ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​គ្រឿងចក្រ​មានតម្លៃ​ជាង៧៦ម៉ឺន​ដុល្លារ​សម្រាប់​ជួសជុល​ស្ពាន​ហាល​អង្គរ
03, Dec 2015 , 4:12 pm        
រូបភាព
សៀមរាប៖ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ស្ថាន​ទូត​ខ្លួន​ប្រចាំ​នៅ​កម្ពុជា បានសម្រេច​ផ្តល់​ជំនួយឥតសំណង ដែល​សរុប​ជា​ទឹកប្រាក់​ជាង ៧៦ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ ជំនួយ​របស់​ជប៉ុន​នៅពេលនេះ គឺ​ដើម្បី​អភិរក្ស​រមណីយដ្ឋាន​អង្គរ តាមរយៈ​ការផ្តល់​សម្ភារ​ជា​គ្រឿងចក្រ សម្រាប់​ជួសជុល​ស្ពាន​ហាល​នៅ​ប្រាសាទអង្គរវត្ត។



គ្រឿងចក្រ​ដែលមាន​តម្លៃ​សរុប​ទឹកប្រាក់ ៩៤,៧០០,០០០ យ៉េន ឫ​ស្មើនឹង ៧៦៧,០០០ដុល្លារ​អាមេរិក បានប្រគល់​ឲ្យ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រៀបចំ​ដំណើរការ​ជួសជុល​ស្ពាន​ហាល ផ្លូវ​ចូល​ខាង​លិ​ខ​នៃ​ប្រាសាទអង្គរវត្ត។ ស្ពាន​ហាល​នេះ​មាន​ប្រវែង​ប្រមាណ១០០ម៉ែត្រ ដែល​បច្ចុប្បន្ន​រង​ការខូចខាត ដោយសារ​ការស្រុត​ធ្លាក់​នៃ​ថ្ម។

គ្រឿងចក្រ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​រួមមាន ម៉ាស៊ីន​ស្ទួ​ច និង​គ្រឿង​បរិក្ខារ​ធុន​ធ្ងន់​មួយចំនួនទៀត ដែល​ត្រូវការ​ជា​ចាំបាច់ សម្រាប់​លើក​ផ្ទាំង​ដុំថ្មធំៗ និង​មាន​ទម្ងន់​ធ្ងន់។ តាម​របាយការណ៍​រប​ស់​អ្នកជំនាញ ទម្ងន់​ជា​មធ្យម​នៃ​ថ្មបាយក្រៀម ដែល​ត្រូវ​ផ្លាស់​ទី គឺមាន​ចន្លោះ​ពី ៣០០ទៅ៤០០គីឡូក្រាម និង​ថ្មភក់ មាន​ទម្ងន់​ពី ៥០០ទៅ៨០០គីឡូក្រាម ហើយ​ថ្ម​ខ្លះទៀត​ក៏​អាចមាន​ទម្ងន់​លើសពី​មួយ​តោន​ផងដែរ។

ពិធី​ប្រគល់​គ្រឿងចក្រ ដែលជា​ជំនួយឥតសំណង​របស់​ជប៉ុន ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៣ ធ្នូ ក្នុង​កិច្ចប្រជុំ​លើក​ទី២៥ អាយ​ស៊ី​ស៊ី​អង្គរ ក្រោម​វត្តមាន​លោក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ (Kumamaru Yuji) និង​លោក សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា៕


Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com