អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មុន​ប្តឹង UN អ៊ីរ៉ាក់​ដាក់​ឱសានវាទ​ឲ្យ​តួ​ក​គី​ដកទ័ព​ចេញពី​ដី​ខ្លួន​៤៨​ម៉ោង​
07, Dec 2015 , 3:52 pm        
រូបភាព
​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានចេញ​មុខ​គំរាមថា​នឹង​ប្រើប្រាស់​រាល់​វិធានការ​ទាំងអស់​រួមទាំង​បញ្ជូន​រឿង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផង បើសិន​តួ​ក​គី​មិន​ព្រម​ដកទ័ព​ចេញពី​ទឹកដី​ខ្លួន​ក្នុងពេល​៤៨​ម៉ោង​ទេ​។ តែ​តួ​ក​គី​ថា វា​ជា​ទម្លាប់​ដែល​ខ្លួន​ផ្លាស់ប្តូរ​កងទ័ព​នៅ​តំបន់ Mosul ឲ្យ​ជួយ​បង្វឹក​ទ័ព​ឃឺ​ត​ដើម្បី​ច្បាំង​ដណ្តើម​ទឹកដី​ពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។  


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​



​វត្តមាន​ទ័ព​តួ​ក​គី​នៅលើ​ទឹកដី​ភាគ​ខាងជើង​អ៊ីរ៉ាក់ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ខឹងសម្បារ​ខ្លាំង ហើយ​រដ្ឋាភិបាល​នេះ​គំរាម​នាំយក​សំណុំ​រឿងនេះ​ទៅប្តឹង​អង្គការសហប្រជាជាតិ​។ នៅ​ថ្ងៃ​ចន្ទ​នេះ អ៊ីរ៉ាក់​បានដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី ៤៨ ម៉ោង បើ​មុន​ដូច្នេះ​ទេ​ខ្លួន​នឹង​សុំ​ការអន្តរាគមន៍​ពី​ស្ថាប័ន​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បង្ខំ​តួ​ក​គី​មិន​ខាន​។​
 
​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi ថ្លែងថា លោក ទុកពេល​ឲ្យ​តួ​ក​គី ៤៨​ម៉ោង សម្រាប់​ដក​កងទ័ព​ចេញពី​ប្រទេស​អ៊ីរ៉ាក់ បើ​មិន​ដូច្នោះ​ទេ​រដ្ឋាភិបាល​លោក​នឹង​សុំ​ការអន្តរាគមន៍​ពី​ស្ថាប័ន​អង្គការសហប្រជាជាតិ​។  ក្រុង​បា​ដា​ដ ប្រកាសថា ការពង្រាយ​ទ័ព​របស់​តួ​ក​គី​មកលើ​ទឹកដី​អ៊ីរ៉ាក់ គ្មាន​ការសុំ​អនុញ្ញាត​ជាមុន​ឡើយ ហើយ​វា​ពិតជា​រំលោភ​លើ​អធិបតេយ្យ​របស់ខ្លួន​។​
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​អះអាងថា វា​ជា​ទម្លាប់​របស់​កងទ័ព​ខ្លួន​ទៅហើយ​ដែលមាន​វត្ត​មាននៅ​ជំរុំ​នៅ​ខេត្ត Mosul នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ ព្រោះ​កងទ័ព​ខ្លួន​ជួយ​បង្វឹក​កងកម្លាំង​អាជ្ញាធរ​ឃឺ​ត ដើម្បី​ទៅ​ច្បាំង​ដណ្តើមយក​ទឹកដី​ពី​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​មកវិញ​។ តែ​គេ​ឃើញ​ការលើកឡើង​ពី​ខាង​តួ​ក​គី​ផងដែរ​ថា វា​នឹង​មិនមាន​កងទ័ព​ថ្មី​របស់​តួ​ក​គី​ទៅកាន់​ទឹកដី​អ៊ីរ៉ាក់​ឡើយ​។  ប៉ុន្តែ​នាយករដ្ឋមន្ត្រី​តួ​ក​គី  Ahmet Davutoglu មិនបាន​លើកឡើង​ពី​ការចេញ​បទបញ្ជា​ឲ្យ​ដកទ័ព​តួ​ក​គី​ចេញពី​ទឹកដី​អ៊ីរ៉ាក់​ឡើយ​។ 
 
​តួ​ក​គី​បាន​អះអាងថា កងទ័ព​របស់ខ្លួន​ទៅ​ជួយ​បណ្តុះបណ្តាល​និង​ផ្តល់​ប្រឹក្សា​ដល់​ទាហាន​អ៊ីរ៉ាក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប៉ុណ្ណោះ​។ ហើយ​តួ​ក​គី​ក៏​ប្រកាស​ផង​ដែន​ថា ខ្លួន​បន្ត​ពង្រឹង​ការសហការ​ជាមួយ​ភាគី​អ៊ីរ៉ាក់ និង បន្ត​ការប្រឹក្សា​គ្នា​ទៅវិញទៅមក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះដែរ​។ 
 
​យ៉ាងណាមិញ​កន្លងមក រដ្ឋាភិបាល​អ៊ីរ៉ាក់ បានបង្ហាញ​ការជំទាស់​រាល់​វត្តមាន​ទ័ព​បរទេស​លើ​ទឹកដី​របស់ខ្លួន ហើយ​រដ្ឋាភិបាល​នេះ​ក៏​ប្រឆាំង​គម្រោង​ពង្រាយ​ទ័ព​អាមេរិក​មក​ច្បាំង​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​លើទឹក​ដី​អ៊ីរ៉ាក់​ផងដែរ​។ រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​នេះ បញ្ជាក់ថា បើសិន​ចង់​បញ្ជូន​ទ័ព​មក​អ៊ីរ៉ាក់ ទាល់តែ​សុំ​ការអនុញ្ញាត​ពី​ខ្លួន​ជាមុនសិន​។ 
 
​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ពិចារណា​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ជួយផ្តល់​ប្រឹក្សា​និង​បង្វឹក​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុម​ប្រដាប់អាវុធ​ផ្សេងទៀត​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ប្រឆាំង​ក្រុម​ភេរវជន​។ ក្រុង​វ៉ាស៊ីនតោន​ក៏បាន​សម្រេច​រួចទៅហើយ​ថា​នឹង​បញ្ជូន​កងទ័ព​ពិសេស​ប្រហែល​៥០​នាក់​ទៅកាន់​តំបន់​ក្រុម​ឧទ្ទាម​ស៊ី​រី​កាន់កាប់ ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​៕

Tag:
 តួកគី
  អ៊ីរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com