អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា​៖ ការបាញ់ប្រហារ​នៅ​កាលី​ហ្វ​រ​នីញ៉ា​ជា​អំពើ​ភេរវកម្ម តែ​មិន​ទាក់ទង​ក្រុម​IS​ទេ​
07, Dec 2015 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានធ្វើ​សេចក្ដីថ្លែងការណ៍​ដ៏​កម្រ​មួយ​ចេញពី​បន្ទប់​ពងក្រពើ (Oval Office) របស់​សេត​វិមាន​លើ​ករណី​បាញ់ប្រហារ​នៅ San Bernardino រដ្ឋកា​លី​ហ្វ​នីញ៉ា​ដែល​បន្សល់ទុក​មនុស្ស​១៤​ស្លាប់​។ លោក​ក៏បាន​ផ្ដោតលើ​ការប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​ឥស្លាម​និង​ការគ្រប់គ្រង​អាវុធ​នៅ​អាមេរិក​។

 
​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​បញ្ជាក់​ចេញពី​បន្ទប់​ពងក្រពើ​លើ​ករណី​បាញ់ប្រហារ​នៅ San Bernardino ថា នេះ​ជា​អំពើ​ភេរវកម្ម​។ ហើយ​វា​គ្មាន​ភ័ស្តុតាង​បង្ហាញថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ឬ​ដែ​ស្ហ នៅ​ពីក្រោយ​ហេតុការណ៍​នេះ​ទេ​។ យ៉ាងណាមិញ ការ​ថ្លែង​របស់លោក​អួ​បា​ម៉ា ប្រហែល​ជាការ​សម្រាល​នូវ​អារម្មណ៍​ភ័យខ្លាច​អំពើ​ភេរវកម្ម​របស់​ប្រជាជន​អាមេរិក​តែប៉ុណ្ណោះ​។ 
 
​បើទោះបីជា​លោក អូ​បា​ម៉ា បាន​បដិសេធ​ការពាក់ព័ន្ធ​របស់​ក្រុម​ដែ​ស្ហ​ក៏ដោយ ក៏​គេ​អាច​មើលឃើញថា ខ្មាន់កាំភ្លើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​បាន​បាញ់រះ​សម្លាប់​មនុស្ស​រង្គាល​នោះ ប្រហែល​ជាមាន​ការពាក់​ព័ន្ធ​នឹង​ក្រុម​ជ្រុលនិយម​នេះដែរ​។ ពួកគេ​ទាំងពីរ​អាចមាន​ទំនាក់ទំនង​លាក់បាំង​ឬ​ដោយ​ប្រយោល​ណាមួយ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​។ ម្យ៉ាងទៀត លោក​អូ​បា​ម៉ា ប្រហែល​មិន​ចង់​ឲ្យ​មានការ​លេចឡើង​ថា ខណៈដែល​ខ្លួន​កំពុងតែ​តាម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅឯ​បរទេស​នោះ បែរជា​មានការ​វាយប្រហា​រ​នៅក្នុង​ផ្ទះ​ខ្លួនឯង​ទៅវិញ​។ 
 
​លើសពីនេះទៅទៀត លោក អូ​បា​ម៉ា ក៏បាន​បញ្ជាក់​ម្ដងទៀត​ពី​គោលជំហ​របស់​អាមេរិក​ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ឲ្យ​អស់​។ លោក​ថា​៖ «​អាមេរិក​នឹង​ប្រើ​រាល់​កម្លាំង​ដែល​ខ្លួន​មាន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​នេះ​។ ហើយ​កងទ័ព​របស់​យើង​នឹង​តាម​ប្រមាញ់​ភេរវជន​នៅ​ប្រទេស​ដទៃ​ប្រសិនបើ​ចាំបាច់​»​។ ស្របពេល​ជាមួយគ្នានេះ លោក​ក៏បាន​ស្នើ​ឲ្យ​សភា​បន្ត​ការគាំទ្រ​លើ​ការប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹង​ក្រុម​ភេរ​វករ​។ 
 
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក អូ​បា​ម៉ា ក៏បាន​លើកឡើង​ពី​វិធានការ​សម្រាប់​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ដោយ​លោក​សង្កត់ធ្ងន់ថា សកម្មភាព​ក្នុងស្រុក​មួយចំនួន អាចជួយ​ដល់​ការប្រឆាំង​ភេរវកម្ម​ដែរ​។ លោក អូ​បា​ម៉ា ប្រហែលជា​ចង់​សំដៅ​ដល់​ការគ្រប់គ្រង​អាវុធ​នៅក្នុង​អាមេរិក​។ លោក​ចង់​ឲ្យ​មានការ​រឹតបន្តឹង​ច្បាប់គ្រប់គ្រងអាវុធ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ជាពិសេស​នោះ លោក​បានស្នើ​ឲ្យ​សភា​អនុម័ត​ច្បាប់​មួយ​ដែល​ហាមឃាត់​បុគ្គល​ណា​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ការហោះហើរ មិន​ឲ្យ​ទិញ​អាវុធ​បានឡើយ​។   
 
​មូលហេតុ​នៃ​ការស្នើសុំ​នេះ ដោយសារតែ​មានការ​រឹបអូស​អាវុធ​មួយចំនួន​ពី​ផ្ទះ​របស់​ជនដៃដល់​ពីរ​នាក់​ប្ដី​ប្រពន្ធ​។ គួរ​បញ្ជាក់ថា ប៉ូលិស​បាន​ប្រទះឃើញ​បន្ទប់​ផ្ទុក​អាវុធ​ជាច្រើន មាន​ទាំង​កាំភ្លើង​និង​គ្រាប់បែក​បំពង់​ជាដើម​។  
 
​នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​ប្រធានាធិបតី អូ​បា​ម៉ា​ថ្លែង​សុន្ទរកថា​ចេញពី​បន្ទប់​ពងក្រពើ​របស់​សេត​វិមាន​។ ហើយ​លើ​ទី​បី​នេះ លោក​បាន​ធ្វើឡើង​ក្រោយ​កាយ​ការបាញ់រះ​នៅឯ San Bernardino រដ្ឋកា​លី​ហ្វ​រ​នីញ៉ា ដោយ​ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែល​បានសម្លាប់​មនុស្ស​១៤​នាក់​៕
 
 
 

Tag:
 អូ​បា​ម៉ា
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com