ជាតិ
សង្គមជាតិ
កម្ពុជា​បណ្តេញ​បរទេស​ខុសច្បាប់​៤៣១២​នាក់ ក្នុង​រយៈពេល​១១​ខែ នា​ឆ្នាំ​២០១៥​នេះ​
01, Dec 2015 , 7:59 pm        
រូបភាព
​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​៤៣១២​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន​និង​បណ្តេញចេញ ដោយ​គិត​ត្រឹម​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ក្នុងចំណោម​ជនបរទេស​ទាំងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ ដែលមាន​រហូតដល់ ៣៨៨០​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​។



​ជនបរទេស​ខុសច្បាប់​៤៣១២​នាក់ (​ស្រី​៥៥៣​នាក់​) មាន​ចំនួន​៤៨​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ ដោយ​គិត​ត្រឹម​១១​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ក្នុង​ឆ្នាំ​២០១៥​នេះ​។

​លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​មានប្រសាសន៍ថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​ចំនួន​៣៨៨០​នាក់ (​ស្រី​១១៥​នាក់​)​។ លោក​បន្ថែមថា ចំពោះ​ជនជាតិ​វៀតណាម ភាគច្រើន​ប្រកបមុខរបរ​ជាជាង​ឈើ ជាងសំណង់ ជាង​ដែន និង​ជាង​កែច្នៃ​ផ្សេងៗ ហើយ​ខ្លះទៀត​ក៏មាន​មុខរបរ​ខ្លួនឯង​ដែរ ដូចជា​បើកហាង​លក់​កាហ្វេ លក់​បាយ ជាដើម​។ ជាងនេះទៅទៀត ជនជាតិ​វៀតណាម​ខ្លះទៀត ក៏​ធ្វើជា​អ្នក​ម៉ាស្សា និង​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​ផងដែរ​»​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤ ជនអន្តោប្រវេសន៍​សរុប​ចំនួន​១៣០៧ (​ស្រី​២៧៧​នាក់​) មាន​២៤​សញ្ជាតិ ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​បណ្តេញ​ចេញពី​កម្ពុជា​។ ចំពោះ​ជនបរទេស​ខុសច្បាប់ ក្នុង​ឆ្នាំ​២០១៤ ជនជាតិ​វៀតណាម​មាន​រហូតដល់​ចំនួន​១០១៥​នាក់ (​ស្រី​២៤៥​នាក់​)៕


Tag:
 បរទេស​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com