អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អូ​បា​ម៉ា​ថា អាមេរិក​មិន​ភ័យ​ស្លន់ស្លោរ ក្រោយ​ក្រុម​IS​វាយប្រហារ​កាលី​ហ្វ​នីញ៉ា​
06, Dec 2015 , 2:54 pm        
រូបភាព

​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងថា សហរដ្ឋអាមេរិក​នឹងមិន​ស្ថិតក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ​ព្រោះ​ការគំរាមកំហែង​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ ដែ​ស្ហ (Daesh)​ឡើយ​។ ប្រធានាធិបតី​អាមេរិក​លើកឡើង​បែបនេះ ក្រោយ​ក្រុម​ភេរវជន​ដែ​ស្ហ​ប្រកាស​កោតសរសើរ​ប្តី​ប្រពន្ធ​មួយគូ​ដែល​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ដោយ​សម្លាប់​មនុស្ស​១៤​នាក់​នៅ​កាលី​ហ្វ​នីញ៉ា​កាលពីដើម​សប្តាហ៍​។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ​



​ក្រោយ​ករណី​វាយប្រហារ​សម្លាប់​រង្គាល​មនុស្ស​១៤​នាក់​ដោយ​ខ្មាន់កាំភ្លើង​ជា​ប្តី​ប្រពន្ធ​នៅ​រដ្ឋ​កាលី​ហ្វ​នីញ៉ា ក្រុម​ភេរវជន​ដែ​ស្ហ បាន​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ​និង​បង្ហាញ​ការកោតសរសើរ​ខ្មាន់កាំភ្លើង​ដែល​បូជាជីវិត​ដើម្បី​សាសនា​។ តែ​ភ្លាមៗ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមុខ​ថ្លែង​សុន្ទរកថា​ដែល​ត្រូវបាន​គេ​ចាក់ផ្សាយ​តាម​វិទ្យុ ដើម្បី​ឲ្យ​ប្រជាជន​អាមេរិក​ទប់​ស្មារតី​និង​កុំ​ឲ្យ​ស្លន់ស្លោរ​។

​លោក​ថា​៖« យើង​ជា​ជនជាតិ​អាមេរិក​។ យើង​នឹង​នៅ​រក្សា​ការពារ​តម្លៃ​របស់​យើង​ដែលមាន​សេរីភាព និង​ការបើក​ទូលាយ​សង្គម ។ យើង​នឹងមិន​ភ័យ​ស្លន់ស្លោរ​ព្រោះ​ទង្វើ​ភេរវកម្ម​នេះឡើយ​»​។

​ក្រោយ​ការវាយប្រហារ​ប៉ុន្មាន​ថ្ងៃ​លោក អូ​បា​ម៉ា ក៏បាន​ជួប​ជាមួយ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ផងដែរ ដែល​ពួកគេ​បានចង្អុលបង្ហាញ​ថា ខ្មាន់កាំភ្លើង​ទាំងពីរ​ជា​ប្តី​ប្រពន្ធ​ត្រូវបាន​ដុសខាត់​ខួរក្បាល​និង​ប​ញ្ច្រា​ប​មនោគមន៍វិជ្ជា​ជ្រុលនិយម ប៉ុន្តែ​មន្ត្រី​សន្តិសុខ​ទាំងនោះ​មិនបាន​បញ្ជាក់ថា អ្នក​ទាំងពីរ​ពិតជា​បណ្តា​ក្រុម​ភេរវជន​ឡើយ​។​

​យ៉ាងណាមិញ ដោយសារ​ការវាយប្រហា​រ​នេះ​ពាក់ព័ន្ធ​ក្រុម​ភេរវជន តិច​ឬ​ច្រើន​វា​បាន​បំភ័យ​ប្រជាជន​អាមេរិក​រួចទៅហើយ​។ ហើយ​គេ​ក៏​មិន​បានដឹង​ច្បាស់​ដែរ​ថា តើ​មាន​ក្រុម​ជ្រុលនិយម​ប៉ុន្មាន​នាក់​នៅ​សហរដ្ឋអាមេរិក​ឡើយ​។

​មកទល់ពេលនេះ រឿងរ៉ាវ​ពីរ​យ៉ាង​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង ក្នុងនោះ​មានការ​ពង្រឹង​យុទ្ធសាស្ត្រ​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ និង​មួយវិញទៀត​គឺ​ការជំរុញ​ការគ្រប់គ្រង​អាវុធ​នៅ​សហរដ្ឋអាមេរិក​។ ជុំវិញ​ការពង្រឹង​យុទ្ធសាស្ត្រ​យោធា​កម្ចាត់​ក្រុម​ភេរ​ជន​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ។ គេ​រង់ចាំ​មើលថា តើ​លោក អូ​បា​ម៉ា នឹង​បញ្ជូន​ទ័ព​ថ្មើ​ជើង​ទៅ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​មជ្ឈិមបូព៌ា​ឬ​យ៉ាងណា​។

​ចំណែក ការបាញ់ប្រហារ​សម្លាប់​រង្គាល វា​ពិបាក​ដោះស្រាយ​ណាស់ ព្រោះ​ក្លាយជា​ទម្លាប់​ប្រចាំថ្ងៃ​នៅ​អាមេរិក​ក៏​ថា​បាន​។  ប្រធានាធិបតី អូ​បា​ម៉ា បាន​រិះគន់ថា ហិង្សា​ប្រដាប់អាវុធ​បែបនេះ​មានតែ​នៅ​អាមេរិក​ប៉ុណ្ណោះ​ដែល​កើត​ញឹកញាប់​ជាងគេ ហើយ​លោក​យល់ថា វា​បណ្តាលមកពី​មនុស្ស​គ្រប់គ្នា​មាន​សិទ្ធិ​កាន់​អាវុធ និង​អាច​រក​អាវុធ​បាន​ងាយ​។ ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​ចង់​ឲ្យ​មានការ​អនុម័ត​ច្បាប់​រឹតបន្តឹង​ការទិញ​លក់​និង​ប្រើប្រាស់​អាវុធ​នៅ​អាមេរិក ប៉ុន្តែ​អ្នកនយោបាយ​អាមេរិក​ច្រើន​ដែរ​មិន​ចង់​ឲ្យ​ប្រពៃណី​កាន់​អាវុធ​របស់​ប្រជាជន​អាមេរិក​បាត់បង់​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com