែង​ឱ្យ​ក្រុម​ផ្សេងៗ​»​។​
 
​លោក កែវ សំអាង បានបញ្ជាក់​ទៀតថា បន្ទាប់ពី​គាត់​បាន​រត់​ឯកសារ​សុំ​ការអនុញ្ញាត​ក្នុង​ការបើក​ក្លិប​ទៅ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក៏បាន​អនុញ្ញាត ពេលនោះ​លោក​ក៏បាន​បង្កើត​ក្លិប​មួយ​ដែលមាន​ឈ្មោះថា ដំបងក្រញូង​កីឡា​ខេត្តបាត់ដំបង រហូតមកដល់​បច្ចុប្បន្ន​នេះ​។  នៅពេល​ចាប់ផ្តើម​បើក​លើកដំបូង​ក្លិប​របស់លោក​មាន​សិស្ស​ចូលមក​ហាត់​ជិត​៦០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​សិស្ស​ដែល​កំពុង​ហាត់​មាន​ត្រឹមតែ​ជិត​២០​នាក់​ប៉ុណ្ណោះ​។​
 
​លោកគ្រូ​ម្នាក់នេះ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការថយចុះ​នេះ​ថា  ក្នុងចំណោម​សិស្ស​ដែល​ចូល​ហាត់ អ្នកខ្លះ​ហាត់​ដើម្បី​តែ​ការពារ​ខ្លួន អ្នកខ្លះ​ហាត់​ដើម្បី​សុខភាព និង​ខ្លះទៀត​ហាត់​ដើម្បី​ធ្វើការ​ប្រកួត​នៅតាម​ជាយដែន និង​តាម​ប៉ុស្តិ៍​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​សិស្ស​មួយ​នៅពេល​មាន​ប្រពន្ធ​ពួកគេ​ក៏​បោះបង់ចោល និង​អ្នក​ខ្លះទៀត​ដោយសារ​មិនមាន​ការតស៊ូ​ក៏​បោះបង់ចោល​តែម្តង ។   
 
​លោក​កែវ​សំអាង​បានបញ្ជាក់​ផងដែរ​ថា នៅពេលដែល​កូនសិស្ស​របស់គាត់​ឡើង​ប្រកួត​ម្តងៗ​គាត់​ទទួលបាន​តម្លៃ​ក្លិប​ចំនួន ១៥​ដុល្លារ ហើយ​សម្រាប់​ប្រាក់​តម្លៃ​ខ្លួន​កីឡាករ​លោក​មិនដែល​យក​នោះទេ តែមាន​ពេលខ្លះ​កូនសិស្ស​ដែល​ឡើង​ប្រកួត​មាន​ទឹកចិត្ត​ក៏បាន​ឱ្យប្រាក់​បន្ថែម​មួយចំនួន​ផងដែរ​។ សម្រាប់​សិស្ស​ដែល​ចូលមក​ហាត់​នៅក្នុង​ក្លិប​របស់លោក​តម្រូវឱ្យ​បង់ប្រាក់​មួយចំនួន ប៉ុន្តែ​ការបង់ប្រាក់​គាត់​មើល​ទៅលើ​កម្រិតជីវភាព​របស់​កីឡាករ​ទាំងនោះ​។ 
 
​សម្រាប់​ប្រាក់​ដែល​បានមកពី​ការបង់ថ្លៃ និង​សិស្ស​ឱ្យ​ទាំងនោះ​គាត់​យកទៅ​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ និង​សម្ភារៈ​កីឡា ព្រោះ​ការបើក​ក្លិប​នេះ​ទាំង​ការទិញ​សម្ភារៈ និង​ថ្ងៃ​ម្ហូប​អា​ហរ គឺ​គាត់​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​។​
 
​លោកគ្រូ​បង្វឹក​ម្នាក់នេះ​បានឱ្យដឹង​ទៀតថា ក្លិប​កីឡា​របស់គាត់​មិន​ត្រឹមតែ​ជា​កន្លែង​បង្ហាត់​សិស្ស​ដើម្បី​យកលុយ និង​ឡើង​ប្រដាល់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​រក្សា​នូវ​កេរតំណែល​ក្បាច់គុន​បុរាណ​ខ្មែរ​របស់​ដូនតា​យើង ជាពិសេស​ជួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម ដូចជា​ជួយ​ណែនាំ អប់រំ​មនុស្ស​មិន​ប្រព្រឹត្តិ​អំពើ​អបាយមុខ និង​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​មួយចំនួនទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​បាន​ចំណាយ​ថវិកា​ដែល​បានមកពី​ការបើក​ក្លិប​នេះ​ជួយ​ដល់​ក្រុម​កុមារកំព្រា និង​ជនអនាថា​ថែម​ទៀតផង​។ ហើយ​មានពេលខ្លះ​គាត់​ក៏បាន​បញ្ជូន​កីឡាករ​ឱ្យទៅ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​បុណ្យប្រពៃណី​បុណ្យជាតិ​ផ្សេងៗ​ទៀតផង​។ 
 
​លោក កែវ សំអាង បាន​ប្រាប់​ពី​គោលជំហរ​ទៅ​ថ្ងៃ​អនាគត​របស់ខ្លួន​ថា​៖ «​នៅ​ថ្ងៃ​អនាគត​ខ្ញុំ​មិនមាន​បំណង​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ជា​គ្រូបង្វឹក​នោះទេ ទោះបី​ខ្ញុំ​ចាស់​យ៉ាងណាក៏ដោយ​ខ្ញុំ​នៅតែ​ស្រលាញ់​វិស័យ​កីឡា ប្រសិនបើ​ខ្ញុំ​ចាស់​ធ្វើ​អ្វី​មិនកើត​ខ្ញុំ​នឹង​ចាត់​កូន​ឱ្យធ្វើជា​តំណាង ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ពន្យល់ និង​ផ្តល់​គំនិត​យោបល់​ប៉ុណ្ណោះ​»៕

Tag:
 កែវ សំអាង
© រក្សាសិទ្ធិដោយ thmeythmey.com