ពីនេះ ពីនោះ
រវាង​ការវិនិយោគ​គំនិត​ឬ​ចំណេះដឹង និង​បញ្ជូន​យុវជន​ធ្វើជា​ពលករ​ទៅ​ក្រៅប្រទេស​មួយណា​ល្អ​?
27, Nov 2015 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រទេសមួយ​ដែល​ខ្លាំង ដែល​រឹងមាំ​គឺ​អាស្រ័យ​លើ​អំណាច​សេដ្ឋកិច្ច​រឹងមាំ យោធា​រឹងមាំ សន្ដិភាព​នយោបាយ និង​ភាពជា​ម្ចាស់ការ​លើ​អធិបតេយ្យភាព​នៃ​បូរណភាព​ទឹកដី​របស់ខ្លួន​។ ប៉ុន្តែ​ដើម្បី​កិច្ចការ​ទាំងនេះ​ទទួលបាន​ជោគជ័យ​គេ​ត្រូវ​គិត​របស់​មួយ​ដែល​សំខាន់​ជាងគេ​នោះ​គឺ កម្លាំងចលក​ដើម្បី​ទៅ​អភិវឌ្ឍន៍​ជាតិ​ដែល​គេ​តែង​ដឹង​យ៉ាងច្បាស់​ថា ធនធានមនុស្ស​។



​ដោយហេតុថា​ប្រទេស​ឆ្លងកាត់​សម័យកាល​ច្របូកច្របល់​អស់​ជាច្រើន​ឆ្នាំ បានធ្វើ​ឲ្យ​វិស័យ​អប់រំ​ចេះតែ​ធ្លាក់ចុះ អ្នកចេះដឹង​កាន់តែ​តិច ហើយ​ចំណែក​អ្នកខ្លះ​ដើម្បី​ការពារ​ជីវិត​សុខចិត្ត​ធ្វើ​ចំណាក់​មាតុភូមិ​ទៅ​នៅ​ស្រុក​ក្រៅ​ដើម្បី​សាង​ជីវិត​លើទឹក​ដី​បរទេស​។ ក្រោយមក​មានការ​ប្រែប្រួល​បរិបទ​សង្គម ដោយ​ចាប់ផ្ដើម​មាន​សន្តិ​ភាពជា​លំដាប់ កំណែទម្រង់​ជាតិ​ក៏ត្រូវ​បានរៀបចំ​ជា​បណ្ដើរៗ ហើយ​ស្ថានភាព​សង្គម​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ចំណែក​វិស័យ​អប់រំ​ក៏បាន​ធ្វើកំណែទម្រង់​ជា​បណ្ដើរៗ​ផងដែរ​។

​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មាន​ការចង់​បកស្រាយ​គឺ​នៅត្រង់ថា ក្នុង​មួយឆ្នាំៗ​កម្លាំង​យុវជន ចេះតែ​នាំគ្នា​ធ្វើ​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅ​បរទេស រាប់ម៉ឺន​រាប់សែន​អ្នក ទៅធ្វើ​ការរក​ថវិការ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ មិនតែប៉ុណ្ណោះ​រដ្ឋ​ក៏​ធ្លាប់​មានការ​សាទរ​ថា កម្លាំង​ទាំងនោះ​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​បាន​យ៉ាងច្រើន​តាមរយៈ​ការផ្ញើរ​ថវិការ​មក​ស្រុកកំណើត​វិញ​ជាដើម​។ ហើយ​រដ្ឋ​ក៏​ធ្លាប់​ស្នើរ​សហការ​ជាមួយ​ប្រទេស​ដែល​ទទួលយក​កម្លាំង​ពលករ​របស់ខ្លួន ឲ្យ​នៅតែ​បន្តរ​សហការគ្នា​និង​ទទួលយក​កម្លាំង​ពលករ​ខ្លួន​ជាធម្មតា​។

​ជាការ​ពិត ប្រការ​ដែល​យុវជន​ទាំង​នោះបាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ហើយ​ផ្ញើរ​ថវិការ​មក​ស្រុកកំណើត​គឺជា​រឿង​មួយ​ដែល​ល្អ ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​នៅក្នុង​ប្រទេស​មានការ​រីក​ចម្រើន​។ ប៉ុន្តែ​កន្លងទៅ​កម្លាំង​ពលករ​ចំណាក់ស្រុក​ទាំងនោះ​ភាគច្រើន មិនមែនជា​ពលករ​ជំនាញ​នោះទេ​។ ហើយ​កម្រិតវប្បធម៌​ដែល​ទទួលបាន​ពី​ការអប់រំ​ក៏​នៅមានកម្រិត​នៅឡើយ​ដែរ​។ ក្នុងករណី​ដែល​យុវជន​ទាំងនេះ​ផុត​កង់​ត្រា​ការងារ​នៅក្រៅ​ប្រទេស​មក​ស្រុកកំណើត ពេលនោះ​គឺជា​បន្ទុក​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋ​ក្នុងការ​ស្វះ​ស្វែងរក​ទីផ្សារការងារ​ជូន​ពួកគាត់​។ មួយវិញទៀត​កម្លាំង​ទាំងនេះ​គឺជា​ចលករ​ដ៏​សំខាន់​ដើម្បី​ធ្វើជា​ឆ្អឹងខ្នង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។ ចុះ​ប្រសិនបើ​កម្លាំង​ទាំងនោះ​ក្លាយជា​ពលករ​នៅ​ស្រុក​គេ​បាត់​ហើយ តើ​ក្នុងប្រទេស​មាន​ធនធានមនុស្ស​កម្រិតណា​? ចំណែក​កម្លាំង​ពលករ​ជំនាញ​វិញ តើ​អាច​ប្រកួតប្រជែង​ជាមួយ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​បាន​គ្រប់គ្រាន់​ទេ​? ក្រោយពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ទៅ តើ​ប៉ុន្មាន​ឆ្នាំ​ទើប​អាច​ផលិត​ធនធានមនុស្ស​ជំនាញ បាន​គ្រប់គ្រាន់​សម្រាប់​ប្រកួតប្រជែង​ការងារ​ក្នុង​តំបន់​?

