អន្តរជាតិ
ពលរដ្ឋ​រុស្ស៊ី​ភាគច្រើន​ចង់​ឲ្យ​បុរស​ខ្លាំង​ពូ​ទីន​បន្ត​ដឹកនាំ​ក្រោយ​ឆ្នាំ ២០១៨
07, Dec 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​រុស្ស៊ី ២​ភាគ​៣ បាន​អះអាង ថា​ពួកគេ​ចង់ឃើញ​បុរស​ខ្លាំង​និង​ជា​ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ត​កាន់តំណែង​ទៀត​ក្រោយ​ឆ្នាំ ២០១៨ ឬ​ចង់ឃើញ​អ្នកនយោបាយ​ដែល​លោក ពូ​ទីន ស្នើ​មក ឡើងកាន់តំណែង​។ ហើយ​នៅពេលនេះ​ប្រជាប្រិយភាព​របស់លោក កើនឡើង​ដល់ ៨៩.៩​ភាគរយ ដែល​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ឡើយ​។



​របាយការណ៍​ស្ទង់​មតិ​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ឯករាជ្យ​Levada ចុងខែ​វិច្ឆិកា  បង្ហាញថា ប្រជាជន​រុស្ស៊ី​រហូត​ជិត​ដល់​៨០ ភាគរយ ពេញចិត្ត​ឲ្យ​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ត​កាន់តំណែង​ក្រោយ​ឆ្នាំ ២០១៨ និង​ចង់ឃើញ​អ្នកនយោបាយ​ដែល​លោក ពូ​ទីន ស្នើ​ឡើងមក​ជំនួស​តំណែង​លោក ជាប់ឆ្នោត​ផង​។ មាន​ប្រជាជន​រុស្ស៊ី​ប្រហែល ២០ ភាគរយ​ប៉ុណ្ណោះ ដែល​ចង់ឃើញ​អ្នកនយោបាយ​ថ្មី និង​មាន​លក្ខណសម្បត្តិ​ខុសពី​លោក ពូ​ទីន ឡើងកាន់​អំណាច​។​

​ប្រជាជន​ប្រហែល​៥៧​ភាគរយ យល់ថា ប្រទេស​រុស្ស៊ី​ត្រួវ​ការ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្វើជា​ប្រធានាធិបតី​ជាថ្មីទៀត​ក្រោយ​ឆ្នាំ ២០១៨​។ ស្របពេល​ជាមួយគ្នា​នោះ ប្រជាជន​ប្រហែល ១២ ភាគរយ​បាន​លើកឡើងថា គេ​ចង់ឃើញ​ប្រធានាធិបតី​ថ្មី​ជា​អ្នកនយោបាយ​ដែល​លោក ពូ​ទីន​ស្នើឡើង​ដោយផ្ទាល់​សម្រាប់​តំណែង​នេះ​។

​ចំណែក​ប្រជាជន​ប្រហែល ១៨ ភាគរយ​ផ្សេងទៀត​នោះ​ឆ្លើយថា ពួកគេ​ចង់ឃើញ​អ្នកនយោបាយ​ថ្មី ដែលមាន​គោលនយោបាយ​និង​បុគ្គលិកលក្ខណ​ខុសពី​លោក ពូ​ទីន ឡើងកាន់តំណែង​។ ១៤ ភាគរយ​ទៀត​ឆ្លើយថា វា​ជា​រឿង​ពិបាក​ស​ម្រ​ច​ចិត្ត​បំផុត​ថា​តើ ពួកគេ​ចង់ឃើញ​អ្នកនយោបាយ​រូប​ណា​កាន់តំណែង​កំពូល​នេះ​នៅពេល​បច្ចុប្បន្ន​។

​ប្រជាប្រិយភាព​របស់​ប្រមុខរដ្ឋ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​កើនឡើង​ខ្លាំង​ជិត​ដល់​៩០​ភាគរយ​នៅ​ចុងខែ​តុលា​កន្លងទៅ ដោយ​ភាគរយ​ខ្ពស់​នេះ​បញ្ជាក់​ពី​ការពេញចិត្ត​ពេញ​ថ្លើម​របស់​ប្រជាជន​រុស្ស៊ី​ចំពោះ​គោលនយោបាយ​និង​របៀប​ដឹកនាំ​របស់លោក ពូ​ទីន​។

​កាលពី​ចុងខែ​មិថុនា កន្លងទៅ​ដែរ វិទ្យាស្ថាន Levada ក៏បាន​បង្ហាញ​របាយការណ៍​ស្ទង់​មតិ​មួយ​ដែរ ដែល​បង្ហាញថា ប្រជាជន​រុស្ស៊ី ៨៩​ភាគរយ សប្បាយចិត្ត​ពេល​លោក ពូ​ទីន ដឹកនាំ​ប្រទេស​។ ក្នុងនោះ​មាន ៦៤​ភាគរយ​គិតថា គោលនយោបាយ​លោក ពូ​ទីន ស្ថិតនៅលើ​ផ្លូវត្រូវ​ដែរ​។

​អាច​ថា ប្រជាជន​រុស្ស៊ី​ពេញចិត្ត​ការដឹកនាំ​របស់​លោក ពូ​ទីន ក្រោយពេល​លោក សម្រេចបាន​នយោបាយ​ដណ្តើម​ទឹកដី​ស្វ័យ​ត Crimea ពី​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មិនា​ឆ្នាំមុន និង​ការដាក់ចេញ​គោលនយោបាយ​ប្រឆាំង​ក្រុម​ភេរវជន​នៅក្នុង​ទឹកដី​ស៊ី​រី តាំងពី​ចុងខែ​កញ្ញា​មកម្ល៉េះ​នោះ​។ ពលរដ្ឋ​រុស្ស៊ី​ឃើញ​ពី​ចំណុច​វិជ្ជមាន​និង​មាន​មោទនភាព ព្រោះ​នយោបាយ​លោក ពូ​ទីន ជួយ​ឲ្យ​រុស្ស៊ី​មានឈ្មោះ​បោះ​សំឡេង​ឡើងវិញ​នៅលើ​ឆាក​អន្តរជាតិ​និង​អាច​ប្រជែង​ឥទ្ធិពល​អាមេរិក​និង​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​និង​អឺរ៉ុប​ផងដែរ​៕


Tag:
 រុស្ស៊ី
  វ្ល៉ាាឌីមៀពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com