អន្តរជាតិ
ប៉ាក ហ្គឺ​ន​ហេ អាច​បាត់​តំណែង​ព្រោះ​កែ​ប្រវត្តិសាស្ត្រ និង​បន្ថយ​អត្រា​យុវជន​គ្មាន​ការងារ​?
07, Dec 2015 , 7:59 pm        
រូបភាព
​ប្រជាជន​កូរ៉េខាងត្បូង​រាប់ម៉ឺន​នាក់​បាន​បន្ត​បង្ហាញ​ការខឹង​សម្បារ​ចំពោះ​រដ្ឋាភិបាល​បក្ស​អភិរក្ស​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ (Pak Geun Hye) ក្នុងការ​ចងក្រង​សៀវភៅ​ប្រវត្តិសាស្ត្រ​ឡើងវិញ និង​រៀបចំ​គោលនយោបាយ​ការងារ​ថ្មី​។ ប្រជាជន​កូរ៉េ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​ចុះ​ចេញពី​តំណែង និង​បញ្ឈប់​ការបន្ត​កំណែទម្រង់​ដែល​ផ្ទុយ​ឆន្ទៈ​ប្រជាជន​និង​បំផ្លាញ​ប្រជាធិបតេយ្យ​។



​ប្រជាជន​កូរ៉េ​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កណ្តាល​រដ្ឋធានី​សេ​អ៊ូ​ល ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​កូរ៉េ លោកស្រី ប៉ាក ហ្គឺ​ន​ហេ ចុះ​ចេញពី​តំណែង និង​សុំ​អភ័យ​ជា​សាធារណៈ ចំពោះ​ការបង្ក្រាប​បាតុករ កាលពី​ពាក់​កណ្តាលខែ​មុន​។ មូលហេតុ​ដែល ក្រុមបាតុករ​ទាំងនោះ​បាតុកម្ម គឺ​ដើម្បី​ប្រឆាំង​គោលនយោបាយ​កែទម្រង់​ប្រព័ន្ធ​ការងារ និង​កែប្រែ​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​កែប្រែ​មុខមាត់​ឪពុក​របស់​លោកស្រី​ដែល​ត្រូវគេ​ចាត់ទុកជា​មេដឹកនាំ​ផ្តាច់ការ​។ ក្រុមបាតុករ​បាន អះអាង​ផង​ថា រដ្ឋាភិបាល​បច្ចុប្បន្នកំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កូរ៉េ​ទន់ខ្សោយ​។

១. កំណែទម្រង់​ច្បាប់​ការងារ ជួយ​កាត់បន្ថយ​អត្រា​អ្នកគ្មានការងារ​ធ្វើ​
​តាមពិតទៅ ក្រុមបាតុករ​ប្រឆាំងនឹង​គោលនយោបាយ​ការងារ​របស់​រដ្ឋាភិបាល​បក្ស​អភិរក្ស​របស់លោក​ស្រី ប៉ាក  ហ្គឺ​ហេ ព្រោះ​គោលនយោបាយ​កំណែទម្រង់​នេះ​លុបចោល​គោលការណ៍​ផ្តល់ប្រាក់​បៀវត្ស​តាម​សមត្ថភាព​បំពេញការងារ និង​កម្រិត​ប្រាក់ខែ​របស់​បុគ្គលិក​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​។ ការកម្រិត​បែបនេះ វា​ជំរុញ​ឲ្យ​មានការ​កាត់បន្ថយ​អត្រា​យុវជន​គ្មាន​ការងារ​ធ្វើ ព្រោះ​ម្ចាស់​ក្រុមហ៊ុន​អាច​ជ្រើសរើស​បុគ្គលិក​វ័យក្មេង​ឲ្យ​មក​ធ្វើការ​បាន​ច្រើនជាង​មុន​ផង​។

