ជាតិ
សង្គមជាតិ
មហាវិថី​ចំនួន​៥​ក្នុង​ក្រុងភ្នំពេញ នឹង​លែងមាន​ខ្សែកាប​រញ៉េរញ៉ៃ​ជាប់​ខ្សែភ្លើង
05, Dec 2015 , 3:16 pm        
រូបភាព

សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ផ្តើម​រៀបចំ​ខ្សែកាប​រាយប៉ាយ​លើ​អាកាស​របស់​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍ ទូរ​សព្ទ និង​អ៊ី​ន​ធឺ​ណេ​ត នៅលើ​បង្គោល​ភ្លើង ទម្លាក់​កប់​ចូលទៅក្នុង​ដី​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី​ភ្នំពេញ ខ្សែកាប​រញ៉េរញ៉ៃ​នៅលើ​អាកាស នៅតាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​។



សាលា​រាជធានី​ភ្នំពេញ ក៏បាន​ទទួលស្គាល់​ដែរ​ថា ស្ថានភាព​ខ្សែកាប​របស់​ក្រុមហ៊ុន​ទាំងនោះ រាយប៉ាយ​គ្មាន​ច្បាប់ទម្លាប់​នៅលើ​បង្គោល​ភ្លើង​របស់​អគ្គិសនី​កម្ពុជា​នេះ គឺ​ដោយសារ​ការគ្រប់គ្រង​មិនបាន​ល្អ​របស់​អាជ្ញាធរ​។

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ​ថា មហាវិថី​ចំនួន​៥​នៅក្នុង​ក្រុងភ្នំពេញ នឹងត្រូវ​រៀបចំ​សោភណភាព​ខ្សែកាប​លើ​អាកាស​នេះ​មុនគេ​។ មហាវិថី​ទាំងនោះ រួម​មនា​មហាវិថី​ព្រះ​នរោត្តម ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី កម្ពុជា​ក្រោម និង​មហាវិថី​ម៉ៅ​សេទុង​។​

​ការទម្លាក់​ខ្សែកាប​លើ​អាកាស​រញ៉េរញ៉ៃ ដូចជា​ការ​កាត់​ខ្សែកាប​ទូរ​សព្ទ ខ្សែកាប​អុ​ប​ទិ​ក ចេញពី​បង្គោល​ភ្លើង​កប់​ចូលក្នុង​ដី​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​គ្រប់​គ្រង់​ចិញ្ចើមផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អ្នកនាំពាក្យ​ដដែល​។

​បើតាម លោក ឡុង ឌី​ម៉​ង់ សាលា​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​គោលការណ៍​ដាក់​ឆ្លងទៅ​ក្រុមប្រឹក្សា​ដើម្បី​ចេញ​ដីកា ក្នុងការ​គ្រប់​គ្រង់​ចិញ្ចើមផ្លូវ ដែល​ត្រូវបាន​រំលោភ​ដោយ​ម្ចាស់​លំនៅឋាន​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។ គោលការណ៍​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការសិក្សា ការ​ស្រង់​ទិន្នន័យ និង​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​ការប្រើប្រាស់​ចិញ្ចើមផ្លូវ មុននឹង​ឈានដល់​ការចាត់វិធានការ​តាមច្បាប់​កំណត់​៕



Tag:
 ខ្សែកាប​
 ​ខ្សែភ្លើង​ ​
© រក្សាសិទ្ធិដោយ thmeythmey.com