អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូឡូញ​ចង់​ឲ្យ​ណា​តូ​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ការពារ​ខ្លួន និង​ទប់ទល់​រុស្សី​
07, Dec 2015 , 6:06 pm        
រូបភាព
 
​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ​បានបង្ហាញ​ពី​ចេតនា​ស្នើ​ឲ្យ​អង្គការ​ណា​តូ​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ទឹកដី​របស់ខ្លួន​ដើម្បី​ការពារ​ការគំរាមកំហែង​ពី​សំណាក់​រុស្សី​។ ប៉ុន្តែ​សំណើ​បែបនេះ ប្រហែលជា​បង្ក​ឲ្យ​រុស្សី​ខឹងសម្បារ​ខ្លាំង​មិនខានឡើយ​។​

 
​ក្នុងពេល​ផ្ដល់​សម្ភាស​ដល់​ទូរទស្សន៍ Polsat រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ លោក Tomasz Szatkowski បានបញ្ជាក់​ពី​គោលបំណង​សុំ​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​បក្សសម្ព័ន្ធ​ណា​តូ​ក្នុង​ទឹកដី​ប៉ូឡូញ​។ លោក Szatkowski និយាយថា​៖ «​យើង​កំពុង​គិតថា គួរតែ​ស្នើសុំ​ប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ​ឬទេ ដើម្បី​យកមក​ពង្រឹង​ប្រព័ន្ធ​ការពារ​ប្រទេស​»​។ 
 
​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​មន្ត្រី​ប៉ូឡូញ​បាន​ថ្លែង​ពី​គោលបំណង​ចង់​ឲ្យ​មានការ​ពង្រាយ​អាវុធ​ប្រភេទ​នេះ​លើ​ទឹកដី​របស់ខ្លួន​។ ប៉ុន្តែ​ប្រភពព័ត៌មាន​ផ្សេងទៀត​បានបញ្ជាក់​ថា ទីក្រុង​វ៉ា​សូវី​មិនបាន​ស្នើ​ឬក៏​ស្វះស្វែង​សុំ​អាវុធ​នុយក្លេអ៊ែរ​មក​ដា​ក់​ក្នុង​ទឹកដី​ខ្លួន​ទេ​។ 
 
​យ៉ាងណាក៏ដោយ ប្រសិនបើ​នេះ​ជា​រឿង​ពិតមែន​នោះ អ្នក​ដែល​បារម្ភ​និង​មិន​សប្បាយចិត្ត​ជាងគេ​គឺ​ទីក្រុង​មូ​ស្គូ​។ រុស្សី​ប្រាកដជា​ឆ្លើយតប​ចំពោះ​សកម្មភាព​បង្ករឿង​នេះ​មិន​ខាន​។ ជាក់ស្ដែង​កាលពី​ខែមិថុនា​កន្លងមក ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​គំរាម​ហើយ​ថា ប្រសិនបើ​ណា​តូ​គំរាមកំហែង​ដល់​រុស្សី នោះ​ខ្លួន​នឹង​ឆ្លើយតប​ជាមិនខាន​។​
 
​ចំណែកឯ​រដ្ឋមន្ត្រីការបរទេស​រុស្សី​លោក Sergey Lavrov ក៏បាន​រម្លឹក​ពី​ការសន្យា​របស់​ប្រធានាធិបតី អូ​បា​ម៉ា ដែលថា ប្រសិនបើ​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ត្រូវបាន​ដោះស្រាយ នោះ​កម្មវិធី​ប្រព័ន្ធ​ការពារ​អាកាស​នៅ​អឺរ៉ុប​នឹងមិន​លេច​ជា​រូបរាង​ទេ​។​
 
​គ្រប់គ្នា​ដឹង​ហើយ​ថា ប៉ូឡូញ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់​មួយ​របស់​ណា​តូ ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។ ហើយ​ប៉ូឡូញ​តែងតែ​ចង់​ចងសម្ព័ន្ធ​ភាពជា​មួយណា​តូ​កាន់តែ​រឹងមាំ​នាពេល​អនាគត​។ ជាពិសេស​នោះ កាលពី​ខែកញ្ញា សភា​ប៉ូឡូញ បានផ្ដល់​ភ្លើង​ខៀវ​ដល់​ប្រធានាធិបតី Andrzej Duda ដើម្បី​ផ្ដល់​សច្ចាប័ន​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ប៉ូឡូញ​និង​អាមេរិក​ក្នុងការ​បង្កើត​មូលដ្ឋាន​ប្រឆាំង​មី​ស៊ី​ល​នៅឯ​តំបន់ Redzikowo និង​អាច​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៨​។​
 
​គួរបញ្ជាក់​ដែរ ចាប់​បន្ទាប់ពី​ឈ្នះឆ្នោត​កាលពី​ខែឧសភា​កន្លងមក ការងារ​ដំបូង​របស់​ប្រធានាធិបតី Andrzej Duda គឺ​ស្នើ​សុំណា​តូ​បញ្ជូន​ទ័ព​បន្ថែម​មក​តាំង​ក្នុង​ទឹកដី​ប៉ូឡូញ​។ លោក​បាន​អះអាងថា ប៉ូឡូញ​មិន​ចង់​ធ្វើជា​តំបន់ទ្រនាប់​នោះទេ តែ​ជា​រណសិរ្ស​ប្រយុទ្ធ​ប្រចាំ​តំបន់​អឺរ៉ុប​ខាងកើត​៕   

Tag:
 ប៉ូឡូញ​
© រក្សាសិទ្ធិដោយ thmeythmey.com