ជាតិ
ចិន​នឹង​ជួយ​សាងសង់​អគារ​ការិយាល័យ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​
03, Dec 2015 , 8:59 am        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​ចិន នឹង​សាង់សង់​អគារ​ការិយាល័យ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​តម្លៃ​ជិត ៣ លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​។ លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា និង​លោក PENG ZHENG ប្រធាន​គម្រោង​សាង់សង់ នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន បាន​ចុះហត្ថលេខា​គម្រោង​សាងសង់​រួចរាល់​ហើយ កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​វិមាន​ព្រឹទ្ធសភា​។ នេះ​បើ​យោងតាម​គេហទំព័រ AKP​។

 
​អគារ​ថ្មី​ដែល​រដ្ឋាភិបាល​ចិន​គ្រោង​នឹង​សាង់សង់​នេះ​មាន​ទំហំ ១,៥០០​ម៉ែត្រការ៉េ មាន​កម្ពស់ ៣​ជាន់ និង​មានតម្លៃ ២២​លាន​យន់ ប្រ​ហែ​ជិត ៣ លាន​ដុល្លារ​អាមេរិក ហើយ​អគារ​នេះ​គ្រោង​នឹង​សាងសង់​រួច​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ខាងមុខនេះ​។ នេះ​មិនមែនជា​ជំនួយ​លើក​ទី​១​ទេ របស់​រដ្ឋាភិបាល​ចិន ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ​ចិន​បាន​ជួយ​ដល់​ព្រឹទ្ធសភា​កម្ពុជា​នូវ​អគារ​និង​គម្រោង​សាងសង់ ៩​លើក​ហើយ​បើ​គិត​ទាំង​គម្រោង​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា​។     
   
​លោក អ៊ុំ សារិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ព្រឹទ្ធសភា​កម្ពុជា ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​ការងារ​ព្រឹទ្ធសភា​កម្ពុជា​លើ​គ្រប់ផ្នែក និង​គ្រប់​វិស័យ ជាពិសេស​សម្រាប់​ការិយាល័យ​ថ្នាក់ដឹកនាំ​ទាំងបី​របស់​ព្រឹទ្ធសភា​កម្ពុជា​។ លោក​សង្ឃឹមថា ក្រោយពី​ពិធី​ចុះហត្ថលេខា​នេះ នឹងធ្វើ​ឱ្យ​កិច្ចដំណើរការ​សាងសង់​ប្រកបដោយ​រលូន និង​តាម​កាលកំណត់​៕

Tag:
 ​ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com