ជាតិ
សង្គមជាតិ
អ្នកជំនាញ​កំពុង​ធ្វើ​ពិ​ដាន​ឈើ​ជំនួស​ពិ​ដាន​ចាស់​ដែល​បែកបាក់​នៅ​ប្រាសាទ​អង្គរ
02, Dec 2015 , 12:08 pm        
រូបភាព
ពិដានឈើដែលអ្នកជំនាញកំពុងឆ្លាក់យកទៅបំពាក់នៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត
ពិដានឈើដែលអ្នកជំនាញកំពុងឆ្លាក់យកទៅបំពាក់នៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត
សៀមរាប៖ អ្នកជំនាញ​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ធ្វើ​ពិ​ដាន​ឈើ ដើម្បី​យកទៅ​បំពាក់​នៅ​ពិ​ដាន​ឈើចាស់ ដែល​រង​ការបែកបាក់​នៅ​ប្រាសាទអង្គរវត្ត។ ជា​ជំហាន​សាង​ល្បង ពិ​ដាន​ឈើ​ទាំងនោះ អាច​នឹងត្រូវ​បំពាក់​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​នេះ។



ជា​ជំហាន​ដំបូង អាជ្ញាធរ​ជាតិ​អប្សរា នឹង​ឆ្លាក់​ពិ​ដាន​ឈើ តាម​រចនាបថ​បុរាណ ទៅ​បំពាក់​នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ។ ពិ​ដាន​ឈើ ដែល​ស្ថិតក្នុង​ការសាកល្បង​នេះ អាចមាន​ទំហំ​ចន្លោះ​ពី ៣ទៅ៥ម៉ែត្រ។

លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី-អង្គរ​នៅ​ព្រឹក​ថ្ងៃទី២ធ្នូ​នេះ​ថា គម្រោង​ឆ្លាក់​ពិ​ដាន​ថ្មី​ទៅ​ជំនួស​ពិ​ដាន​ចាស់​នេះ គឺ​ស្ថិតក្រោម​កិច្ចសហការ​រវាង​មូលនិធិ​ប្រាសាទបុរាណ ហៅ​កាត់​ថា WMF របស់​សហរដ្ឋអាមេរិក និង​អាជ្ញាធរ​ជាតិ​អប្សរា។ លោក​បន្ថែមថា ក្រុមការងារ​បាន​យក​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នៃ​ប្រាសាទអង្គរវត្ត ដើម្បី​បំពាក់​សាកល្បង។

តាមពិតទៅ គម្រោង​នេះ​មានការ​សិក្សា​ពី​ចម្លាក់​ក្បាច់​ប្រមាណ​ជា៣ឆ្នាំ មុននឹង​ដាក់​ទៅ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី-អង្គរ ដើម្បី​ប្រជុំ​អនុម័ត។ អ្នកជំនាញ​បាន​សិក្សា​ពី​សំណល់​ចម្លាក់​បុរាណ និង​បានជ្រើសរើស​ប្រភេទ​ឈើ ឆ្លាក់​ដោយ​ល្អិតល្អន់ តែ​ប្រើ​បច្ចេកទេស ដើម្បី​ឲ្យ​ចម្លាក់ មើលទៅ​ដូច​រូប​បុរាណ។ លោក លី វណ្ណា ពន្យល់​ពី​បច្ចេកទេស​ឆ្លា​ក់ថា៖« ការយក​ចម្លាក់​ថ្មី​ទៅ​ជំនួស​ចម្លាក់​ចាស់ មិនមែន​ចេះតែធ្វើ​នោះទេ។ ការរៀប​ពិ​ដាន​ឈើ​ថ្មី​នេះ យើង​បាន​ប្រើ​បច្ចេកទេស​បាញ់​គ្រាប់​ខ្សាច់​ទៅលើ​សាច់​ឈើ ដើម្បី​មើលទៅ​រៀង​សឹក ហាក់ដូចជា​ចម្លាក់​បុរាណ​ដូច្នោះ​ដែរ»។

គម្រោង​បំពាក់​ពិ​ដាន​ឈើ​នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ នៃ​ប្រាសាទអង្គរវត្ត នឹងដាក់​ដំណើរការ​នៅ​អំឡុង​ខែ មិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដែល​ដំណាក់កាល​ដំបូង អាចមាន​ទំហំ​ពី៣ ទៅ៥ម៉ែត្រ។ ក្បាច់​ទាំងអស់ សរុប​មាន​ចំនួន១០ក្បាច់។ ប្រសិនបើ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​នោះ គម្រោង​នេះ​នឹង​បន្តទៅ​ទីតាំង និង​ប្រាសាទផ្សេងៗទៀត ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​រង​ការខូចខាត​ដូចគ្នានេះ៕



Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com