អន្តរជាតិ
ចម្លាក់​ខ្សាច់ «​ស្រី​ស្រាត​» ទាក់ទាញ ប៉ុន្តែ​មានការ​បារម្ភ​ថា ជាការ​ទាក់ទាញ​ទេសចរណ៍​ផ្លូវភេទ​
06, Dec 2015 , 9:00 pm        
រូបភាព
ដោយ: ធីតា

ប្រេ​ស៊ី​ល​៖ ចម្លាក់​ខ្សាច់​ដែលមាន​រូប​ស្ត្រី​ដេក​បែរខ្នង​ទាំង​រាងកាយ​អាក្រាត នៅលើ​ឆ្នេរសមុទ្រ Copacabana ក្នុង​ក្រុង Rio de Janeiro មានការ​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​ភ្ញៀវទេសចរ ប៉ុន្តែ​មន្ត្រី​តំបន់​ចង់​ហាមប្រាម​ការតាំង​ចម្លាក់​បែបនេះ ដោយ​គេ​មានការ​ព្រួយបារម្ភ​ថា វា​ជា​ផ្នែក​មួយ​ដែល​ទាក់ទាញ​ទេសចរណ៍​ផ្លូវភេទ នាឱកាស​ដែល​ក្រុង Rio ទទួលបន្ទុក​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ ។​


​យោងតាម​កាសែត​តំបន់​នៅ​ប្រេ​ស៊ី​ល លោក Ubiratan dos Santos អាយុ​៦៣​ឆ្នាំ ដែល​ចូលចិត្ត​ឆ្លាក់​រូប​នៅលើ​ខ្សាច់​នៃ​ឆ្នេរ Copacabana អស់​រយៈពេល​២៣​ឆ្នាំ​មកហើយ​នោះ បាន​បញ្ជាក់ថា លោក​ចង់បង្ហាញ​ឲ្យ​ឃើញ​រូបភាព​ស្ត្រី​នៅ​គ្រប់​ទម្រង់ មិន​ថា​ពេល​ស្លៀក​ប៊ី​គី​នី ឬ​កាយ​អាក្រាត​នោះឡើយ​។ លោក​បាន​លើកឡើងថា​៖ «​ការហាមឃាត់​ស្នាដៃ​សិល្បៈ​បែបនេះ គឺជា​ការមិន​គោរព​នូវ​អ្វីដែល​ខ្ញុំ​ប្រឹងប្រែង​»​។​

​អ្នកវិភាគ​សង្គម​ម្នាក់​ដែលមាន​ដើមកំណើត​គូ​វែ​ត បានបង្ហាញ​ពី​ការយល់ឃើញ​របស់ខ្លួន ចម្លាក់​ទាំងនោះ គ្រាន់តែ​ជា​ស្នាដៃ​សិល្បៈ​ប៉ុណ្ណោះ វា​គ្មានអ្វី​ទាក់ទង​នឹង​ការទាក់ទាញ​ផ្លូវភេទ​នោះឡើយ ម្យ៉ាងទៀត វា​ជា​ស្នាដៃ​របស់​ពលរដ្ឋ​ក្រីក្រ ដែល​ធ្វើឡើង​ដើម្បី​ទទួល​ប្រាក់​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ផ្ទុយទៅវិញ លោក Bruno Ramos មន្ត្រី​ម្នាក់​ប្រចាំ​តំបន់ បាន​លើកឡើងថា ចម្លាក់​ខ្សាច់​រូប​ស្ត្រី​អាក្រាត មិនបាន​ផ្តល់​រូបភាព​ល្អ​ដល់ទី​ក្រុង​នោះឡើយ​។ លោក​ថែមទាំង​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​ទង្វើ​របស់លោក Ubiratan dos Santos​។​

​លោក Santos បាន​ចំអក​ថា ការព្រមាន​របស់​អាជ្ញា​ធរ​អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា​នៅក្នុង​ទីក្រុង ហើយ​លោក​តែងតែ​ឃ្លាំមើល​ជានិច្ច​ដោយ​ខ្លាចក្រែង​មានការ​កម្ទេច​ស្នាដៃ​សិល្បៈ​របស់ខ្លួន​។ អ្នកទេសចរ​ម្នាក់​ពី Sao Paulo ឈ្មោះ Luciane Sivestre អាយុ​៤៨​ឆ្នាំ ក៏​យល់ឃើញ​ផងដែរ ទម្លាក់​ខ្សាច់​នោះ មិនបាន​បង្ហាញ​រូបអាក្រាត​របស់​ស្ត្រី​ទាំងស្រុង​នោះឡើយ ប៉ុន្តែ​វា​ជា​ស្នាដៃ​សិល្បៈ​ដែល​គួរ​ឲ្យ​កោតសរសើ​ទៅវិញ​ទេ​។

​ទោះបីជា​យ៉ាងណាក៏ដោយ សមាគម​ដែល​ធ្វើការ​ងារ​ខាង​វប្បធម៌ និង​អាជ្ញាធរ​ដែនដី នៅតែ​បន្ត​វិធានការ​ផ្លូវច្បាប់​របស់ខ្លួន​ដើម្បី​លុបបំបាត់​ចម្លាក់​ខ្សាច់​របស់លោក Santos ដោយ​ពួកគេ​យល់ថា វា​នឹងមាន​រូបភាព​មិនល្អ ខណៈ​ក្រុង Rio ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​ឆ្នាំ​២០១៦ ខាងមុខ​៕


© រក្សាសិទ្ធិដោយ thmeythmey.com