ជាតិ
សង្គមជាតិ
សមាគម​ចុងភៅ​រៀបចំ​ពិ​ពណ៌​ផលិតផល​ក្នុងស្រុក​លើកកម្ពស់​ស្នាដៃ​កសិករ​ខ្មែរ
18, Nov 2015 , 10:45 am        
រូបភាព
សៀមរាប៖ សមាគម​ចុងភៅ​កម្ពុជា នឹង​រៀបចំ​ការតាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​ជាថ្មីទៀត ក្នុង​បំណង​លើកកម្ពស់​ស្នាដៃ​ផលិតផល​របស់​កសិក​រ​ខ្មែរ។ ពិ​ពណ៌​ដែល​គ្រោង​ធ្វើ​នៅ​ដើមខែ​ធ្នូ ក៏មាន​បំណង​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំងអស់ ចាប់អារម្មណ៍​នឹង​បន្លែ ផ្លែឈើ​ក្នុងស្រុក ជាជាង​យក​ផលិតផល​ទាំងនោះ​មកពី​ខាងក្រៅ។



ពិ​ពណ៌​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​លើក​ទី២ រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី២ ដល់​ថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ ពិ​ពណ៌​នេះ មានបំណង​លើកកម្ពស់​ស្នាដៃ​កសិករ​ខ្មែរ ជាពិសេស​ផលិតផល​ក្នុងស្រុក ដែល​ប្រើប្រាស់​ជីធម្មជាតិ​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព។ មួយវិញទៀត ការតាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​នេះដែរ ក្នុង​បំណង​រក​ទីផ្សារ​ឲ្យ​កសិករ​ខ្មែរ​ផងដែរ។

លោក ហៃ វុទ្ធី ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ដែលជា​អ្នក​ផ្តួចផ្តើម​រៀបចំ​ពិ​ពណ៌​ផលិតផល​ក្នុងស្រុក បាន​រៀបរាប់ត្រួសៗថា ពិ​ពណ៌​ដែល​គ្រោង​ធ្វើ​នៅ​ដើមខែ​ក្រោយនេះ​ថា មាន​អង្គការ និង​សមាគម ដែល​ជ្រោមជ្រែង​លើកកម្ពស់​ទំនិញ​ក្នុងស្រុក​ប្រមាណ​ជិត២០ ចូលរួម។ ពិ​ពណ៌​ដែល​រៀបចំឡើង​នៅ​ទីធ្លា​សួនច្បារ Grand Hotel សង្ឃឹម​នឹង​អាច​ទាក់ទាញ​មនុស្ស​ច្រើន​ចូលរួម។ ក្នុងនោះ​សមាគម​ចុងភៅ គ្រោង​នឹង​យក​បន្លែ ត្រី សាច់ ក្នុង​ពិធី​ពិ​ពណ៌​នេះ ដើម្បី​រៀបចំ​ការប្រកួត​ធ្វើ​ម្ហូប​ផងដែរ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ហៃ វុទ្ធី។

លោក ហៃ វុទ្ធី បន្ត«ដោយសារ​មានបទពិសោធន៍​ច្រើន កាលពី​ឆ្នាំទៅ យើង​រំពឹងថា ឆ្នាំ​ទី២របស់​យើង នឹង​ទទួលបាន​លទ្ធផល​ល្អ។ គួបផ្សំ​នឹង​ទីតាំង​ថ្មី ធំ​ទូលាយ ដែលជា​លក្ខ​ខ័​ណ្ឌ​ល្អ សម្រាប់​ការតាំង​បង្ហាញ​ផលិតផល​របស់​យើង»។ កាលពី​ឆ្នាំទៅ មាន​ផលិតផល​ជាច្រើន ដាក់តាំង​បង្ហាញ​ក្នុង​ពិ​ពណ៌ ដែល​រៀបចំឡើង​ក្នុង​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ។ ក្នុងនោះ មាន​ស្ក​ត្នោត ស្រូវ អង្ករ បន្លែ​ច្រើន​មុខ ចេក និង​ផលិតផល​កែច្នៃ​ជាច្រើន​មុខ​ទៀត មាន​ស្រា​អង្ករ​ជាដើម។

ពិ​ពិ​ណ៌​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក ជា​ឳ​កាស​ធ្វើ​ឲ្យ​កសិករ​និង​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន ជួប​និង​ស្គាល់គ្នា។ ពួកគេ​ស្គាល់ និង​ដឹង​ទាំង​ផលិតផល ដែល​កសិករ​មាន ងាយស្រួល​បញ្ជា​ទិញ។ នេះ​ជាការ​មើលឃើញ​របស់​ប្រធាន​សមាគម​ចុងភៅ មុននឹង​លោក​លើកយក​ឧទាហរណ៍​នៅក្នុង​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា។ ក្នុងនាម​ជា​ប្រធាន​ចុងភៅ ក្នុង​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា លោក ហៃ វុទ្ធី អះអាង ក្នុង​មួយថ្ងៃ​ប្រើប្រាស់​ស្លឹកចេក​មិន​ក្រោម១០គីឡូក្រាម​ឡើយ ដោយ​មិន​រាប់ទាំង​បន្លែផ្សេងៗទៀត​នោះ។

គួរ​បញ្ជាក់ថា សមាគម​ចុងភៅ​កម្ពុជា ត្រូវគេ​ស្គាល់​ច្បាស់​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ នំអន្សម​យក្ស ដែល​បាន​ចូលក្នុង​កំណត់ត្រា​ពិភពលោក ក៏​ដោយសារ​ស្នាដៃ​របស់​ក្រុម​ចុងភៅ ក្នុង​សមាគម​នេះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com