ជាតិ
សង្គមជាតិ
ក្រម​ប្រតិបត្តិ​អង្គរ​បង្កើតឡើង​ក្នុងន័យ​ឲ្យ​ទេសចរ​ផ្តល់​តម្លៃ​ដល់​វប្បធម៌​ខ្មែរ
03, Dec 2015 , 11:33 am        
រូបភាព

សៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី៤ ធ្នូ ស្អែក​នេះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្រម​ប្រតិបត្តិ​អង្គរ នៅក្នុង​រមណីយដ្ឋាន​អង្គរ​ជា​ផ្លូវការ​ហើយ។ មាន​មនុស្ស​ជាច្រើន​មិនទាន់​យល់ច្បាស់​ពី​ក្រម​ប្រតិបត្តិ​នេះ។ តាមពិតទៅ​ក្រម​ប្រតិបត្តិ​នេះ បង្កើតឡើង​ក្នុងន័យ​ឲ្យ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​តំបន់​អង្គរ​ទាំងអស់ ឲ្យ​តម្លៃ​ដល់​តំបន់​ប្រ​វ​តិ្ត​សាស្ត្រ វប្បធម៌​បុរាណ ដ៏​ផូរផង់​របស់​ខ្មែរ។



កំណើន​ទេសចរ​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​ដល់​ប្រាង្គ​ប្រាសាទខ្មែរ។ និយាយ​ពី​គុណសម្បត្តិ កំណើន​របស់​ភ្ញៀវទេសចរ ផ្តល់​ចំណូល​ជាច្រើន​លាន​ដុល្លារ​ចូលទៅក្នុង​សេដ្ឋកិច្ចជាតិ។ សម្រាប់​គុណវិបត្តិ​វិញ អ្នកទេសចរ​ខ្លះ គឺជា​អ្នក​បំផ្លាញ​វប្បធម៌ និង​ប្រាង្គ​ប្រាសាទ ដូចជា​ការ​ប៉ះ​ថ្ម​ប្រាសាទ និង​ការ​ស្លៀក​បំពាក់​មិន​សមរម្យ ដែល​ប្រាស់ចាក​ពី​ទំនៀមទម្លាប់​របស់​ខ្មែរ​ជ​ដើម។

ប្រវត្តិ​ការបង្កើត​ក្រម​ប្រតិបត្តិ​អង្គរ
នៅ​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៣ «ផែនការ​គ្រប់គ្រង​ទេសចរណ៍» ត្រូវបាន​បង្កើតឡើង តាម​សំណើរ​របស់​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​អង្គរ ដោយមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ សម្រាប់​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ ហៅ​កាត់​ថា យូណេស្កូ រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​អូស្ត្រាលី។ នៅក្នុង​ផែនការ​គ្រប់គ្រង​ទេសចរណ៍ បានបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​កំពុង​កើតមាន​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវ​ដោះស្រាយ​ជា​ចាំបាច់។ នៅពេលនោះ​ហើយ ដែល​ក្រម​ប្រតិបត្តិ​អង្គរ បាន​លេចចេញ​ជា​រូបរាង​បន្តិចម្តងៗ និង​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ឆ្នាំ២០១២មក តាមរយៈ​ការសិក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន មាន​ក្រសួងទេសចរណ៍ និង​អង្គការ​យូណេស្កូ ក៏ដូចជា​តំណាង​មកពី​វិស័យ​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​ព្រះសង្ឃ​ផងដែរ។

អ្វី​ទៅជា​ក្រម​ប្រតិបត្តិ​អង្គរ?

បង្កើត​នៅ​ឆ្នាំ២០១២ ក្រម​ប្រតិបត្តិ​អង្គរ គឺជា​សេចក្តីណែនាំ​ដល់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​បំណង​ឲ្យ​ពួកគេ​ស្គាល់​ពី​តម្លៃ​នៃ​តំបន់​អង្គរ គោរព និង​ប្រកាន់​រាល់​អាកប្បកិរិយា​សមរម្យ ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​អង្គរ ដែលមាន​ប្រាសាទ វប្បធម៌ និង​បរិស្ថាន​ជាដើម។ វា​មិនមែនជា​ច្បាប់ ដែលមាន​លក្ខណៈ​បង្ខិតបង្ខំ​នោះទេ តែ​ក្នុងន័យ​អប់រំ ឲ្យ​ភ្ញៀវទេសចរ មិនត្រូវ​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​មួយចំនួន ដូច​ជាការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ការ​ប៉ះ​ចម្លាក់​ឫ​ថ្ម​ប្រាសាទ ការរំខាន​ដោយ​សំឡេង​នៅ​កន្លែង​ទីសក្ការៈ​បូជា ការចូល​ទីតាំង​ហាមឃាត់ និង​ទី​គ្រោះថ្នាក់​ជាដើម។ ក្រម​ប្រតិបត្តិ​នេះ ក៏​ហាម​រាល់​ភ្ញៀវទេសចរ​ទាំងអស់​មិន​ឲ្យ​ជក់បារី​ក្នុង​បរិវេណ​ប្រាសាទ ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ការប៉ះពាល់​ព្រះសង្ឃ ដូចជា​សុំ​ព្រះសង្ឃ​ថតរូប និង​ហាម​មិន​ឲ្យ​ភ្ញៀវទេសចរ​ឲ្យ​ស្ករ​គ្រាប់ និង​ថវិកា​ដល់ក្មេងៗនៅ​តំបន់​អង្គរ​ជាដើម។

រាល់​ភ្ញៀវទេសចរ ដែល​ប្រព្រឹត្តិ​ដូច​ក្រម​ប្រតិបត្តិ ឫ​សេចក្តីណែនាំ​ខាងលើ អាច​នឹងមាន​ការណែនាំ ឫ​តាមរយៈ​រូបភាពផ្សេងៗ ប៉ុន្តែ​សម្រាប់​សកម្មភាព​លួច និង​ធ្វើ​ឲ្យ​ថ្ម​ប្រាសាទ​បែកបាក់ ក៏ដូចជា​ធ្វើ​សកម្មភាព​អាសអាភាស​ឫ​អាក្រាត​នៅ​ទីសាធារណៈ​នោះ ចាត់ទុកជា​អំពើ​ល្មើសច្បាប់។

ក្រម​ប្រតិបត្តិ​អង្គរ​នេះ មានការ​សាទរ​ពី​សាធារណៈជន​ជាច្រើន ហើយ​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​តួនាទី​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ រំពឹង​ជឿជាក់ថា ភ្ញៀវទេសចរ​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​គោរព ក៏ដូចជា​អនុវត្តន៍ ក្នុង​បំណង​រួមចំណែក​ថែរក្សា​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ឲ្យ​តម្លៃ​ដល់​វប្បធម៌​ខ្មែរ៕









Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com