​កត្តា​ទាំងនេះ​គឺ​សុទ្ធតែជា​ករណី​ដែល​រដ្ឋ​ត្រូវតែ​ពិចារណា​និង​ថ្លឹងថ្លែង​រវាង​ការ​ចេះតែ​បន្តរ​បញ្ជូន​កម្លាំង​យុវជន​ឲ្យ​ធ្វើ​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង​ការខិតខំ​ប្រឹងប្រែង​វិនិយោគ​គំនិត ចំណេះដឹង ជំនាញ ជូន​ដល់​ពួកគាត់​ដើម្បី​ឲ្យ​មាន​អត្រា​នៃ​អ្នកមាន​គុណភាព​ការងារ​ពិត​អាចជួយ​សេដ្ឋកិច្ចជាតិ​បាន​ពេញលេញ និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​។​

​ការ​ពិតណាស់​កន្លងទៅ​ក្រសួង​អប់រំ​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹងគុណភាព​អប់រំ និង​បង្កើន​ការបង្រៀន​ជំនាញ​ដល់​យុវជន តែ​ក៏​មិនអាច​ចេះតែ​បន្តរ​ឲ្យ​ចំនួន​ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ចេះតែ​កើនឡើង​នោះដែរ​។ ព្រោះថា​រហូតមក​ដល់ពេលនេះ​ប្រជាពលរដ្ឋ​មួយចំនួន និង​យុវជន​មួយចំនួន​នៅតាម​ទីជនបទ ស្រុកស្រែ​ចំការ ហាក់​មិនសូវ​ឲ្យ​តម្លៃ​ចំពោះ​ការចំណាយ​ពេលវេលា​ដើម្បី​សិក្សា​រៀនសូត្រ​នោះទេ​។ ព្រោះ​ពួកគាត់​គិតថា វា​ត្រូវ​ការចំណាយ​យូរ ហើយ​រៀន​ទៅ​មិនដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា​បានធ្វើ​ការងារ​អ្វី​។ ហេតុនេះ​សុខចិត្ត​បញ្ឈប់​ការសិក្សា​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ជាការ​ល្អប្រសើរ​ជាង​។

​តាមពិត​យើង​គួរតែ​មានការ​ត្រេកអរ​ពេល​យុវជន​របស់​ប្រទេស មានការ​ងារ​ធ្វើ​កាន់តែច្រើន​នៅក្រៅ​ប្រទេស​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​យើង​បាន​បញ្ជូន​ចំនួន​មនុស្ស​ដ៏​ច្រើន​ដែល​ត្រូវ​ចូលរួម​បង្កើន​សេដ្ឋកិច្ចជាតិ​ក្នុងស្រុក ឲ្យ​ទៅធ្វើជា​ពលករ​គេ ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​គេ​មានការ​រីកចម្រើន​កាន់តែខ្លាំង​ឡើង ចំណែក​ក្នុងប្រទេស​វិញ ពេលខ្លះ​មានការ​ត្អូញត្អែ​ថា​ខ្វះ​កម្លាំង​ពលកម្ម​ទៅវិញ​។ ហេតុនេះ​គឺ​រដ្ឋ​ត្រូវ​ងាក​មក​ចាប់អារម្មណ៍​ការវិនិយោគ​គំនិត និង​ចំណេះ​ជំនាញ​ដល់​យុវជន​ឡើងវិញ បើសិនជា​អាច​ត្រូវ​ព្យាយាម​រក្សា​កម្លាំង​ពលករ​ទាំងនោះ ឲ្យ​នៅ​បំពេញការងារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​សម្រួល​ដល់​អ្នកវិនិយោគ និង​ពង្រីក​ចំណូល​ជាតិ ទាំង​តាមរយៈ​ប្រាក់ខែ​កម្មករ ក្រុមហ៊ុន​ក្នុងស្រុក និង​បង្កើន​ការងារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ជាដើម​៕


Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com