អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ រឹតបន្តឹង​សន្តិសុខ​ខ្លាំង ក្រោយ​លេច​លឺ​ការមកដល់​នៃ​ក្រុម​រដ្ឋ​ឥស្លាម​
05, Dec 2015 , 9:00 pm        
រូបភាព
ដោយ:

ថ្វី​ត្បិត អាជ្ញាធរ​ថៃ មិនទាន់​រកឃើញ​ពីមុខ​សញ្ញា​នៃ​ការមកដល់​របស់​ក្រុម​រដ្ឋ​ឥស្លាម​ស៊ី​រី​ទាំង​ដប់​នាក់​ដូច​ទៅនឹង​លិខិត​របស់​ភ្នាក់ងារ​ស៊ើបអង្កេត​រុស្ស៊ី​មួយ​ដែល​បាន​បែកធ្លាយ​ក៏ដោយ បញ្ហា​សន្តិសុខ​នៅតែ​ជា​ក្តីបារម្ភ និង​ត្រូវ​រឹតបន្តឹង ដ្បិត​នៅ​ចុងឆ្នាំ​២០១៥​នេះ ថៃ​នឹងត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ផងដែរ​នោះ​។​


មកទល់​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​ថៃ បានចាប់ផ្តើម​រឹតបន្តឹង​សន្តិសុខ និង​សុវត្ថិភាព​ទាំង​ក្នុង​រាជធានី និង​ខេត្ត​ជាច្រើន​របស់​ថៃ ដែល​រូ​ម​បញ្ចូល​ទាំង​ស្ថានទូត​បរទេស ជាពិសេស​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ថៃ ។ ចំណាត់ការ​នេះ ធ្វើឡើង​ខណៈពេលដែល​ថៃ​ត្រូវ​ប្រារព្ធ​ពិធី​ធំៗ និង ខ្លាចក្រែង មានការ​វាយប្រហារ​ពី​ក្រុម​ជ្រុលនិយម ដ្បិត​អាជ្ញាធរ​ថៃ​ទើបតែ​ទទួលបាន​លិខិត​ព្រមាន​ពី​ការគំរាមកំហែង​របស់​ក្រុម​ទាំងនោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Nations ។​

សូម​រម្លឹក​ផងដែរ កាលពី​ម្សិលមិញ មានការ​បែកធ្លាយ​ឯកសារ​សម្ងាត់​មួយ​ដែល បាន​បញ្ជាក់ថា មាន​ពលរដ្ឋ​ស៊ី​រី​១០​នាក់ ដែលជា​បណ្តាញ​របស់​ក្រុម​រដ្ឋ​ឥស្លាម បាន​ចូល​ទៅដល់​ប្រទេស​ថៃ ដែល​វត្តមាន​របស់​ក្រុម​នេះ ត្រូវបាន​ជឿជាក់ថា​មាន​គោលបំណង​តាម​វាយប្រហារ ទីកន្លែង​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ថៃ​។​

បើតាម​ឯកសារ​ដែល​បាន​បែក​ធា្ល​យ និង​ត្រូវបាន​ចែកចាយ​នៅ​បណ្តាញ​សង្គម​ថៃ ភា្ន​ក់​ងារ​ស៊ើបអង្កេត របស់​សហភាព​សន្តិសុខ​រុស្ស៊ី បាន​ផ្ញើលិខិត​ទៅ​អាជ្ញា​ថៃ​ពី​វត្តមាន​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​។ ក្នុង ឯកសារ​នោះ បាន​បញ្ជាក់ថា ក្រុម​រដ្ឋ​ឥស្លាម​ទាំង​ដប់​នាក់ បាន​ទៅដល់​ថៃ​នៅ​ចន្លោះ​ថ្ងៃទី​១៥-៣១ ខែតុលា​កន្លងទៅនេះ​។​

