អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ហូ​ឡង់​ចុះទៅ​លើកទឹកចិត្ត​កងទ័ព​បារាំង​ដោយផ្ទាល់​ក្នុង​សមរភូមិ​កម្ចាត់​ក្រុម​ដែ​ស្ហ​
05, Dec 2015 , 10:24 am        
រូបភាព
ដោយ:

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល ដោយ​លោក​បាន​ចុះទៅ​ទស្សនកិច្ច​ដោយផ្ទាល់ លើក​ប៉ាល់​ផ្ទុក​យន្តហោះ Charles-de-Gaulle ដែល​កំពុង​ស្ថិតក្នុង​សមរភូមិ​ប្រយុទ្ធ កំចាត់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រធានាធិបតី​បារាំង បាន​ឈាន​ជើង​ជាន់ក​ប៉ាល់​Charles-de-Gaulle ដែល​កំពុង​ស្ថិតក្នុង​សមរភូមិ ឆ្ងាយ​ពី​ទឹកដី​បារាំង​។​



​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហូ​ឡង់ នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ ត្រូវបាន​រក្សាទុក​ជាកា​រ​សម្ងាត់ រហូត​ដំណាក់កាល​ចុងក្រោយ ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ​។ ម្សិលមិញ​នេះ លោក​ហូ​ឡង់​បាន​ជួប​ជាមួយ​អ្នកបើក​យន្តហោះ​ប្រដេញ លើកទឹកចិត្ត​កងទ័ព និង​បាន​សម្តែង​អំណរគុណ​ចំពោះ​កងទ័ព​ក្នុង​កាតព្វកិច្ច​កម្ចាត់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។ លោក​ហូ​ឡង់​លើកឡើងថា លើក​នេះ លោក​ចុះ​មកជួប​កងទ័ព​ក្នុងពេល​កងទ័ព​កំពុង​ប្រតិបត្តិ​ការប្រយុទ្ធ​ក្រុម​ភេរវជន គឹ​ដើម្បី​បង្ហាញថា បារាំង​ស្ថិតនៅ​ពីក្រោយ​កងទ័ព​ជាតិ​ជានិច្ច​។

​ល្ងាចម្សិលមិញ មុននឹង​ចាក​ចេញពី​សមរភូមិ ត្រលប់មក​បារាំង​វិញ លោក​ហូ​ឡង់​បាន​ចូលរួម​មើល​យន្តហោះ​ជាច្រើន​គ្រឿង​ដែល​ហោះ​ចេញពី​កប៉ាល់ Charles-de-Gaulle ចេញទៅ​ប្រហារ​ក្រុម​ដែ​ស្ហ​។ កប៉ាល់​ផ្ទុក​យន្តហោះ Charles-de-Gaulle ដឹក​មនុស្ស​២០០០​នាក់ បាន​ចាក​ចេញពី​កំពង់ផែ​បារាំង ថ្ងៃ​១៨​វិច្ឆិកា គឺ​៥​ថ្ងៃក្រោយ​ភេរវកម្ម​ក្រុងប៉ារីស ដើម្បី​ប្រតិបត្តិការ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ បច្ចុប្បន្ន កប៉ាល់​នេះ​កំពុង​ស្ថិតនៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ ចន្លោះ​ប្រទេស​តួ​ក​គី​និង​អេ​ហ្ស៊ី​ប​។ តាំងពី​បើក​ការប្រយុទ្ធ​ថ្ងៃ​២៣​វិច្ឆិកា​មក កងទ័ព​បារាំង​តែង ទទួលជោគជ័យ​ជានិច្ច​។ កប៉ាល់​ផ្ទុក​យន្តហោះ​Charles-de-Gaulle នឹង​ចេញទៅ​ឈូង​សមុទ្រ​ពែ​រស៍នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។​

​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​នៅ​សមរភូមិ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​បារាំង​រៀបចំ​ការបោះឆ្នោត​តំបន់​ថ្ងៃអាទិត្យ​ស្អែក​។ ប្រជាប្រិយភាព​របស់លោក​ហូ​ឡង់​បាន​ឡើង​ខ្ពស់​ឡើងវិញ ក្រោយ​ភេរវកម្ម​ក្រុងប៉ារីស​។ ប៉ុន្តែ បក្ស​សង្គមនិយម​រប​ស់លោក​គ្មាន​ប្រជាប្រិយ​សម្រាប់​ការបោះឆ្នោត​ថ្ងៃអាទិត្យ​នេះ​ទេ​៕



© រក្សាសិទ្ធិដោយ thmeythmey.com