​វា​ប្រាកដ​ណាស់​ថា បាតុករ​ភាគច្រើន​ជា​បុគ្គលិក​ដែល​បម្រើកា​ងារ​រយៈពេល​យូរ ហើយ​ពួកគេ​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​គោលនយោបាយ​ថ្មី​នេះ​។ ប៉ុន្តែ​ស្របពេល​ដែលមាន​មនុស្ស​ជាច្រើន​បាតុកម្ម​ប្រឆាំង គេ​ក៏​ឃើញ​មាន​ក្រុម​ប្រជាជន​ច្រើន​ដែរ បានបង្ហាញ​ការគាំទ្រ​ចំណាត់ការ​ថ្មី​នេះ ព្រោះ​វា​ជួយ​ដោះស្រាយ​បញ្ហា​គ្មាន​ការងារ​ធ្វើ​ក្នុងសង្គម​កូរ៉េ ដែលជា​កង្វល់​ធំ​បច្ចុប្បន្ននេះ​។

​ដោយឡែក​ក្រោយ​មាន​ចលនា​បាតុកម្ម​កើតឡើង​បន្តបន្ទាប់ គេ​ឃើញ​អាជ្ញាធរ​កូរ៉េខាងត្បូង​ដាក់ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​សហជីព​ផងដែរ ដោយសារ​ក្រុម​នេះ​បាន​បញ្ឆេះ​និង​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​ផង​។​

២.​កែ​សៀវភៅ​ប្រវត្តិសាស្ត្រ ចម្រូងចម្រាស​តែ​មិនមែន​បំភ្លៃ​ការពិត​?
​នៅ​ប្រហែល ២​ឆ្នាំ​ទៀត​ទេ អាណត្តិ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ នឹងត្រូវ​បញ្ចប់​ហើយ​។  អ្នកនយោបាយ​រូបនេះ​ខំប្រឹងប្រែង​ដើម្បី​សម្រេច​គោលនយោបាយ​ទាំងនេះ​ឲ្យ​បាន​មុនពេល​លោកស្រី​ចាកចេញ​ពី​តំណែង​ព្រោះ​ប្រធានាធិបតី​មាន​សិទ្ធិ​ឈរឈ្មោះ​តែមួយ​អាណត្តិ​ប៉ុណ្ណោះ​។ ក្នុងចំណោម​គោលនយោបាយ​សំខាន់ៗ​របស់លោក​ស្រី ក៏មាន​ការកែប្រែ​ប្រវត្តិសាស្ត្រ​ដើម្បី​លើកមុខ​ឪពុក​របស់​លោកស្រី ដែល​ត្រូវគេ​ចាត់ទុកជា​មេដឹកនាំ​ផ្តាច់ការ​នោះ​។ 
 
​ក្នុងចំណោម​អ្នក​តវ៉ា​កន្លងមក មាន​គ្រូបង្រៀន អ្នកស្រាវជ្រាវ និង​ប្រជាជន​សាមញ្ញ​ផង​។​ពួកគេ​បាន​លើកឡើងថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ មាន​មហិច្ឆតា​កែលម្អរ​ប្រវត្តិសាស្ត្រ​ដែល​ចែង​ពី​ឳ​ពុក​លោកស្រី​ថា​ជា​មេដឹកនាំ​កាន់តំណែង​យូរ​ជាង​និង​ជា​មេដឹកនាំ​ផ្តាច់ការ​ក្នុង​ប្រវត្តិសាស្ត្រ​ឲ្យ ទៅជា​វីរៈបុរស​ដែល​បាន​ប្រឹងប្រែង​កសាង​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​។​
 
