ជាតិ
សុវត្តិភាព ចរាចរណ៍
បន្ទាយមានជ័យ៖ ស្លាប់១៤៧នាក់ និងរបួស៤៤០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥
× ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ នាឆ្នាំ២០១៥នេះ បានកើតឡើងចំនួន២៨៨ករណី ដែលបណ្តាលឲ្យមនុស្សប្រមាណ ១៤៧នាក់ បានស្លាប់បាត់បង់ជីវិត និង៤៤០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនកើតឡើង ដោយផ្តើមចេញពីអ្នកបើកបរយានយន្តខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបង្ហាញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៥ មានចំនួនសរុប ២៨៨ករណី ដែលបណ្តាលឲ្យមនុស្សចំនួន១៤៥នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤០នាក់។ ក្នុងឆ្នាំ២០១៤ គ្រោះថ្នាក់ចរាចរណ៍មានចំនួន៣០៦ករណី ដោយថយចុះចំនួន១៨ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៥ ។ បើទោះបីជាចំនួនគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១៥ មានការថយចុះពិតមែន ក៏ប៉ុន្តែចំនួនអ្នកស្លាប់និងរងរបួស មានការកើនឡើងទៅវិញ ដោយជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាក្រុមៗ។
លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សមត្ថកិច្ចពិនិត្យឃើញថាគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ភាគច្រើនបង្កឡើង ពីអ្នកបើកបរយានយន្តមិនគោរពច្បាប់ចរាចរណ៍ ដោយក្នុងនោះ បង្កដោយកត្តាមនុស្ស ចំនួន២៨០ករណី, កត្តាយានយន្ត៦ករណី, កត្តាអាកាសធាតុ១ករណី និងកត្តាផ្លូវ១ករណី។ លោកបន្ថែមថា ករណីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ អ្នកបង្កហេតុចំនួន១១នាក់ ជាអ្នកបើកបរ ត្រូវបានកម្លាំងនគរបាលសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយរងការិយាល័យរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមគោរច្បាប់ចរាចរណ៍ និងបើកបរដោយមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាកចរាចរណ៍នៅខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយគិតជាមធ្យម អត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ពី៥ទៅ៦ នាក់ក្នុង១ថ្ងៃ៕
Tag:
សង្គម
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com