ជាតិ
សង្គមជាតិ
អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបុណ្យ​ឆ្លងផ្លូវ​តាម​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ
30, Nov 2015 , 11:52 am        
រូបភាព
សៀមរាប៖ បុណ្យ​ឆ្លងផ្លូវ គឺជា​ពិធី​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ឃុំ​លាងដៃ។ ពិធី​នេះ​ត្រូវបាន​អ្នកភូមិ​ជឿថា អាច​នាំមក​នូវ​សេចក្តីសុខ​សប្បាយ​ដល់​ពួកគេ ប៉ុន្តែ​វា​អាច​នឹង​បង្ក​គ្រោះកាចផ្សេងៗ ប្រសិនបើ​ពុំបាន​រៀបចំ​ពិធី​នេះ​ទៅតាម​ទំលាប់។



គេ​ធ្លាប់តែ​ឃើញ​ថ្នាក់ដឹកនាំ ឫ​អ្នកធំ​មួយចំនួន ចូលរួម​កាត់​ខ្សែបូ ដើម្បី​សម្ពោធ​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ឫ​វត្ត​អារាម​ជាដើម។ ខុសពី​រូបភាព​ទាំងនោះ អ្នក​ឃុំ​លាងដៃ ដែលជា​ឃុំ​មួយ ស្ថិតក្នុង​ស្រុក​អង្គរធំ ក្នុង​តំបន់​អង្គរ នៅតែ​ប្រកាន់​ភ្ជាប់​ការរៀបចំ​ពិធីបុណ្យ​ឆ្លង ដើម្បី​សម្ពោធ​សមិទ្ធិផល​នានា​នៅក្នុង​ភូមិ។

ក្រោយពី​ទទួលបាន​ចំណងដៃ​ជា​ផ្លូវលំ ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៦០០ម៉ែត្រ ពី​អាជ្ញាធរ​ជាតិ​អប្សរា​រួចមក អ្នក​ឃុំ​លាងដៃ​បានរៀបចំ​ពិធី​ឆ្លងផ្លូវ នៅក្នុង​ភូមិ ដើម្បី​អបអរ​ចំពោះ​សមិទ្ធិផល​ល្បី។ បុណ្យ​ឆ្លង​នេះ ត្រូវបាន​អ្នក​ឃុំ រៃអង្គាស​ថវិកា​គ្នា ដើម្បី​រៀបចំ​ពិធី​ឲ្យ​អធិកអធម និង​សមស្រប​ទៅតាម​ក្បួនខ្នាត នៃ​ពិធី​ដែលមាន​តាំងពី​បុរាណកាល​មក។

មេឃុំ​លាងដៃ អ្នកស្រី ដួង ឆោម បាន​ឲ្យ​ដឹងថា បុណ្យ​ឆ្លងផ្លូវ ធ្វើឡើង​ដើម្បី​ឲ្យ​អ្នកភូមិ ក៏ដូចជា​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ផ្លូវ មាន​សេចក្តីសុខ​សប្បាយ ជៀសវាង​គ្រោះថ្នាក់ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ។ អ្នកស្រី​បន្តថា ទំលាប់​អ្នកភូមិ​អង្គរ​តាំងពី​បុរាណកាល​មក ចាំបាច់​ត្រូវ​រៀបចំ​ពិធី​នេះ ដើម្បី​បួងសួង សុំ​សេចក្តីសុខ​សប្បាយ​ដល់​អ្នកភូមិ ក៏ដូចជា​ឲ្យេះ​ជ្រះ​ស្រលះ​ក្នុង​អារម្មណ៍។ ប្រសិនបើ​ពួកគេ​មិនបាន​ធ្វើ​ពិធី​នេះ​ទេ នោះ​ពួកគេ​នឹងមាន​អារម្មណ៍​ថា មិនទាន់​បានធ្វើ​អ្វីមួយ​ឲ្យ​សម្រេច ពេញលេញ ឫ​ជ្រះ​ស្រលះ​ក្នុង​ចិត្ត​ជាដើម។


