ជាតិ
សង្គមជាតិ
លោក ហ៊ុន សែន​៖ ជនពិការ​ជា​ធនធាន​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​
03, Dec 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​នៅ​ថ្ងៃទី​៣ ខែធ្នូ​នេះ​គឺជា​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧ និង​ជនពិការ​អន្តរជាតិ​៣៣ ។ «​រួមគ្នា​បង្កលក្ខណៈ​ងាយស្រួល​ដ​លើ​ម្បី​ជនពិការ ដើម្បី​បរិស្ថាន​គ្មាន​ពិការភាព​» គឺជា​ប្រធានបទ​នៃ​ទិវា​ជនពិការ​នៅ​ឆ្នាំ​២០១៥​នេះ​។ នៅក្នុង​ទិវា​នេះ លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ផ្តល់​ការគាំទ្រ​ដោយ​គ្មាន​ការរើសអើង​ចំពោះ​ជនពិការ ដែលជា​ធនធាន​មិនអាច​មើលរំលង​បាន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។


​លោក នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការ​ប្រារព្ធ​ពិធី​នេះ​គឺជា​ការបង្ហាញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​សេរីភាព និង​សុខុមាលភាព​ជនពិការ​។ លោក ក៏​មិន​ភ្លេច​លើកឡើង​ពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេចបាន​ក្នុងការ​វិស័យ​ពិការភាព​ឡើយ តាមរយៈ​ការជំរុញ​ឲ្យ​មានការ​ចូលរួម ពី​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា​គ្រប់រូប​។
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ បាន និង​កំពុង​ទទួលបាន​នូវ​ផលប្រយោជន៍ តាមរយៈ​ការអនុវត្ត​ការផ្តល់​របប​គោលនយោបាយ ដើម្បី​ចូលរួមចំណែក​អនុវត្តន៍​យុទ្ធសាស្ត្រ​ជាតិ និង​គោលនយោបាយ​ជាតិ​នានា ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ​។ លើសពីនេះ​កុមារ​ពិការ ក៏​ទទួលបាន​ឱកាស​សម្រាប់​ការអប់រំ​នៅតាម​សាលារៀន​សាធារណៈ​ដោយ​គ្មាន​ការរើសអើង និង​ទទួលបាន​ព័ត៌មាន​យ៉ាង​ទូលាយ តាមរយៈ​ការបង្កើត​ឲ្យ​មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក និង​គ​ថ្លង់ ការបកប្រែ​ជា​សញ្ញា​ភាសា​នៅតាម​កម្មវិធី​ទូរទស្សន៍​។  អាគារ​សិក្សា​មួយចំនួន​បានរៀបចំ​ឲ្យ​មាន​ជម្រាល​សម្រាប់​សិស្ស​ពិការ មជ្ឈមណ្ឌល និង​សាលា​សម្រាប់​កុមារ​ពិការភ្នែក និង​គ​ថ្លង់​ក៏​ត្រូវបាន​អភិវឌ្ឍន៍​ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ទទួល​បានកា​រ​អប់រំ​រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ ជាមួយគ្នា​នោះ​យុវជន​ពិការ ក៏​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ជា​សាកល ជាមួយ​យុវជន​ពិការ​ក្នុង​តំបន់ និង​ពិភពលោក​។​
 
​ដើម្បី​រួមចំណែក​គាំទ្រ​ទិវា​ជនពិការ​កម្ពុជា និង​ទិវា​ជនពិការ​អន្តរជាតិ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ក៏​ដូច​វិស័យ​ឯកជន ត្រូវ​បន្ត​លើកទឹកចិត្ត​ដល់​ជនពិការ​ដែលមាន​សម​ត្ថ​ភាព​ចូល​បំពេញការងារ​។ ក្រសួង ស្ថា​ប័​រដ្ឋ​ក៏ត្រូវ​បន្ត​ជំរុញ​ឲ្យ​មានការ​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ជ​ន​ពិការ​នៅតាម​សហគមន៍​ជាពិសេស​ការការពារ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម ការទប់ស្កាត់ ការកាត់បន្ថយ និង​ការលុបបំបាត់​ការរើសអើង​ជនពិការ ព្រមទាំង​ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា សតិបញ្ញា និង​វិជ្ជាជីវៈ​សំដៅ​ធានា​លទ្ធភាព​ក្នុងការ​ចូលរួម​ដ៏​ពេញលេញ​និង​ដោយ​ស្មើគ្នា​នៃ​ជនពិការ ក្នុង​គ្រប់​សកម្មភាព​នានា​។​
 
​គិត​ក្នុង​ឆ្នាំ​២០១៤ មាន​ជនពិការ​ចំនួន​២,៣២០​នាក់ បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង ស្ថាប័នរដ្ឋ​ចំនួន​៤០  ស្មើនឹង​១.១៧​ភាគរយ នៃ​ចំនួន​បុគ្គលិក​បច្ចុប្បន្ន​។ ក្រសួង​ស្ថាប័ន​នីមួយៗ បាន និង​កំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អាត្រា​កំណត់​ចំនួន​២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៥ គឺ​ស្មើនឹង​៣,៩៤៩​នាក់​៕ 
 

Tag:
 ហ៊ុន សែន​
  ជនពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com