ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ សភា និង​លោក ញ៉យ ចំរើន បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេល​វិល​មក​កម្ពុជា​វិញ
19, Nov 2015 , 8:19 pm        
រូបភាព
​ដោយ​រង​នៅ​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​ជនដៃដល់​មួយក្រុម លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅតែ​ញញើត និង​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​របស់ខ្លួន នៅពេល​ពួកលោក​ត្រឡប់​មកកាន់​កម្ពុជា​វិញ​។​



​លោក គង់ សភា និង​លោក ញ៉យ ចំរើន នឹង​វិលត្រឡប់​ទៅកាន់​កម្ពុជា​វិញ ក្រោយពី​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ប៉ុន្តែ អ្វីដែល​តំណាងរាស្ត្រ​ទាំងពីរ​នេះ នៅតែ​ព្រួយបារម្ភ​នោះ គឺ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន ដោយសារតែ​ជនល្មើស​ដែល​បាន​វាយដំ​ពួកលោក នៅ​មិនទាន់បាន​ចាប់ខ្លួន​នរណាម្នាក់​ពី​សំណាក់​អាជ្ញាធរ​នៅឡើយ ក្រៅតែពី​ជនសង្ស័យ ៣​នាក់​ចេញ​មុខមក​សារភាព​នោះ​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក គង់ សភា បាន​សម្តែង​ក្តីកង្វល់​បែបនេះ​ថា​៖ «​រហូតមកដល់​ពេលនេះ​ជនដៃដល់​មិនទាន់បាន​ចាប់ខ្លួន​នរណាម្នាក់​នៅឡើយ ក្រៅពី​ជនល្មើស​៣​នាក់ ដែលមាន​គេ​នៅ​ពី​ក្រោយខ្នង និង​រៀបចំ​ឲ្យ​ចូល​សារភាព​នោះ​។ ដូច្នេះ​ពួក​ខ្ញុំ​នៅតែ​ព្រួយបារម្ភ​ពី​បញ្ហា​សុ​វត្ថ​ភាព​សន្តិសុខ ក្រោយពី​ត្រឡប់​ទៅ​កម្ពុជា​វិញ​»​។​

​តំណាង​រា​ស្ត​ជា​ជនរងគ្រោះ​រូបនេះ នៅតែ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្វះស្វែង ចាប់ខ្លួន​ជនដៃដល់​ឲ្យ​មាន​ប្រសិទ្ធិភាព​និង​ឆាប់រហ័ស​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួកលោក ជា​ជនរងគ្រោះ និង​អ្នកតំណាងរាស្ត្រ​ទាំងមូល​។​

​សូម​រម្លឹកថា លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​វាយដំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន អ្នកតំណាងរាស្ត្រ​ទាំងពីរ​រូបនេះ កំពុងតែ​សម្រាក​ព្យាបាល​ជំ​ងី​នៅ​ប្រទេស​ថៃ​។ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនដៃដល់​បីនាក់ ចូល​បង្ហាញខ្លួន​ចំពោះមុខ​សមត្ថកិច្ច និង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ពួកគេ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ការចោទប្រកាន់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​ស្ថាន​ទម្ងន់ទោស​៕


Tag:
 នយោបាយ​ គង់ សភា
  ​ញ៉យ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com