តាម​ឯកសារ​បែកធ្លាយ​ដដែល គោលបំណង និង​ទិសដៅ​សំខាន់​នៃ​ការ​ប្រហារ​របស់​ក្រុម​នេះ គឺ​ទីតាំង ផ្សេងៗ​ដែលជា​កម្មសិទ្ធិ​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ថៃ ហើយ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ថៃ បង្កើន​សន្តិសុខ នៅ​តាំង​ទាំងនោះ​ផងដែរ​។ តែ​ក្នុង​ឯកសារ​នោះ មិនបាន​កំណត់​អត្តសញ្ញាណ​របស់​ក្រុម​ជ្រុលនិយម​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​១០​នា​កក់ មាន​៤​នាក់​បានធ្វើ ដំណើរ ទៅកាន់​ខេត្ត Pattaya ពីរ​នាក់​ទៅ​ខេត្ត Phuket ពីរ​នាក់​ទៀត​ទៅ​ក្រុង Bangkok និង ពីរ​នាក់​ផ្សេងទៀត មិនទាន់មាន​ទិសដៅ​ច្បាស់លាស់​នៅទេ​។​
​តែ​ម្សិលមិញ អ្នកនាំពាក្យ​ប៉ូលិស​ថៃ Songpol Wattanachai បាន​អះអាង ប៉ូលិស មិនទាន់​ទទួល ការព្រមាន​ពី​សកម្មភាព​របស់​ក្រុម​រដ្ឋ​ឥស្លាម​ពី​ភា្ន​ក់​ងារ​ស៊ើបអង្កេត​បរទេស​ណាមួយ​នៅឡើយ​នោះទេ ។ លោក បន្ថែមទៀតថា ប៉ូលីស មិនមាន​ព័ត៌មាន​អត្តសញ្ញាណ ឬ​គោលដៅ​ណា​របស់​ក្រុម​រដ្ឋ​ឥស្លាម តែ ប៉ូលីស កំពុង​ព្យាយាម​ធ្វើការ​បញ្ជាក់ថា​តើ​ក្រុម​ទាំងនោះ​ពិតជា​បានមក​ដល់​ថៃ​ពិតប្រាកដ​ឬ​អត់​។​

​ជាមួយគ្នានេះ មន្ត្រី​រដ្ឋាភិបាល​ថៃ លោក Suwaphan Tanyuvardhana បាន​បញ្ជាក់ថា រុស្ស៊ី បាន​ផ្លាស់ប្តូរ​ព័ត៌មាន ជាមួយនឹង​រដ្ឋាភិបាល​មែន ពោលគឺ រុស្ស៊ី គ្រាន់តែ​ចង់ដឹងថា ក្រុម​បណ្តាញ​រដ្ឋ​ឥស្លាម​ទាំង​ដប់​នោះ ពិតជា​បាន​ដល់​ប្រទេស​ថៃ​ពិតប្រាកដ​ឬ​យ៉ាងណា​។ តែ មន្ត្រី​រដ្ឋាភិបាល​ថៃ​ដដែល បាន​បញ្ជាក់ថា អាជ្ញាធរ​ថៃ មិនទាន់​រកឃើញ​មុខសញ្ញា​ណាមួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅឡើយ​នោះទេ​។ យ៉ាងណាក៏ដោយ​លោក បាន​សង្កត់ធ្ងន់ថា អាជ្ញា​ថៃ នៅតែ​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ និង​សុវត្ថិភាព ដ្បិត​នៅ​ចុងឆ្នាំ​នេះ មាន​ព្រឹត្តិការណ៍​ជាច្រើន ដែល​នឹងត្រូវ​ប្រារព្ធ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ថៃ​។

​ជុំវិញ​បញ្ហា​នេះដែរ មន្ត្រី​អន្តោប្រវេសន៍​ថៃ លោក Nattorn Prohsunthorn បាន​អះអាងថា ក្នុង​ចន្លោះ ថ្ងៃទី​១៥-៣១ ខែតុលា មាន​ពលរដ្ឋ​ស៊ី​រី ២៣១​នាក់ បាន​ចូលក្នុង​ប្រទេស​ថៃ​។ តែ លោក ថា មានតែ​ពលរដ្ឋ​២១​នាក់​ប៉ុណ្ណោះ​កំពុងស្នាក់នៅ​ប្រទេស​ថៃ ដែល​ក្នុងនោះ​រួមមាន ៦​នាក់ បម្រើការ​នៅ​ស្ថានទូត និង ១៥​នាក់​ផ្សេងទៀត​ជា​ភ្ងៀ​វ​ទេសចរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com