អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ាក់​ទាមទារ​ឲ្យ​តួ​ក​គី​ដកទ័ព​ចេញពី​ទឹកដី​ខ្លួន​
06, Dec 2015 , 10:21 am        
រូបភាព
ដោយ:

​នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ រដ្ឋាភិបាល​អ៊ីរ៉ាក់​បានទាមទារ​តួ​ក​គី​អោយ​ដក​កងទ័ព​ចេញពី​ទឹកដី​អ៊ីរ៉ាក់ ភ្លាមៗ ចៀសវាង​រំលោភ​បូរណភាព​ទឹកដី​អ៊ីរ៉ាក់​។ ការទាមទារ​នេះ​ធ្វើឡើង​ក្រោយ​សារព័ត៌មាន​តួ​ក​គី​ចុះផ្សាយ​ថា កងទ័ព​តួ​ក​គី​១៥០​នាក់​បានធ្វើ​ដំណើរ​ទៅដល់​តំបន់​ម៉ូ​ស៊ូ​ល ភាគ​ខាងជើង​អ៊ីរ៉ាក់​ហើយ​។​



​សារព័ត៌មាន គាំទ្រ​រដ្ឋាភិបាល​តួ​ក​គី​មួយ​បាន​ចុះផ្សាយ​ថា កងទ័ព​តួ​ក​គី​១៥០​នាក់ បានធ្វើ​ដំណើរ​ទៅដល់​តំបន់​ម៉ូ​ស៊ូ​ល​ភាគ​ខាងជើង​អ៊ីរ៉ាក់ ដើម្បី​ជំនួស​កងទ័ព​តួ​ក​គី ដែល​បាន​បណ្តុះបណ្តាល​ក្រុម​ទាហាន​កៀ​ឌី​ស្តង់​អ៊ីរ៉ាក់ ក្នុងការ​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​។ តំបន់​នេះ​ស្ថិតនៅ​៨០​គីឡូម៉ែត្រ ពី​ព្រំដែន​តួ​ក​គី​។ នៅ​ទីនោះ មាន​បន្ទាយ​មួយកន្លែង ដែល​ទាហាន​តួ​ក​គី​បណ្តុះបណ្តាល​ទាហាន​កៀ​ឌី​ស្តង់​។​

​យោងតាម នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក ហៃ​ដឺ អាល់​អា​បា​ឌី តួ​ក​គី​បាន​បញ្ជូន​ទ័ព​និង​រថក្រោះ​ច្រើន​គ្រឿង​ចូល​ទឹកដី​អ៊ីរ៉ាក់ ក្រោមលេស​ថា បណ្តុះបណ្តាល​កងទ័ព​។ តែ​តួ​ក​គី​មិនបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​អ៊ីរ៉ាក់​ជាមុន​ទេ​។ សម្រាប់​ក្រុង​បា​ក់ដាត នេះ​ជាការ​រំលោភ​បូរ​ភាព​ដែនដី​អ៊ីរ៉ាក់​យ៉ាងច្បាស់​។ ប្រធានាធិបតី​អ៊ីរ៉ាក់ លោក ហ្វូ​អាត ម៉ា​ស៊ូ​ូ​ម វិញ បានចាត់ទុក​ទង្វើ​តួ​ក​គី​ថា ជាការ​រំលោភច្បាប់​អន្តរជាតិ​។ អ៊ីរ៉ាក់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​តួ​ក​គី​មកជួប​។

​ការបញ្ជូន កងទ័ព​បរទេស​មក​កំចាត់​ក្រុម​ភេរវជន ក្នុង​ទឹកដី​អ៊ីរ៉ាក់​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅគគុក​ក្នុងស្រុក​។ កងកម្លាំង​អ៊ីរ៉ាក់​មិន​ពេញចិត្ត​វត្តមាន​អាមេរិក​បច្ចុប្បន្ន​ទេ រឹតតែ​មិន​ពេញចិត្ត​នឹង​ឃើញ​ទ័ព​បរទេស​ផ្សេងទៀត មាន​វត្តមាន​ក្នុង​ទឹកដី​ខ្លួន​ទៅទៀត​។ ម្សិលមិញ រដ្ឋាភិបាល​តួ​ក​គី​បាន​បដិសេធថា វត្តមាន​កងទ័ព​តួ​ក​គី​ថ្មី​នេះ មិនមែនជា​ការត្រៀម​ធ្វើ​ប្រតិបត្តិការ​យោធា​អ្វី​ឡើយ តែ​ជាការ​ពង្រឹងកម្លាំង​សន្តិសុខ​ទៅវិញ​ទេ​។ កងទ័ព​កៀ​ឌី​ស្តង់​អ៊ីរ៉ាក់​វិញ​ក៏​បញ្ជាក់ដែរថា ទាហាន​តួ​ក​គី​គ្រាន់តែ​ចូលមក​បន្តវេន​ពី​ទាហាន​ចាស់​ប៉ុណ្ណោះ ដើម្បី​បណ្តុះបណ្តាល​ពួកគេ​។

​ដោយឡែក ម្សិលមិញ សារព័ត៌មាន​តួ​ក​គី​ជាច្រើន​មិនបាន​ចុះផ្សាយ​ខ្លឹមសារ​ក្នុងន័យ​បែបនេះ​ទេ​។ សារព័ត៌មាន​ប្រចាំថ្ងៃ​តួ​ក​គី Hurriyet បាន​សេរ​សេរ​ថា តួ​ក​គី​កំពុង​រៀបចំ​មូលដ្ឋាន​នៅ​Bashiqa ក្នុង​តំបន់​ម៉ូ​ស៊ូ​ល ជាមួយ​ទាហាន​៦០០​នាក់ ស្របតាម​កិច្ចព្រមព្រៀង​រវាង​ប្រធាន​តំបន់​កៀ​ឌី​ស្តង់​អ៊ីរ៉ាក់ និង​ក្រសួងការបរទេស​តួ​ក​គី​៕


© រក្សាសិទ្ធិដោយ thmeythmey.com