អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់​ឆ្នាំ ២០០៣ ពាក់ព័ន្ធ​អ្វី​នឹង​កំណើត​ក្រុម​ភេរវជន IS ?
06, Dec 2015 , 8:30 pm        
រូបភាព

ប្រភព​នៃ​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម ដែ​ស្ហ (Daesh) កំពុង​ក្លាយជា​ប្រធានបទ​ស្មុគស្មាញ​និង​សំខាន់បំផុត​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​មានការ​បកស្រាយ​ខុសប្លែកគ្នា​ជុំវិញ​ប្រភព​នៃ​ក្រុម​ភេរវជន​ដ៏​មាន​ឥទ្ធិពល​នេះដែរ​។ ក្រុម​ភេរវជន ដែ​ស្ហ ដែលមាន​ឈ្មោះ​បោះ​សំឡេង​ដូច​រាល់ថ្ងៃ​បាន​វិ​វ​ត្តិ​ចេញពី​ក្រុម​អាល់​កៃ​ដា ក្រោយ​ផ្តុំ​កម្លាំង​បន្ទាប់​ព្រឹត្តិការណ៍​អាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់​ឆ្នាំ ២០០៣ ។ វា​អាចជា​កំហុសឆ្គង​មួយ​របស់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត ដែល​ពួកគេ​មិនមាន​លទ្ធភាព​ផ្សះផ្សា​សង្គម​អ៊ីរ៉ាក់​ឡើយ ដោយ​ទុក​ក្រុម​ដែល​ស្មោះស្ម័គ្រ​របប​ដឹក​នាំសា​ដាម ហ៊ូ​សេន ស្ថិត​នៅក្រៅ​ដំណោះស្រាយ​នយោបាយ​។​



បញ្ហា​នៅ​អ៊ីរ៉ាក់ មិន​ត្រឹមតែ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើត​ជម្លោះ​ក្រុម​ភាគតិច​និង​ភាគច្រើន​ដែលមាន​និន្នាការ​ខុសគ្នា​។ លោក​សា​ដាម ហ៊ូ​សេន ជា​មេដឹកនាំ​ដែល​ប្រកាន់​និកាយ​ស៊ូ​នី ដែល​មកពី​ក្រុម​ភាគតិច ហើយ​ក្រោយ​លោក​ធ្លាក់​ពី​តំណែង សហរដ្ឋអាមេរិក​បាន​លើក​បន្ទុប​មេដឹកនាំ​ដែល​មកពី​ក្រុម​ភាគច្រើន​ដែល​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​។ រឿង​ដែល​អាក្រក់​នោះ​គឺ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ពី​ឆ្នាំ ២០០៦​ដល់​ឆ្នាំ​២០១៤​លោក Nouri al-Maliki បាន​បង្កើត​នយោបាយ​ព្រៃផ្សៃ ដោយ​ធ្វើទុក្ខបុកម្នេញ​ក្រុម​ភាគតិច​ដែល​កាន់​និកាយ​ស៊ូ​នី ជាពិសេស​ក្រុមគាំទ្រ​អតីត​មេដឹកនាំ​អ៊ីរ៉ាក់​តែម្តង​។ វា​ជា​រឿង​មិនអាច​ចៀសផុត​ដែលថា ជម្លោះសាសនា និង​នយោបាយ​ព្រៃផ្សៃ រើសអើង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​នេះ ផ្តល់ឱកាស​ដល់​ក្រុម​ភេរវជន​ទាញ​ប្រយោជន៍​ប្រមូលផ្តុំ​កម្លាំង​របស់ខ្លួន​បាន​ងាយ​។  ទើបតែ​ដល់​ឆ្នាំ ២០១៤​ប៉ុណ្ណោះ​ដែល​ក្រុម​នេះ​សម្រេច​ផ្តាច់ខ្លួន​ពី​ក្រុម​អាល់​កៃ​ដា ហើយ​ប្រកាស​បង្កើត​រដ្ឋ​មួយ​ដែលមាន​រចនាសម្ព័ន្ធ​ដឹកនាំ​តាមបែប​សាសនា និង​ប្រកាន់​និ​យ​កាយ​ស៊ូ​នី កាន់កាប់​ទឹកដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។

១.​បេក្ខជន​ប្រធានាធិបតី​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន ក៏​ធ្លាប់​សោកស្តាយ​រឿង​អាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់​
​លោក ស្រី ហ៊ី​ឡា​រី គ្លី​តុ​ន ជា​អតីត​ព្រឹទ្ធសមាជិក​អាមេរិក រដ្ឋមន្ត្រីការបរទេស និង​ជា​បេក្ខជន​ប្រធានាធិបតី មួយរូប​ផង​នោះបាន រិះគន់​គោលនយោបាយ​ការបរទេស​រដ្ឋបាល​លោក​អូ​បា​ម៉ា និង​បង្ហាញ​ពី​ការសោកស្តាយ​ដែល​លោកស្រី​ធ្លាប់​បោះឆ្នោត​គាំទ្រ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ឆ្នាំ ២០០៣ ។ អតីតរដ្ឋមន្ត្រី​ការបរទេស​រូបនេះ​បានបង្ហាញ​ពី​ការសោកស្តាយ​នេះ​ក្នុង​សៀវភៅ​របស់​លោកស្រី​ដែល​ទើប​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៤ ដែលមាន​ចំណងជើង​ថា «​ជម្រើស​ដ៏​លំបាក​» ។​

