អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី​គ្លី​តុ​ន ស្នើ​ឲ្យ​លោក​អូ​បា​ម៉ា​បញ្ឈប់​ការប៉ុនប៉ង​ទម្លាក់​លោក អាសាដ​ពី​តំណែង
21, Nov 2015 , 3:53 pm        
រូបភាព

លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ថ្លែងថា​រដ្ឋាភិបាល​អាមេរិក​គួរ​ឈប់​ផ្តោតលើ​គម្រោង​ទម្លាក់​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ហើយ​គួរ​ត្រលប់មក​ផ្តោតលើ​ការ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។ ឯ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅតែ​អះអាងថា ដើម្បី​ឈ្នះ​ភេរវជន​ទាល់តែ​មាន​ដំណោះស្រាយ​នយោបាយ​ស៊ី​រី តែ​ដើម្បី​មាន​ដំណោះស្រាយ​នយោបាយ​ទាល់តែ​លោក​អាសាដ​ចេញពី​តំណែង។



បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានលើកឡើង​ក្នុង​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​មុន​បោះឆ្នោត​ប្រធានាធិបតី​ថា រដ្ឋាភិបាល​អាមេរិក​គួរ​ឈប់​គិតគូ​បន្ត​គម្រោង​ផ្តួលរំលំ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ហើយ​ត្រលប់មក​ផ្តោតលើ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​វិញ។

លោកស្រី​អតីត​ប្រមុខ​ការទូត​អាមេរិក​រូបនេះ បាន​ពន្យល់ថា សហរដ្ឋអាមេរិក​មិនគួរ​ចំណាយ​កម្លាំង​គិតគូរ​លើ​រឿង​ទម្លាក់​លោក អាសាដ ពី​តំណែង​ឡើយ ព្រោះ​ការប្រើប្រាស់​កម្លាំង​មិនអាច​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​បានឡើយ។ ដែល​វា​មានន័យថា មានតែ​ដំណោះស្រាយ​នយោបាយ​មួយ​ប៉ុណ្ណោះ​ទើប​អាច​នាំ​សង្គ្រាមស៊ីវិល​ដែល​អូសបន្លាយ​រាប់​ឆ្នាំនេះ​ឲ្យ​ដល់ទី​បញ្ចប់​បាន។ លោកស្រី​បាន​បន្ថែមថា ជាជាង​ចំណាយពេល​លើ​រឿង​ដែល​មិនអាច​ទទួលជោគជ័យ​បាន​នោះ រដ្ឋាភិបាល​អាមេរិក​គួរ​ដាក់ចិត្ត​ដាក់​កាយ​ផ្តោតអារម្មណ៍​លើ​យុទ្ធសាស្ត្រ​និង​វិធានការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ទៅវិញ​ទើប​ប្រសើរ​ជាង។

ចំណែក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​កំពុង​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់តំបន់ៗនោះបាន​អធិប្បាយ​ថា ដំណោះស្រាយ​បញ្ហា​ស៊ី​រី ជា​ចំណុច​ស្នូល​ដើម្បី​ឈានទៅ​បញ្ចប់​ចលនា​ភេរវជន​ជ្រុលនិយម។ តែ​លោក អះអាងថា វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​សម្រេចបាន​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ស៊ី​រី​នេះ។  ប៉ុន្តែ​ជាថ្មី​ម្តងទៀត ប្រធានាធិបតី​អាមេរិក​បាន​សង្កត់ធ្ងន់​ថា ដំណោះស្រាយ​នេះ​មិន​ចេញ​រូបរាង​ឡើយ​ដរាបណា​លោក បា​សា អាល់​អាសាដ នៅ​បន្ត​ក្នុង​តំណែង​នោះ។

បច្ចុប្បន្ននេះ​បណ្តា​អ្នកការទូត​ពាក់ព័ន្ធ​កំពុង​រៀបចំ​កិច្ចពិភាក្សា​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅ​ស៊ី​រី​នៅ​ទីក្រុង​វ្យ៉ែ​ន​ប្រទេស​អូទ្រីស។ ហើយ​ការជជែក​គ្នា​ភាគច្រើន​ផ្តោតលើ​ការបង្កើត​បទ​ឈប់​បាញ់​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​សម័យ​អន្តរកាល​និង​ការរៀបចំ​បោះឆ្នោត​រើស​មេដឹកនាំ​ស៊ី​រី​ជាដើម។ គេ​ឃើញ​មានការ​អនុវត្ត​បទ​ឈប់​បាញ​រវាង​ទាហាន​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ដោយ​តំបន់ ប៉ុន្តែ​គេ​រំពឹងថា​ក្នុងពេលឆាប់ៗគេ​នឹង​អាចមាន​លទ្ធភាព​សម្រេច​បាន​បទ​ឈប់​បាញ់​ទូទាំងប្រទេស​ផង។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​រុស្ស៊ី មិន​ជឿជាក់ថា ការបង្ខំ​ឲ្យ​អាសាដ​ចុះ​ចេញពី​តំណែង អាចជួយ​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​បានឡើយ។ ហើយ​សម្រាប់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ការជ្រៀតជ្រែក​របស់លោក​ខាងលិច​ជា​កំហុសឆ្គង​ធំ ហើយ​ការកំណត់​វាសនា​របស់​ប្រទេស​ស៊ី​រី​គួរ​ទុក​ឲ្យ​ប្រជាជន​ស៊ី​រី​កំណត់​ខ្លួនឯង​ចុះ។ លោក ពូ​ទីន អះអាងថា អ្វីដែល​រុស្ស៊ី​ចង់បាន​បច្ចុប្បន្ន​គឺ​ជួយ​ពង្រឹង​រដ្ឋាភិបាល​ស៊ី​រី និង​ស្ថាប័ន​សន្តិសុខ ដើម្បី​ឈានទៅ​កម្ចាត់​ភេរវជន។  ទោះ​អាមេរិក​នៅ​រក្សា​ជំហរ​ទុក​អាសាដ ជាស​ត្រូវ​ក៏ដោយ កន្លងមក ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​អះអាង​ហើយ​ថា បារាំង​ត្រឹមតែ​ចាត់ទុក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជាស​ត្រូវ​ប៉ុណ្ណោះ មិនមែន​រដ្ឋាភិបាល​លោក អាសាដ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com