ជាតិ
ព្រះមហាក្សត្រ៖ គោលការណ៍សមធម៌ត្រូវតែជាស្នូលនៃកិច្ចចរចាស្តីពីបម្រែបម្រួលអាកាសធាតុ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាពិធីបើកកិច្ចប្រជុំ COP21 ដោយលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏មានវត្តមានផងដែរ
× ក្នុងព្រះរាជសុន្ទរកថាជាភាសាបារាំងជាង៦នាទីកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៅកាន់មេដឹកនាំពិភពលោកនាកិច្ចប្រជុំលើកទី២១របស់សន្និសីទភាគី នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ (COP21) ថា គោលការណ៍សមធម៌ត្រូវតែជាចំណុចស្នូលនៃកិច្ចចរចារយៈពេល២សប្តាហ៍នៅទីក្រុងប៉ារីស។
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ១៥០នាក់ទៀត ត្រូវបាន ប្រធានាធិបតីបារាំង លោក Francois Hollande យាងចូលរួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស (COP21) ។
សម្រាប់កិច្ចប្រជុំពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា៖ «គោលការណ៍សមធម៌ត្រូវតែជាចំណុចស្នូលនៃការចរចាក្នុងកិច្ចប្រជុំ COP21 » ។
ព្រះករុណា ព្រះមហាក្សត្រកម្ពុជា បានលើកឡើងពីបញ្ហាធំៗនានាដែលត្រូវប្រឈមដោយសារតែការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះ រួមមាន វិស័យកសិកម្ម សុវត្ថិភាពចំណីអាហារ ប្រភពទឹក សុខភាព អន្តោប្រវេសន៍ និងភាពក្រីក្រ ជាដើម។ ព្រះអង្គបានបន្ថែមថា គោលដៅទាំង១៧ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលទើបតែត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិគួរតែប្រើប្រាស់ធ្វើជាយន្តការក្នុងកិច្ចប្រជុំ COP21 ។
ព្រះមហាក្សត្រ បានមានបន្ទូលប្រាប់មេដឹកនាំពិភពលោក ពីករណីនៅកម្ពុចា ដែលប្រជាកសិករបានរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ ជាពិសេសផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនាគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៣ ។
ជាមួយគ្នានេះផងដែរ ព្រះប្រមុខរដ្ឋ បានបញ្ជាក់ពីការប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់បញ្ហាសកលនេះ ប៉ុន្តែព្រះអង្គចង់ឲ្យមានការចូលរួមទាំងអស់គ្នា ជាពិសេសបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់។ ព្រះអង្គបានមានព្រះរាជបន្ទូលថា៖ « ចេញពីផុតពីបញ្ហានេះ គឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំ» ៕
សូមស្តាប់ព្រះរាជសុន្ទកថា ជាភាសាបារាំង រួមទាំងការប្រែសម្រួលជាភាសាអង់គ្លេស
http://unfccc6.meta-fusion.com/cop21/events/2015-11-30-14-45-leaders-event/his-majesty-norodom-sihamoni-the-king-of-cambodia
Tag:
COP21
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com