​លោកស្រី​បញ្ជាក់ថា  អន្តរាគមន៍​នៅ​អ៊ីរ៉ាក់​ពិតជា​កំហុសឆ្គង​មួយ ព្រោះ​ទីមួយ​អាមេរិក​បានគាស​រំលើង​របប​ដឹកនាំ​ចាស់​ប្រកាន់​និកាយ​ស៊ូ​នី​ដែលមាន​វត្ត​មាននៅ​អ៊ីរ៉ាក់​រាប់រយឆ្នាំ ហើយ​អាមេរិក​បាន​លើក​បន្ទុប​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ផ្តាច់ការ​ព្រៃផ្សៃ​ដឹកនាំ​ដោយ​លោក Nuri al-Maliki អតីត​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​តែម្តង​ដែលជា​អ្នក​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​។

​លោក Maliki បាន​ឡើងកាន់​ចាប់ផ្តើម​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​អ៊ីរ៉ាក់​ដែល​ប្រកាន់​និកាយ​ផ្សេង​ពី​ខ្លួន និង​ជនជាតិភាគតិច​ផ្សេងទៀត ដូច្នេះហើយ​ទើបបានជា​សង្គម​អ៊ីរ៉ាក់​បែកខ្ញែក​គ្នា​ខ្លាំង​នៅពេលនេះ​។ ទី​ពីរ គឺ​អន្តរាគមន៍​យោធា​អាមេរិក​ដើម្បី​រុករក​អាវុធ​គីមី​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ រំលោភ​លើ​ច្បាប់​អន្តរជាតិ​ទាំងស្រុង ហើយ​គ្មាន​ការផ្តល់​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទេ​។ អាមេរិក​និង​សម្ព័ន្ធមិត្ត​អង់គ្លេស បារាំង​បែរជា​នាំគ្នា​ឈ្លានពាន វាយប្រហារ​អ៊ីរ៉ាក់ ផ្តួលរំលំ​របប​ដឹកនាំ​របស់លោក សា​ដាម ហ៊ូ​សេន ដោយ​ចោទប្រកាន់​មេដឹកនាំ​អ៊ីរ៉ាក់​នេះ ថា​ជា​ជន​ផ្តាច់ការ​នេះ​លួច​ផលិត​អាវុធ​គីមី​ទៅវិញ​។​ក្រោម​អន្តរាគមន៍​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត ប្រជាជន​អ៊ីរ៉ាក់ ១​លាន​នាក់​ត្រូវបាន​សម្លាប់​និង​ច្រើន​ពាន់​នាក់​ផ្សេងទៀត​រងរបួស​។ ក្រៅពីនេះ វិ​ប​ត្ត​អ៊ីរ៉ាក់​នៅពេល​បច្ចុប្បន្ននេះ​ក៏​កើតឡើង​ដោយសារ​ការដក​កងទ័ព​ចេញ​អស់ពី​អ៊ីរ៉ាក់​ផងដែរ ក្នុង​អាណត្តិ​លោក​អូ​បា​ម៉ា​។ ការដក​កងទ័ព​ចេញ​អោយ​អស់ពី​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០១១ ជា​ឱកាស​មួយ​សម្រាប់​ក្រុម​ឧទ្ទាម​ឥស្លាម​អាច​ដណ្តើម​កាន់អំណាច​ព្រោះ​កងទ័ព​អ៊ីរ៉ាក់​នៅ​ទន់ខ្សោយ​នៅឡើយ​។​

​ផ្ទុយ​ពី​លោកស្រី​គ្លី​ន​តុ​ន លោក​អូ​បា​ម៉ា​ជា​អ្នកប្រឆាំង​ខ្លាំង​ចំពោះ​ការធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ឆ្នាំ​២០០៣ ហើយ​លោក​បាន​បោះឆ្នោត​ប្រឆាំងនឹង​ការឈ្លានពាន​អី​រ៉ា​ក់​ផងដែរ ព្រោះ​កាលនោះ​លោក​នៅ​ជា​សមាជិក​ព្រឺទ្ធសភា​នៅ​រដ្ឋ Illinois នៅឡើយ​។ លោក​អូ​បា​ម៉ា​ប្រហែលជា​មើលឃើញ​ពី​ផលវិបាក​មួយចំនួន​ដែល​កើតឡើង ក្នុង​ការធ្វើអន្តរាគមន៍​យោធា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​នៅពេល​លោក​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​លោក​បានប្រកាស​ថាបើ​លោក​ជាប់ឆ្នោត​លោក​នឹង​ដកទ័ព​ចេញពី​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាដើម​ផង​។ ដូច្នេះហើយ​ក្រោយ​លោក​ឡើងកាន់តំណែង​ឆ្នាំ ២០០៩ លោក​ចាប់ផ្តើម​កាត់បន្ថយ​កង​ទ័ព​ដែលមាន​វត្ត​មាននៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​បន្តិច​ម្តងៗ ហើយ​លោក​បានសម្រេច​ដក​អស់​ឆ្នាំ ២០១១​ពី​អ៊ីរ៉ាក់​។​

