អន្តរជាតិ
អាមេរិក ៖ ការតុបតែង​ជ្រុល​សម្រាប់​បុណ្យ​ណូអែល អាចធ្វើ​ឲ្យ​គ្រួសារ​មួយ​ត្រូវ​ពិន័យ ២៥ ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ
07, Dec 2015 , 9:19 pm        
រូបភាព
ដោយ: ធីតា
​សាលាក្រុង Plantation នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក បានស្នើ​ឲ្យ​គ្រួសារ​មួយ​រុះរើ​ការតុបតែង​លម្អ​ខ្លះៗ​របស់ខ្លួន​សម្រាប់​បុណ្យ​ណូអែល ដោយសារតែ​វា​ធ្វើ​ឲ្យ​ក្រុង​ត្រូវ​រវល់​នឹង​ការតុបតែង​នេះដែរ​។



​តាមពិតទៅ ការតុបតែង​ដោយ​ភ្លើងពណ៌​ចម្រុះ​នៃ​គេហដ្ឋាន​របស់​គ្រួសារ​មួយ​នេះ គួរតែ​ជា​អំណោយ​ដល់​ក្រុង​សម្រាប់​បុណ្យ​ណូអែល​ទៅវិញ​ទេ​។ ជា​រៀងរាល់ឆ្នាំ គ្រួសារ Hyatt តែងតែ​តុបតែង​ដោយ​អំពូល​ភ្លើងពណ៌ និង​គ្រឿង​លម្អ​ផ្សេងៗ​ទៀត តាំងពី​លើដំបូល​ផ្ទះ​រហូត​ដល់​បរិវេណ​ផ្ទះ​របស់ខ្លួន ពេញ​មួយខែ​តែម្តង​។ ការតុបតែង​នេះ​តែងតែ​ទាក់ទាញ​អ្នកទស្សនា​ជាច្រើន​ឲ្យ​ចូលមកក្នុង​គេហដ្ឋាន​នេះ​។ ហេតុនេះ សាលាក្រុង​ប្តឹង​គ្រួសារ​នេះ​ថា បានធ្វើ​ឲ្យ​កកស្ទះ​ផ្លូវ ហើយ​សាលាក្រុង​ត្រូវ​ឲ្យ​ប៉ូលិស​សម្រួល​ចរាចរណ៍ ដែល​នេះ​គឺជា​ការចំណាយ​របស់​សាលាក្រុង​។ ការតស៊ូ​ក្តី​នេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គ្រួសារ​នេះ​យល់ថា ខ្លួន​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏បាន​នៅក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន​។​

​គ្រួសារ​នេះ​អាច​នឹងត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ២៥ ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​សាលាក្រុង​អាច​នឹង​បិទផ្លូវ​ទៅកាន់​លំនៅដ្ឋាន​នេះ​តែម្តង​។ គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ គ្រួសារ​នេះ​តែងតែ​ឆ្លៀតឱកាស​ប្រមូល​ថវិកា​មួយចំនួន​ពី​អ្នក​ចូល​ទស្សនា​ផ្ទះ​របស់ខ្លួន សម្រាប់​ជួយ​ប៉ូលិស​ក្នុង​តំបន់ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​អង្គការ​សប្បុរសធម៌​ផ្សេងៗ​ទៀត​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com