អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ឡេ​តូ​នី​ប្រកាស​ចេញពី​តំណែង​ព្រោះ​អសមត្ថភាព​
07, Dec 2015 , 4:53 pm        
រូបភាព
 ​នាយករដ្ឋមន្ត្រី​ឡេ​តូ​នី លោកស្រី Laimdota Straujuma បានប្រកាស​ចុះចេញ​ពី​តំណែង​ហើយ​បន្ទាប់​ជួប​ប្រធានាធិបតី Raimonds Vejonis​។ ចំណែកឯ​មូលហេតុ​ពិតប្រាកដ​នៃ​ការលាលែង​នេះ​មិន​ត្រូវបាន​បញ្ចេញ​នោះទេ​។​

 
​នៅ​ចន្ទ​នេះ លោកស្រី Laimdota Straujuma នាយករដ្ឋមន្ត្រី​ស្ត្រី​ទីមួយ​របស់​ឡេ​តូ​នី បានប្រកាស​លាលែង​តំណែង​ហើយ​។ លោកស្រី Straujuma បានប្រកាស​ដូច្នេះ​ក្រោយពី​លោកស្រី​បាន​ជួប​ជាមួយ​ប្រធានាធិបតី Raimonds Vejonis​។ លោកស្រី​និយាយថា​៖ «​ខ្ញុំ​បាន​ប្រាប់​លោក​ប្រធានាធិបតី​រួចហើយ​។ រដ្ឋាភិបាល​មិនបាន​បំពេញការងារ​ល្អ​នោះទេ​»​។​
 
​លោកស្រី Laimdota Straujuma ដែល​បាន​ឡើងកាន់​អំណាច​កាលពី​ឆ្នាំ​២០១៤ ក្រោយ​ការលាលែង​របស់លោក Valdis Dombrovskis នោះ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ពាក្យ​ចចាមអារ៉ាម​នៃ​ការលាលែង ជាពិសេស​ចេញពី​គណបក្ស​លោកស្រី​ផ្ទាល់​តែម្ដង​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​៤ ខែធ្នូ លោកស្រី​បាន​បញ្ជាក់ថា មានការ​រៀបចំ​ផែនការ​ប្រឆាំង​លោកស្រី​។ 
 
​ជាមួយគ្នានេះដែរ ក្រោយ​ការប្រកាស​លាលែង​របស់​លោកស្រី Straujuma ប្រធានាធិបតី Vejonis បានប្រកាសថា លោក​នឹង​ពិភាក្សា​ជាមួយ​គណបក្សនយោបាយ​ទាំងអស់​មុនពេល​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​។ លោក​បន្តថា រដ្ឋាភិបាល​បច្ចុប្បន្ន​ស​ព្វ​ថ្ងៃ​កំពុង​ញាំញី​ដោយ​ទំនាស់​នយោបាយ​។ 
 
​ម្យ៉ាងទៀត ក្នុង​សន្និសីទកាសែត​មួយ លោក Vejonis ក៏បាន​បញ្ជាក់ទៀតថា ៖«​យើង​ត្រូវតែ​គិតពី​បញ្ហា​ខាងក្រៅ​ផងដែរ​ដូចជា ការគំរាមកំហែង​នៅ​អឺរ៉ុប​ក៏ដូចជា​វិ​ប​ត្ត​ជនភៀសខ្លួន​។ ដូច្នេះហើយ​បានជា​យើង​ត្រូវការ​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​អាច​ដោះស្រាយ​រឿងនេះ​បាន​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com