កីឡាជាតិ
ជាតិ
លោក ហ៊ុន សែន កោតសរសើរ​កូនចៅ​ព្រឹទ្ធ​ចា​រ្យ ហែម ថុ​ន​
02, Dec 2015 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​នា​ពិធី​សម្ពោធ «​មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន​» ដែល​ស្ថិតក្នុង​ខេត្តកំពង់ចាម​នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើ​កូនចៅ​របស់​ព្រឹទ្ធ​ចា​រ្យ ហែម ថុ​ន ដែល​បាន​ខិតខំ​រក្សា​វង្ស​ត្រកូល​អ្នក​ហែល​ទឹក ជាពិសេស កីឡាករ ហែម ថុ​ន​ពន្លឺ ដែលជា​កូន និង​ហែម ថុ​ន​វិ​ទិ​នី ដែលជា​ចៅ​។​

​លោក ហ៊ុន សែន និង​ភរិយា បាន​មើល​ការប្រកួត​ផ្តាច់ព្រ័ត្រ​កីឡាហែលទឹក​ដណ្តើមពាន​រង្វាន់ «​តេ​ជោ​សែន​» ឆ្នាំ​២០១៥ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សម្ពោធ «​មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន​» ដែល​ស្ថិតក្នុង​ខេត្តកំពង់ចាម​។​
 
​លោក​បាន​កត់សម្គាល់ថា ត្រកូល ហែម​ថុ​ន ពិតជា​ត្រកូល​អ្នក​ហែល​ទឹក​ពិតប្រាកដ ពោលគឺ​ការប្រឹងប្រែង​បន្តវេន​របស់​កីឡាករ ហែម ថុ​ន​ពន្លឺ ជា​កូន និង​កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី ជា​ចៅ​របស់លោក ហែម ថុ​ន​។ 
 
​លោក ហែម ថុ​ន អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​នេះ ក្នុង​អាយុ​៧២​ឆ្នាំ បន្ទាប់ពី​លោក​ត្រូវបាន​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ​ដោយសារ​បញ្ហា​ទឹក​ក្នុង​សួត​។ ក្រោយ​ការទទួល​មរណភាព លោក ហែម គិរី ដែលជា​កូនប្រុស​បាន​បន្ត​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ជំនួស​ឪពុក​។​
 
​នា​ការប្រកួត​ផងដែរ ក្លិប​ហែល​ទឹក​ព្រឹទ្ធ​ចា​រ្យ ហែម ថុ​ន បានទទួល​ចំណាត់ថ្នាក់​លេខ​មួយ ខណៈ​ក្លិប​ក្រសួងមហាផ្ទៃ បាន​លេខ​២ ក្លិប​ជ្រោយចង្វារ​បាន​លេខ​៣ ។ អ្នកស្រី អ៊ុន សា​ម៉ុ​ច ភរិយា​របស់លោក ហែម ថុ​ន រួមទាំង​អតីត​កីឡាករ​-​កីឡាការិនី ហែល​ទឹក កម្ពុជា ដែលមាន​វ័យ​ចំណាស់​ទៅហើយនោះ ក៏​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​លោកនាយក​រដ្ឋមន្ត្រី ផងដែរ​៕

Tag:
 កីឡាហែលទឹក​
  ហែម ថុ​ន​
  មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន
© រក្សាសិទ្ធិដោយ thmeythmey.com