ជាតិ
សង្គមជាតិ
លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​ដោយ​បង្ខំ​
07, Dec 2015 , 11:51 am        
រូបភាព
​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការការពារ​សិទ្ធិមនុស្ស លីកាដូ បានសម្រេច​ផ្អាក​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅក្នុង​ពន្ធនាគារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០​ខែធ្នូ។ ការសម្រេច​ផ្អាក​ដោយ​បង្ខំ​នេះ គឺ​ដោយសារ​មាន​លក្ខខណ្ឌ​ហាមឃាត់​មួយចំនួន​ជា​លាយលក្ខណ៍អក្សរ ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ ការដាក់​លក្ខខណ្ឌ​មិន​អនុញាត​ឲ្យ​ជន​ជាប់ឃុំ​ទាំងនោះ​ចូលរួម​ទិវា​ដ៏​មាន​អត្ត​ន័យ​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ នឹង​ធ្វើ​ឲ្យ​ការ​ប្រារព្ធ​ពិធី​នេះ​គ្មាន​អត្ថន័យ​គ្រប់គ្រាន់​។ ការមិន​អនុញាតិ​ឲ្យ​អង្គការ​លីកាដូ ចែកជូន​សម្ភារ​ផ្សេងៗ​ទៅ​អ្នក​ជាប់ឃុំ​ដោយផ្ទាល់ ក៏​មិនអាច​ធានាថាជន​ជាប់ឃុំ​ទាំងនោះ នឹង​ទទួល​កញ្ចប់​សម្ភារគ្រប់ៗ​គ្នា​ឡើយ​។​

​អ្នកស្រី ណា​លី ពី​ឡូ​ក នាយិការ​អង្គការ​លីកាដូ បាន​មានប្រសាសន៍ថា​៖«​ការ​រឹតត្បិត​ទាំងនោះ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ អំពី​ស្ថានភាព​អវិជ្ជមាន​របស់​រដ្ឋ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​»​។ អ្នកស្រី​បន្តថា​៖«​រយៈពេល​២០​ឆ្នាំកន្លងមក លីកាដូ​ធ្លាប់​ផ្តល់ឱកាស​ដល់​ជន​ដែល​ជាប់ឃុំ បាន​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ  ដែល​ក្នុងចំណោម​អ្នក​ទាំងនោះ នៅមាន​ជន​ជាប់ឃុំ​ជាច្រើន​កំពុង​រង់ចាំ​ការ​សវនាការ​»​។

​អ្នកស្រី ណា​លី ពី​ឡូ​ក ក៏​មិន​យល់​ដែរ​ថា តើ​ការ​រឹតត្បិត​នេះ​ធ្វើឡើង​ដើម្បី​អ្វី​? ហើយ​អ្នកស្រី ក៏​បារម្ភ​ផងដែរ​ថា រាជរដ្ឋាភិបាល អាច​នឹងធ្វើ​ការគាបសង្កត់​ជាជាង​ជួយ​ដល់​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា នៅពេលដែល​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទើបតែ​អនុម័ត​ហើយ​កន្លងទៅ​ថ្មីៗ​នេះ​។​

​ក្រៅពី​បញ្ជាក់​ពី​ការផ្អាក​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ លិ​កាដូ​ក៏បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន នៅក្នុង​ពន្ធនាគារ​ផងដែរ​។  អង្គការ​លីកាដូ​បាន​លើកឡើងថា ប្រព័ន្ធគ្រប់គ្រង​ពន្ធនាគារ​កម្ពុជា​នៅតែមាន​បញ្ហា​ច្រើន​ដូចជា ការ​ធ្វើទុក្ខបុកម្នេញ ការរើសអើង ការកេងប្រវ័ញ្ច និង​ការបង់ប្រាក់​ក្រៅច្បាប់​ជាដើម​។ បើតាម​លីកាដូ ជន​ជាប់ឃុំ​ជាច្រើន ត្រូវតម្រូវ​ឲ្យ​បង់ប្រាក់​ដើម្បី​ទទួលបាន​លក្ខខណ្ឌ​ឃុំខ្លួន​ប្រសើរ​ជាមុន ការព្យាបាល​ជំងឺ ការជួប​សួរសុខទុក្ខ និង​តម្រូវការ​ចាំបាច់​មួយចំនួន​ទៀត ដូចជា​អាហារ ទឹកស្អាត ពន្លឺ​ថ្ងៃ និង​ការយក​ខ្យល់អាកាស​ប្រចាំថ្ងៃ​ជាដើម​។ លីកាដូ​ក៏បាន​កត់សម្គាល់​ដែរ​ថា  ឯ​ជន​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ ក៏​នៅមានកម្រិត​ខ្ពស់​ផងដែរ ជាពិសេស​ស្ត្រី និង​អនីតិជន និង​រួមមាន​ករណី​ជាច្រើន ដែល​ឃុំខ្លួន​ខុស​នីតិវិធី និង​ដែល​កំពុង​រង់ចាំ​ការ​សវនាការ​នៅ​សាលាឧទ្ធរណ៍​យ៉ាងយូរ​។​

​សូមបញ្ជាក់ថា លក្ខខណ្ឌ​រិត​ត្បិត​ដូចគ្នានេះ​របស់​នាយកដ្ឋាន​ពន្ធនាគារ ក៏បាន​បង្ខំ​ឲ្យ​លីកាដូ ផ្អាក​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ កាលពី​ខែ​មិនា​នៅក្នុង​ពន្ធនាគារ​ម្តង​រួចហើយ​ដែរ​៕



Tag:
 លីកាដូ​
  ​ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com