២.​អតីត​ប្រមុខ​អង្គការសហប្រជាជាតិ​ក៏​យល់ថា ការឈ្លានពាន​អ៊ីរ៉ាក់​ឆ្នាំ ២០០៣ បង្កើត​ក្រុម​ភេរវជន​ដែ​ស្ហ​ឡើង
​ក្នុង​សន្និសីទ​សន្តិសុខ​ទីក្រុង​ម៉ុ​យ​និ​ច តាំងពី​ខែកុម្ភៈ​កន្លងមក អតីត​ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ​លោក កូហ្វី​អាណាន់ បាន​អះអាង​ចំពោះមុខ​មេដឹកនាំ​ពិភពលោក​ឯទៀត​ថា អន្តរាគមន៍​យោធា ក្រុង​វ៉ាស៊ីនតោន ឆ្នាំ ២០០៣ ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ អ៊ីរ៉ាក់​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​វា​បាន​បង្កើត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​ឡើង​។

​លោក អាណាន់ បានបញ្ជាក់​យ៉ាងច្បាស់​ថា ចលនា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​ប្រកាស​បង្កើត​រដ្ឋ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​បច្ចុប្បន្ននេះ មាន​ដើម​កំ​ណើ​ក្រោយពេល​ដែលមាន​ការឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​កាលពី​ឆ្នាំ ២០០៣ ។ លោក​បាន​សង្កត់ធ្ងន់​ផងដែរ កាល​លោក​ធ្វើជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន​ប្រឆាំង អន្តរាគមន៍​នេះ​ថែមទៀត​។​

 មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ព្យាយាម​ពន្យល់ថា សង្គ្រាម​នៅ​អ៊ីរ៉ាក់​ធ្វើអោយ​មានការ​បែកខ្ញែក​គ្នា​រវាង​ប្រជាជន​នៅក្នុង​ប្រទេស ជាពិសេស​ក្រុម​ទាហាន និង​មន្ត្រីនគរបាល​អ៊ីរ៉ាក់​។ ក្រុម​អតីត​យោធា និង​នគរបាល​ស្ថិតក្រោម​អំណាច សា​ដាម ហ៊ូ​សេន បាន​រត់គេចខ្លួន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ យ៉ាងណាក៏ដោយ ក្រៅពី​បន្ទោស​សហរដ្ឋអាមេរិក លោក កូហ្វី អាណាន់ បានចង្អុលបង្ហាញ​ផងដែរ​ថា ក្រុម​មហាអំណាច​ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏បាន​រួមចំណែក​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ក្រុម​ភេរវជន​ដែ​ស្ហ​នេះ ពង្រឹង​ឥទ្ធិពល​និង​អំណាច​របស់ខ្លួន​ផងដែរ​។ នេះ​ក៏ដោយ​សារ​ក្រុម​រដ្ឋ​ទាំង​នោះបាន​ទ​ទូល​ប្រយោជន៍​ដែរ​ពី​ចលនា​ជ្រុលនិយម​នេះ​។​

​អតីត​ប្រមុខ​ស្ថាប័ន​អង្គការសហប្រជាជាតិ​ខាងលើ​ក៏បាន ក្រើនរំលឹក​ផងដែរ​ពី​គោលបំណង​សាបព្រោះ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយ​មិនបាន​ពិនិត្យមើល​ដំណើរការ​ស្ថាប័ន​នយោបាយ​និង​វប្បធម៌ ជាមុន​។ បញ្ហា​មួយទៀត​មហាអំណាច​អាមេរិក​អសមត្ថភាព​ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក្រោយ​របប​សា​ដាម​ហ៊ូ​សេន ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ធានា​ការផ្សះផ្សា​ជាតិ និង​គោរព​សេរីភាព​សាសនា​។  រដ្ឋាភិបាល​កើតឡើង​ក្រោយ​អន្តរាគមន៍ ចាក់ស្រេះ​ដោយ​អំពើពុករលួយ ហើយ​ការ រើសអើង ស្អប់ខ្ពើម​គ្នា​អ្នក​កាន់សាសនា​ឥស្លាម​និកាយ​ស៊ូ​នី​និង​ស៊ី​អ៊ី​ត បាន​បណ្តាលអោយ​ក្រុម​ប្រជាជន​ឥស្លាម​និកាយ​ស៊ូ​នី​រត់​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទៅវិញ​ថែមទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com