ចំណែក​លោក ហាប់ ពាង់ ចាស់​ព្រឹទ្ធ​ចា​រ្យ និង​ជា​ចៅអធិការ​វត្ត បាន​ពន្យល់​បន្ថែម​ពី​មូលហេតុ​នៃ​ការរៀបចំ​ពិធីបុណ្យ​ឆ្លង ដែល​ស្ទើរតែ​បាត់បង់​ទៅហើយ​នេះ​ថា គឺ​ក្នុង​បំណង​ចង់​ឲ្យក្មេងៗជំនាន់​ក្រោយ​បានដឹង និង​អភិរក្ស​ពិធីបុណ្យ​ពី​ដូនតា​នេះ​ត​ទៅមុខទៀត។ លោក ហាប់ ពាង់ បាន​បង្រៀន​អ្នកភូមិ​ឯទៀត ឲ្យ​ចេះ​រៀបចំ​ពិធី​នេះ ទៅតាម​លំ​អាន​នៃ​ពិធី។ តាម​ការបញ្ជាក់​របស់​លោក ហាប់ ពាង់ ក្នុង​ពិធី​ឆ្លង មាន​រៀបចំ​ជា​ពិធី​ក្រុង​ពាលី ពិធី​សូទ្រ​មន្ត ពិធីបួងសួង និង​ពិធី​ចូល​រូប​ជាដើម ដើម្បី​សួរនាំ​ថា​ការរៀប​ចំនេះ បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ឫ​នៅ។ល។ នៅពេល​យប់ ក៏មាន​ការសម្តែង​សិល្បៈ​ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​ប្រចាំ​ភូមិ​ឃុំ​ផងដែរ។

តាម​ការបញ្ជាក់​របស់​លោក ហាប់ ពាង់ ប្រសិនបើ​អ្នកភូមិ​មិនបាន​រៀប​ពិធី​ឆ្លង​នោះ​ពួកគេ​នឹង​ជួប​គ្រោះ​មួយចំនួន ដូចជា គ្រោះថ្នាក់​ចរាចរណ៍ មាន​អ្នក​លង់ទឹក​ស្លាប់​ជា​ហូរហែរ។ ទាំងនេះ​ជា​អ្វីដែល​ចាស់​ព្រឹទ្ធ​ចា​រ្យ លោក ហាប់ ពាង់ តែង​កត់សម្គាល់។

 
ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលជា​អំណោយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បម្រើ​សេចក្តីត្រូវការ​ដល់​អ្នក​ភូមិ​ចំនួន៥ភូមិ នៅក្នុង​ឃុំ​លាងដៃ។ ភូមិ​ទាំងនោះ​មាន​ភូមិ​លាងដៃ ភូមិ​ដូន​ឪ ភូមិ​តា​ប្រុក ភូមិ​សំរោង និង​ភូមិ​ភ្លង់។ តាម​ការបញ្ជាក់​របស់​មេឃុំ​លាងដៃ នៅ​រដូវវស្សា ផ្លូវ​បុរាណ​នេះ បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ នៅពេល​ពួកគេ​ធ្វើដំណើរ​មក​ប្រកប​របរ​រកស៊ី​នៅ​តំបន់​អង្គរ​ជាដើម ព្រោះ​មានទឹក​ដក់​ដោយ​កន្លែង។

គួរ​បញ្ជាក់ថា ផ្លូវលំ​ដែល​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ១ពាន់​គ្រួសារ ហើយដែលត្រូវសម្ពោធកាលពីថ្ងៃទី២៨ វិច្ឆិកានោះ គឺ​កសាងឡើង​ចេញពី​ភូមិ​លាងដៃ ទល់នឹង​ផ្លូវ​វង់​ធំ​ត្រង់ចំណុច​ខាងកើត​ប្រាសាទព្រះខ័ន៕




Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com