ជាតិ
សង្គមជាតិ
មេដឹកនាំ​សហជីព​ថា ស្ថាប័ន​សហជីព​អាច​រលាយ បើ​ច្បាប់​សហជីព​ត្រូវបាន​អនុម័ត​
03, Dec 2015 , 3:26 pm        
រូបភាព
​តំណាង​សហជីព​ប្រមាណ​ជា​២០​រូប បាននាំគ្នា​យក​ញត្តិ​ទៅ​ដាក់ជូន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដើម្បី​ស្នើសុំ​ចរចា ឱ្យមាន​ការកែប្រែ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ តំណាង​សហជីព​ខ្លះ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការដួលរលំ​ស្ថាប័ន​សហជីព​នៅ​កម្ពុជា ប្រសិនបើ​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ដោយ​គ្មាន​ការកែប្រែ​តាម​សំណើ​របស់​ពួកគេ​។



​ប្រសិនបើ​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​សហជីព ដោយ​គ្មាន​កា​រប​ញ្ជូ​ល​ចំណុច​មួយចំនួន​ដែល​ក្រុម​សហជីព​នៅ​កម្ពុជា​បានស្នើ​នោះទេ ច្បាប់​នេះ​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​របស់​សហជីព​ក្នុងការ​ការពារ​សិទ្ធិសេរីភាព​កម្មករ​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​។​លោក​បាន​សង្កត់ធ្ងន់ៗ​យ៉ាងនេះ​ថា​៖«​ស្ថាប័ន​សហជីព​ច្បាស់​ជា​រលាយ បើ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ដោយ​គ្មាន​ការកែប្រែ​»​។​

​ចំណែកឯ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​ខ្វល់ខ្វាយ​ដ៏​ក្រៃលែង​ដែរ ចំពោះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​។ រូបលោក​អះអាងថា ប្រសិនបើ​រដ្ឋសភា​មិន​បើក​វេទិកា​ពិភាក្សា​រួមគ្នា​ជាមួយ​សហជីព ហើយ​អនុម័ត​ដោយ​មិន​យក​មតិ​របស់​សហជីព​ដែល​ស្នើឡើង​ទេ ច្បាប់​នេះ​នឹង​រារាំង​សិទ្ធិសេរីភាព​របស់​សហ​ជីព​នៅ​កម្ពុជា​។​លោក វន់ ពៅ លើកឡើង​ពី​ផលប៉ះពាល់​នៃ​ច្បាប់​នេះ​ដូច្នេះ​ថា​៖«​សហជីព​លែង​ឯករាជ្យ​ហើយ បើ​ច្បាប់​នេះ​កើតឡើង​។ អ្វីដែល​ធ្ងន់ធ្ងរ​នោះ គឺ​គ្រប់​ស្ថាប័ន​សហជីព​ទាំងអស់​នឹង​ដួលរលំ ដោយសារតែ​ការគាប់សង្កត់​នៃ​ច្បាប់​នេះ​»​។

​លោក បាន​លើកឡើងថា ខ្លឹមសារ​នៃ​ច្បាប់​នេះ មាន​ចំណុច​ជាច្រើន ដែល​រឹតត្បិត​សិទ្ធិសេរីភាព​របស់​សហ​ជីព និង​អាច​បណ្តាល​ឲ្យ​សហជីព​បាត់បង់​។ លោក​ថា ចំណុច​ទាំងនោះ​មានដូចជា ការតម្រូវ​ឲ្យ​សហជីព​ទាំងអស់​ផ្ញើ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ទៅកាន់​ក្រសួង​ការងារ​, ការផាកពិន័យ​សហជីព​ចំនួន​៦​លាន​រៀល​ឡើងទៅ ក្នុងករណី​ដឹកនាំ​ធ្វើបាតុកម្ម​ខុស​នីតិវិធី​ណាមួយ​, ភាគី​ពាក់ព័ន្ធ ឬ​សមាជិក​ចំនួន​៥០​ភាគរយ អាចរំលាយ​សហជីព​បា​ន​, ការតម្រូវ​ឲ្យ​សហជីព​ចុះបញ្ជី​ជាមុន ទើប​អាចបង្កើត​និង​ដំណើរការបាន ជាដើម​។​

​កន្លងមក ក្រុម​សហជីព​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កែប្រែ និង​លុបចោល​នូវ​ចំណុច​៤២ ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​សហ​ជីព​ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ​។ ចំណុច​ដែល​ស្នើសុំ​នោះ មានដូចជា សុំ​ឲ្យ​កែប្រែ​នូវ​ចំណុច ដែល​ចែងថា សហជីព​ចំនួន​៩​ឡើងទៅ​ទើប​អាច​ចងក្រង​ជា​សហព័ន្ធ​សហជីព​បាន និង​សូម​ឲ្យ​កែប្រែ​ចំណុច ដែល​ដាក់​ទោសទណ្ឌ​និង​ផាកពិន័យ​ទឹកប្រាក់​ចំនួន​៦​លាន​រៀល ក្នុងករណី​ធ្វើបាតុកម្ម​ខុស​នីតិវិធី ព្រមទាំង​សុំ​ឲ្យ​លុប​ចំណុច ដែល​ចែងថា សហជីព​ត្រូវធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ដាក់ជូន​ក្រសួង​ការងារ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទាក់ទង​នឹង​ការលើកឡើង​ពី​គុណវិបត្តិ និង​ការប៉ះពាល់​នេះ ត្រូវបាន​លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា និង​ជា​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា​សហជីព បាន​ច្រានចោល​ម្តង​ហើយ​ម្តង​ទៀតថា ច្បាប់​សហជីព​នេះ មិនគួរ​ព្រួយ​បា​ម្ភ​ដូច​ប្រធាន​សហជីព​អះអាង​កន្លងមក​នោះទេ​។ ផ្ទុយទៅវិញ រូបលោក បែរជា​យល់ថា ច្បាប់​នេះ​គឺជា​ផលប្រយោជន៍ និង​ជា​រឿង​ល្អ​សម្រាប់​សហជីព​និង​កម្មករ​ទៅវិញ ។ លោក​បន្ថែមថា សហជីព​រួមទាំង​កម្ម​ករ​ពុំគួរ​ព្រួយបារម្ភ​ពេក​នោះទេ ព្រោះ​ច្បាប់​នេះ មិនបាន​រារាំង​សហជីព​មិន​ឲ្យ​បញ្ចេញមតិ ឬ​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ​ឡើយ​។ ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​រូបនេះ​បញ្ជាក់ថា​៖ «​ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ដល់​សហជីព ក្នុងការ​បញ្ចេញមតិ និង​ការការពារ​កម្មករ មិន​ដូច​អ្វីដែល​ក្រុម​សហជីព​ព្រួយបារម្ភ​នោះទេ​»​។​

​សូមរ​ម្លឹ​ង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ មាន​៧​ជំពូក និង​១០០​មាត្រ ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត និង​បញ្ជូន​ទៅកាន់​រដ្ឋសភា កាល​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ។ រដ្ឋសភា​អាច​នឹង​បើក​កិច្ចប្រជុំ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខ​៕


Tag:
 សហជីព​
  ច្បាប់​សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com