អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី អ៊ុង​សាន ស៊ូ​ជី បានការ​គាំទ្រ​ពី​អតីត​មេដឹកនាំ​ផ្តាច់ការ លោក ថា​ន់ ស្វេ​
07, Dec 2015 , 8:49 am        
រូបភាព
ដោយ: ថ្មីៗ
​អតីត​មេដឹកនាំ​យោធា​ផ្តាច់កា​រលោក ថា​ន់ ស្វេ បានបង្ហាញ​ពី​គាំទ្រ​ចំពោះ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទៅតាម​អ្វីដែល​លោក​អាច​ធ្វើបាន ក្នុងករណី​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ធ្វើ​កិច្ចការ​ដើម្បី​អភិវឌ្ឍ​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Irrawady ដោយ​ដកស្រង់​សម្តី​របស់​ចៅប្រុស​បង្កើត​របស់លោក ថា​ន់ ស្វេ​។



​ជំនួប​រវាង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក ថា​ន់ ស្វេ បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​សុក្រ​កន្លងមក ដោយមាន​លោក Nay Shwe Thway Aung ចៅប្រុស​បង្កើត​របស់លោក ថា​ន់ ស្វេ ធ្វើជា​អន្តរការី​។ លោក Thway Aung បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​បន្ទាប់ពី​ការបោះឆ្នោត ភាព​ពិត​ទាំងអស់​ត្រូវតែ​ទទួលយក​ទាំងអស់គ្នា ដែលថា លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​អនាគត​អ្នកដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​»​។​

​ចៅប្រុស​លោក ថា​ន់ ស្វេ ដែលមាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​លោកស្រី ស៊ូ​ជី មិនបាន​បញ្ជាក់ថា អនាគត​ដឹកនាំ​ប្រទេស​នោះ មានន័យថា យ៉ាងម៉េច​នោះឡើយ ប៉ុន្តែ​លោក​បាន​អះអាងថា ជីតា​របស់ខ្លួន​ត្រៀម​ជួយ និង​ផ្តល់​ប្រឹក្សា​ដល់​លោកស្រី ស៊ូ​ជី ទាក់ទង​នឹង​ការដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​៊​

​ជំនួប​រវាង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក ថា​ន់ ស្វេ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​២​ម៉ោង នៅ​គេហដ្ឋាន​របស់លោក ថា​ន់ ស្វេ ក្នុង​ទីក្រុង​ណៃ​ពី​ដោ​។ លោក Nay Shwe Thway Aung បាន​ទ​ម្លា​ញ​ពី​ដំណឹង​នៃ​ជំនួប​នេះ បន្ទាប់ពី​មានការ​យល់ព្រម​ពី​ភាគី​ទាំងសងខាង​៕



Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com