​ប្រធានាធិបតី​កូរ៉េ​ពិតជា​ចង់​កែខៃ​រឿងរ៉ាវ​ដែល​ចារិក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ ពាក់ព័ន្ធ​របប​ដឹកនាំ​ឳ​ពុក​លោកស្រី លោក Park Chung-hee ដែល​ឡើងកាន់តំណែង​ដោយ​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ​ដើម្បី​ដណ្តើម​អំណាច​។ ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​លោក Park Chung-hee​ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​ផ្តាច់ការ​សម័យ​នោះ និង​រំលោភ​សិទ្ធិសេរីភាព​ដោយ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​និង​អ្នកនយោបាយ​ដែល​ប្រឆាំង​លោក​ផង​។  លោក​បាន​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ ១៩៦១ តែ​នៅក្នុង​ឆ្នាំ ១៩៧៩ លោក​ត្រូវបាន​គេ​ធ្វើឃាត​តែម្តង​។ ប៉ុន្តែ​ទោះជា​របប​ដឹកនាំ​របស់លោក​មាន​ភាព​ផ្តាច់ការ​ក៏ដោយ ប្រជាជន​កូរ៉េខាងត្បូង​ក៏​នៅចាំ​ច្បាស់​ពី​សមិទ្ធផល និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​ការដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ក្រីក្រ​បំផុត​ក្រោយ​សង្គ្រាម​ឲ្យ​មកជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​លេខ​១១​លើ​លោក និង​រីកចម្រើន​ជាងគេ​មួយ​ផងដែរ​នោះ​។ បើសិន​គ្មាន​មេដឹកនាំ​នេះ​ទេ កូរ៉េខាងត្បូង​ក៏​ពិបាក​ស្គាល់​ការអភិវឌ្ឍ​ដូច​បច្ចុប្បន្ន​នេះដែរ​។

​ជុំវិញ​ការទិតៀន​នេះ លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ចេញមុខ​បកស្រាយ​ថា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​សិស្ស​កំពុង​សិក្សា​បច្ចុប្បន្ន​មាន​ភាពលម្អៀង​ហើយ​ធ្វើ​ឲ្យ​មានការ​បែកខ្ញែក​គ្នា​រវាង​ប្រជាជន​និង​សិស្ស​ជុំវិញ​បញ្ហានយោបាយ​និង​ជម្លោះ​មនោគមន៍វិជ្ជា​។ អ្នកគាំទ្រ​លោកស្រី ដែល​គាំទ្រ​និន្នាការ​អភិរក្សនិយម​នោះ បាន​សង្កត់ធ្ងន់ថា សៀវភៅ​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​លម្អៀង​បន្តិច រិះគន់​តែ​របប​ដឹកនាំ​កូរ៉េខាងត្បូង​កាលពី​សម័យមុន តែ​មិនសូវ​រិះគន់​របប​ដឹកនាំ​ផ្តាច់ការ​របស់​ក្រុង​ព្យុងយ៉ាង​ឡើយ​។

​ចំណែក​រដ្ឋមន្ត្រីក្រសួង​អប់រំ​កូរ៉េខាងត្បូង Hwang Woo-yea តាំងពីដើម​មក​បាន​ព្យាយាម​ការពារ​គោលបំណង​ប្តូរ​សៀវភៅ​ប្រវត្តិសាស្ត្រ​នេះដែរ​។ សៀវភៅពុម្ព​ប្រវត្តិសាស្ត្រ​ថ្មី​នឹង​បង្រៀន​សិស្ស​ឲ្យ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​កោតសរសើរ​របស់​កូរ៉េខាងត្បូង ដ្បិត​កូរ៉េខាងត្បូង​មានលទ្ធភាព​សម្រេចបាន​លទ្ធិប្រជាធិបតេយ្យ​និង​ឧស្សាហូបនីយកម្ម​បានរ​ហ័ស​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ពិភពលោក​។​
 
​សៀវភៅ​ថ្មី​នឹងត្រូវ​ចងក្រង​ដោយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​អ្នកជំនាញ​ជាច្រើន​នាក់​ដែល​ត្រូវ​ចាត់តាំង​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​កាលបរិច្ឆេទ​នៃ​ការចេញផ្សាយ​សៀវភៅ​នេះ​ដំបូង នៅ​ឆ្នាំ ២០១៧​ខាងមុខ​។


© រក្សាសិទ្ធិដោយ thmeythmey.com