អន្តរជាតិ
ឥណ្ឌា ៖ ត្រាំ​កូន​ក្នុង​លាមក​សត្វ​គោ ធ្វើ​ឲ្យ​មាន​សុខ​ភាពល្អ និង​សំណាងល្អ​
06, Dec 2015 , 9:20 am        
រូបភាព
ដោយ: ធីតា

នៅក្នុង​ភូមិ​ដ៏​តូច​មួយ​ឈ្មោះថា Betul ដែល​ស្ថិតនៅក្នុង​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា គេ​មានជំនឿថា ត្រាំ​កូន​ក្នុង​លាមក​សត្វ​គោ នឹងធ្វើ​ឲ្យ​គេ​ចៀស​ផុតពី​ជំងឺ​ដ​ង្កា​ត់​ទាំងឡាយ​។ មិនតែប៉ុណ្ណោះ ភាព​បរិសុទ្ធ​នៃ​លាមក​នេះ​នឹង​នាំមក​នូវ​សំណាងល្អ​ដល់​រូបគេ​។​

-
​ប្រពៃណី​ដ៏​ចម្លែក​តែងតែ​ត្រូវគេ​ប្រារព្ធ​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​បុណ្យ​ពន្លឺ Diwali ក្នុងប្រទេស​នេះ​។ អ្នកភូមិ​បាន​ប្រមូល​អាចម៍គោ​ទុកជា​ច្រើន​សប្តាហ៍ រួច​យកទៅ​ចាក់​នៅ​កន្លែង​មួយ​ដើម្បី​ប្រារព្ធ​ពិធី​។ ពិធី​នេះ​ចាប់ផ្តើម​ធ្វើ​តាំងពីព្រឹក​ព្រលឹម បន្ទាប់ពី​ចប់​ពិធីសូត្រមន្ត​បួងសួង​តាម​ព្រហ្មញ្ញសាសនា​។ ឪពុកម្តាយ​បាន​ចាប់​កូនៗ​របស់ខ្លួន​ទម្លាក់​ក្នុង​ពំនូក​អាចម៍គោ​។ មនុស្ស​រាប់សិប​នាក់​ក្នុងភូមិ​បាន​ឈរជុំវិញ​ពំនូក​លាមក ដើម្បី​រង់ចាំ​វេន​របស់ខ្លួន​ម្នាក់​ម្តងៗ​។

​ប្រពៃណី​នេះ​មាន​អាយុកាល​រាប់​សតវត្សរ៍​មកហើយ​ក្នុងភូមិ​ដ៏​តូច​មួយ​នេះ​។ នៅក្នុង​ព្រហ្មញ្ញសាសនា សត្វ​គោ​គឺជា​សត្វ​មួយ​ដែល​គេ​គោរពបូជា​។ គេ​មានជំនឿថា ទឹកនោម និង​លាមក​របស់​សត្វ​គោ គឺជា​ឱសថ​ដ៏​សក្តិ​សិទ្ធិ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​ទាំងពួង​៕

​វីដេអ៖ http://www.mirror.co.uk/news/weird-news/parents-dunk-children-cow-dung-6945380



© រក្សាសិទ្ធិដោយ thmeythmey.com