ជាតិ
សង្គមជាតិ
អ្នក​បុរាណវិទ្យា​បារាំង​ធ្វើ​បទ​បង្ហាញ​ពី​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ៤នៅ​បារាយណ៍ទឹកថ្លា
27, Nov 2015 , 10:59 am        
រូបភាព
សៀមរាប៖ លោក​បណ្ឌិត Christophe Pottier សមាជិក​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស នឹង​ធ្វើជា​វាគ្មិន ដើម្បី​បង្ហាញ​ពី​លទ្ធផល​សិក្សា​លើ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ចំនួន៤ទីតាំង នៅ​បរិវេណ​បារាយណ៍ទឹកថ្លា។ បទ​បង្ហាញ​នេះ ដើម្បី​ពន្យល់​ពី​លទ្ធផល​រយៈពេល​ប្រមាណ១៥ឆ្នាំ ដែល​សាលា​ចុង​បូព៌ា​ប្រទេស និង​អាជ្ញាធរ​ជាតិ​អប្សរា សហការគ្នា​ដើម្បី​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​តំបន់​នោះ។



បទ​បង្ហាញ​ខ្លី​មួយ ដែល​នឹង​និយាយ​ពី​គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា​បារាំង-ខ្មែរ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ។ វាគ្មិន​សំខាន់​ក្នុង​បទ​បង្ហាញ ឫ​ហៅថា បាឋកថា​នោះ នឹង​លម្អិត​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ចំនួន៤ទីតាំង ដែល​ស្ថិ​ន​នៅ​ខាង​លិ​ខ​បារាយណ៍ទឹកថ្លា ហើយ​ដែល​ត្រូវបាន​គេ​ជ្រើសរើស​ដើម្បី​ស្រាវជ្រាវ។ រមណីយដ្ឋាន​ទាំង៤ នោះ រួមមាន ពយ​តា​ចាប ប្រាសាទ​តា​សែង គោក​បេង​កណ្តាល និង​គោក​តា​ពក។ ក្រៅពីនេះ បាឋកថា​ដែល​គ្រោង​ធ្វើ​ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៣០ វិច្ឆិកា​នេះ ក៏​នឹង​លម្អិត​លើ​លទ្ធផល​ស្តីពី​ការតាំង​ភូមិករដំបូងៗនៅ​តំបន់​អង្គរ ក៏ដូចជា​ការចាប់ផ្តើម​សាងសង់​ប្រាសាទ និង​ការ​សាង​ប្រព័ន្ធធារាសាស្ត្រ ចាប់ពី​សតវត្ស​ទី៧ ដល់ទី១១ ។

ជា​បទ​បង្ហាញ ដែល​បើកទូលាយ​ដល់​សាធារណជន អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នក​សហការ​រៀបចំ​បទ​បង្ហាញ​នេះ ស្នើ​ឲ្យ​​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​សិស្ស និស្សិត​ចូលរួម​កុំបី​ខាន ដើម្បី​ជា​ចំណេះ​បន្ថែម។

គួរ​បញ្ជាក់ថា គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា​បារាំង-ខ្មែរ​នៅ​តំបន់​អង្គរ ហៅ​កាត់​ថា MAFKATA ធ្វើឡើង​នៅ​ឆ្នាំ២០០០ ក្នុង​បំណង​ស្វែងយល់​អំពី​ឲ្យ​កាន់តែ​ស៊ីជម្រៅ ពី​ការ​មក​តាំងទី និង​ការរៀបចំ​ភូមិករដំបូងៗនៅ​តំបន់​អង្គរ។ នេះ​ជា​គម្រោង​សហការ​ស្រាវជ្រាវ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ដើម្បី​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​តំបន់​រលួស និង​បារាយណ៍ទឹកថ្លា៕



Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com