ជាតិ
សង្គមជាតិ
តំបន់​ស្នូល​ព្រែក​ទាល់ ក្លាយជា​តំបន់​អភិរក្ស​រ៉ា​ម​សារ​ទី​៤ នៅ​កម្ពុជា​
02, Dec 2015 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  រដ្ឋាភិបាល​កម្ពុជា និង​លេខាធិការដ្ឋាន​រ៉ា​ម​សា បានប្រកាស​ដាក់​ប​ញ្ជូ​ល​តំបន់​ស្នូល ព្រែក​ទាល់ គ្របដណ្តប់​លើ​ផ្ទៃដី ២១៣៤២ ហិកតា ដែលជាតំបន់​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បឹង​ទ​ន្ល​សាប ទៅជា​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ​។ តំណាង​អង្គការ​សត្វ​ស្លាបចង់ឃើញ តំបន់​ស្នួល​ព្រែក​ទាល់ក្លាយជា​តំបន់​អច្ឆរិយ​ធម្មជាតិ នៃ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​ ​២០១៥​នេះ​។​



បើតាម​ប្រកាស​ព័ត៌មាន​ក្រសួងបរិស្ថាន មូល​ហេតុដែល​រដ្ឋាភិបាល​សម្រេច​ប​ញ្ជូ​ល​តំបន់​ស្នូល ព្រែក​ទាល់ ជា​តំបន់​រ៉ា​ម​សារ ពីព្រោះ​តំបន់​នេះ ជា​ជម្រក​សត្វ​ស្លាប​ធំ​តែមួយគត់ នៅ​អាស៊ីអាគ្នេយ៍ ហើយ​សត្វ​ប្រភេទ​ទុង​ប្រផេះ​បន្ត​ពូជ និង​សត្វ​ត្រដក់​ធំ​ជិត​ពាក់កណ្តាល​នៃ ចំនួនសត្វ​លើ​ពិភពលោក ព្រមទាំង​អំបូរ​រនោល និង​ស្មោញ​រាប់ពាន់​ក្បាល​ផងដែរ កំពុង​រស់នៅ និង​បន្ត​ពូជ​ នៅទីនោះ។

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖«​មកទល់ពេលនេះ សត្វ​ស្លាប​ទឹក​ជាង ៥​ម៉ឺន​ក្បាល ក្នុងនោះ សត្វ​ស្លាប​ចំនួន ១០​ប្រភេទ ដែល​កំពុង​ទទួល​ការគំរាមកំហែង​លើ ពិភពលោក​កំពុង​បន្ត​ពូជ នៅក្នុង​តំបន់​ស្នូល​ព្រែក​ទាល់​។ ហើយ​វា​ក៏​ជា​តំបន់​ទ្រទ្រង់​ដល់​ការរស់នៅ របស់​ត្រី​នៅ​បឹង​ទន្លេសាប​យ៉ាង​សម្បើម​ផងដែរ​»​។​

​ក្រៅពី​ជា​តំបន់រ​អភិរក្ស​សត្វ​ស្លាប ក្រសួង​បានបញ្ជាក់​ផងដែរ​ថា តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ បាន និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ចូល​ទស្សនា​ក្នុង​មួយឆ្នាំៗ។​

​ប្រធាន​អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​កម្ពុជា លោក Ross Sinclair មាន​មោទនភាព​ចំពោះ​កម្ពុជា​ដែល បានដាក់​ប​ញ្ជូ​លរ​តំបន់​ព្រែក​ទាល់​ជា​តំបន់ដីសើម​ដែល មាន​សារៈសំខាន់​ជា​អន្តរជាតិ​។ លោក​និយាយថា​៖«​ការដាក់​ប​ញ្ជូ​ល​នេះ ជាការ​ទទួលស្គាល់ នូវ​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស ដែល​បាន​ធ្វើឡើង​ដោយមាន​កិ​ច​ច្ច​សហការ​រវាង​រាជរដ្ឋាភិបាលកម្ពុជា សហគមន៍ និង​អង្គការមិនមែន​រដ្ឋាភិបាល ហើយ​វា​ក៏​ជាការ​បើកផ្លូវ​សម្រាប់​កិច្ចសហការ​របៀបនេះ ជាច្រើន​ឆ្នាំទៅមុខ​ទៀត ដើម្បី​ស្តារ និង​ការពារ​តំបន់​ស្នួល​ព្រែក​ទាល់ឲ្យ​ក្លាយជា​តំបន់​អច្ឆរិយ​ធម្មជាតិ នៃ​ប្រទេស​កម្ពុជា​»​។​

​ជាមួយគ្នា​ដែរ លោក Lew Young ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​លេខាធិការដ្ឋាន​អនុសញ្ញា​រ៉ា​ម​សារ ប្រចាំ​អាស៊ី និង​អូ​សេ​អា​នី បាន​សាទរ​រដ្ឋាភិបាល​ដែល​បានដាក់​បញ្ចូល​តំបន​នេះ ជា​តំបន់រ៉ា​ម​សារ​។ លោក​ថា​៖«​យើង​នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ទាំងនេះ សម្រាប់​បម្រើ​ប្រយោជន៍ ប្រជា​សហគមន៍ និង​បរិស្ថាន​»​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ កត់សម្គាល់​បន្ថែមថា ការទទួលស្គាល់​តំបន់​ស្នួល​ព្រែក​ទាល់ ជា​តំបន់​រ៉ា​ម​សារ មិន​ត្រឹមតែ​ផ្តោតទៅលើ​ភាព​សំខាន់​ជា​អន្តរជាតិ នៃ​តំបន់​ដី សើម​នេះ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជា​ស្ពាន​សម្រាប់​កម្ពុជា​ដាក់​ប​ញ្ជូ​ល​តំបន់ដីសើម​ច្រើន​ទៀត ទៅជា​តំបន់​រ៉ា​ម​សារ នាពេល​អនាគត​»​។​

​គួរ​បញ្ជាក់ថា ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​រ៉ា​ម​សា​នីមួយៗ ត្រូវ​ដាក់បញ្ចូល​តំបន់ដីសើម មួយ​យ៉ាងតិច ទៅក្នុង​បញ្ជី​តំបន់ដីសើម​ដែលមាន​សារសំខាន់​ជា​អន្តរជាតិ ហើយ​តំបន់ ទាំងនោះ ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​ភាព​សំខាន់​ជា​អន្តរជាតិ នៃ​អេកូឡូស៊ី រុក្ខសាស្ត្រ សត្វ​សាស្ត្រ បឹង​សាស្ត្រ ឬ​ជលសា​ស្ត្រ​។ បច្ចុប្បន្ននេះ តំបន់​រ៉ា​ម​សារ​មាន​ជាង ២២៤០​កន្លែង នៅ​ទូទាំង​ពិភពលោក​។

​គួរបញ្ជាក់​ផងដែរ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងបរិស្ថាន តំបន់​ស្នូល​ព្រែក​ទាល់ ជា​តំបន់ រ៉ា​ម​សារ​ទី​៤ ត្រូវបាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ប្រកាស​ទទួល ស្គាល់​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ ។ តំបន់ រ៉ា​ម​សារ​នៅ​កម្ពុជា​ផ្សេងទៀត រួមមាន តំបន់​រ៉ា​ម​សារ​បឹង​ឆ្មា និង​ប្រព័ន្ធ​ព្រែក តំបន់​កោះ​កា​ពី និង​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​៕


Tag:
 ​ព្រែក​ទាល់​
  រ៉ា​ម​សារ​
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com