អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោត​តំបន់​បារាំង​៖​បក្ស​ជ្រុលនិយម​ស្តាំ​ឈ្នះ​ជុំ​ទី​១ បំភ័យ​បក្ស​ជើង​ខ្លាំង​ទាំង​២
07, Dec 2015 , 9:34 am        
រូបភាព
ដោយ:
​ក្រុងប៉ារីស​៖ ក្នុងការ​បោះឆ្នោត​តំបន់ ជុំ​ទី​១ នៅ​ប្រទេស​បារាំង​ថ្ងៃអាទិត្យ​ម្សិលមិញ គណបក្សប្រឆាំង​ស្តាំនិយម​រណសិរ្ស​ជាតិ ដឹកនាំ​ដោយ​លោកស្រី​Marine Le Pen បានទទួល​ជោគជ័យ ជាមួយ​សំឡេងឆ្នោត​ប្រមាណ​ជិត​៣០​ភាគរយ លើស​បក្ស​ស្តាំនិយម​និង កណ្តាល​និយម ដែល​ទទួលបាន​ជាង​២៦​ភាគរយ​។ រីឯ​បក្ស​សង្គមនិយម​កំពុង​កាន់អំណាច​សព្វថ្ងៃ ទទួល​បានតែ​សំឡេង​ជាង​២៣​ភាគរយ​តែប៉ុណ្ណោះ​។



​គ្រប់​បក្សនយោបាយ ពិសេស​បក្ស​កាន់អំណាច​សង្គមនិយម និង​បក្ស​ស្តាំនិយម​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតី​សា​កូ​ហ្ស៊ី ពិតជា​បារម្ភ​មិនតិច​ទេ ដែល​បក្ស​ស្តាំនិយម​ជ្រុល​របស់​លោកស្រី ឡឺ​ពេន ឡើង​កូដ​ខ្ពស់​រហូត​ទទួលជោគជ័យ​ធំធេង​យ៉ាងនេះ​។ ទោះជា​បក្ស​កាន់អំណាច​របស់លោក​ហូ​ឡង់​ខំ​ចងសម្ព័ន្ធ​ជាមួយ​បក្ស​ឆ្វេងនិយម​ផ្សេងៗ ហើយ ទោះជា​បក្ស​របស់​អតីត​ប្រធានាធិបតី សា​កូ​ហ្ស៊ី ខំ​ចងសម្ព័ន្ធ​នឹង​បក្ស​និន្នាការ​កណ្តាល ក៏​នៅតែ​មិនអាច​យកឈ្នះ​លើ​បក្ស​រណសិរ្ស​ជ្រុលនិយម​ស្តាំ​របស់លោក​ស្រី​ឡឺ​ពេន បានដែរ​។

​ក្នុង​តំបន់​សំខាន់​ពីរ គឺ​តំបន់ Provence-Alpes-Côte d'Azur ភាគខាងត្បូង និង​តំបន់ Nord-pas-de-Calais-Picardie ភាគ​ខាងជើង សម្លេងឆ្នោត​បក្សប្រឆាំង​មួយ​នេះ​ឡើង​ខ្ពស់​រហូតដល់​ទៅជា​ង​៤០​ភាគរយ គឺ​ទ្វេដង​លើ​បក្ស​ដៃគូ​ប្រឆាំង​ទៅទៀត​។ សម្រាប់​លោកស្រី ឡឺ​ពេន បក្ស​លោកស្រី​ជា​បក្ស​តែមួយគត់​ដែល​ការពារជាតិ​បារាំង​ពិតប្រាកដ​។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​រួបរួម​ជាមួយ​បក្ស​លោកស្រី ដោយ​បោះឆ្នោត​ឲ្យ​បក្ស​លោកស្រី ក្នុង​ជុំ​ទី​២​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ក្រោយ​ទៀត​។​

​ក្នុងការ​បោះឆ្នោត​ម្សិលមិញ សំឡេង​អនុប្បវាទ ក៏មាន​អត្រា​ខ្ពស់​ដែរ គឺមាន​ជិត​៤៩​ភាគរយ​។ ដោយសារ​តួលេខ​ខ្ពស់​បែបនេះ បក្ស​កាន់អំណាច​សង្គមនិយម និង​បក្ស​ស្តាំនិយម​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតី នី​កូ​ឡា សា​កូ​ហ្ស៊ី លើកឡើង​រួមគ្នា​ថា ប្រជាជន​បារាំង​លែង​ចង់ឃើញ​បារាំង​ដើរ​ថយក្រោយ​ទៀតហើយ ទើបបានជា​មិន​ទៅ​បោះឆ្នោត​។ បក្ស​ទាំង​២​ខំ​រក​មូលហេតុ​នៃ​បរាជ័យ​របស់ខ្លួន ដោយ​លើកឡើង​ពី​បញ្ហា​សង្គម​ផ្សេងៗ ដូចជា​តួលេខ​ខ្ពស់​នៃ​ជន​គ្មាន​ការងារ​ធ្វើ ឬ​បញ្ហា​សន្តិសុខ​ទាក់ទង​ភេរវកម្ម​ក្រុងប៉ារីស​កាលពី​ខែវិច្ឆិកា​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com