អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាណាដា ដក​យន្តហោះ​ចម្បាំង​ពី​ប្រតិបត្តិ​ការកម្ទេច​ISIS ផ្គាប់ចិត្ត​ប្រជាជន​
08, Dec 2015 , 4:24 pm        
រូបភាព
ដោយ:
 
​ចុងក្រោយ​រដ្ឋាភិបាល​កាណាដា សម្រេច​ដក​យន្តហោះ​ចម្បាំង​ចេញពី​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ពី​សម្ព័ន្ធ​យោធា​ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​អាមេរិក​។ ការសម្រេច​ដក ទ័ព​ខណៈពេលដែល​ប្រតិបត្តិការ​កំពុងតែ​ឡើងក​ម្តៅ គឺ​ដើម្បី​អនុវត្ត​ដូច​ទៅនឹង​ការសន្យារ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Justin Trudeau នៅ​អំឡុងពេល​ឃោសនាបោះឆ្នោត​។


លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ



​រដ្ឋមន្ត្រីការបរទេស​កាណាដា Stephane Dion  បានបញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃ​ម្សិលមិញ​ថា រដ្ឋាភិបាល​កាណាដា នឹង​ដក​យន្តហោះ​ចម្បាំង​ចំនួន​៦​គ្រឿង​ពី​សម្ព័ន្ធ​យោធា​អាមេរិក​ដែល​កំពុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង អី​រ៉ា​ក​។ ការដក​ទ័ព​នេះ នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ឬ​បី​សប្តាហ៍​ខាងមុខនេះ​។​
 
​តាម​ការអះអាង​របស់​លោក Dion  កាណាដា មាន​ចំណែក​២​ភាគរយ​នៃ​ប្រតិបត្តិការ​ដែនអាកាស វាយកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​អី​រ៉ា​ក់​។ ប្រតិបត្តិការ​នេះដែរ បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៤​មកម្ល៉េះ ពោលគឺ​តាំងពី​កាណាដា ស្ថិតក្រោម​ការដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​កាណាដា លោក Stephen Harper ដែលមាន​និន្នាការ​ទៅរក​អាមេរិក​។​
 
​យ៉ាងណាក៏ដោយ ដូចដែល​បានបញ្ជាក់​ជាមួយនឹង​អ្នកសារព័ត៌មាន ទ័ពអាកាស​កាណាដា នឹងមិន​មាន ទៀត​ទេ ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​។ ហើយ​ចំណាត់ការ​នេះ គឺជា​គោលនយោបាយ​ការ បរទេសមួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថ្មី​កាណាដា Justin Trudeau ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ប្រជា ប្រិយភាព​របស់ខ្លួន​មុនពេល​នៃ​ការបោះឆ្នោត​។ 
 
​តាមពិតទៅ លោក Justin Trudeau ក៏​ធ្លាប់​បានប្រកាស​ជាច្រើន​មកហើយ​ជុំវិញ​នៃ​ការ​កងទ័ពអាកាស​ចេញ​ប្រតិបត្តិការ​នេះ​។ ពេល​ដំបូងបង្អស់ គឺធ្វើឡើង​នៅពេលដែល​បក្ស​សេរីនិយម​របស់លោក បាន ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​លើ​បក្ស​កាន់អំណាច​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​អស់​រយៈពេល​បី​អាណត្តិ ហើយ​នោះ​។ ហើយ​ពេល​ចុងក្រោយ ដែល​លោក Trudeau បានធ្វើ​ឡើង​នោះ គឺ​នៅ​ក្នុងឱកាស​នៃ កិច្ចប្រជុំ​កំពូល​G20 ដែលមាន​វត្តមាន​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា​នៅ​ទីនោះ​ផងដែរ​។ គោលនយោបាយ​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​កាណាដា កាន់​តែមាន​ទំនុកចិត្ត​លើ​លោក Trudeau ដ្បិត លោក ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​បាន​សន្យា​កាលពី​កន្លងទៅ​។ 
 
​ថ្វី​ដ្បិត កាណាដា ដក​កងទ័ពអាកាសរ​បស់​ខ្លួន​ចេញពី​ប្រតិបត្តិការ​ក៏ដោយ កាណាដា នៅតែ​បន្ត​ផ្តល់  ជំនួយ និង​ត្រៀម​បញ្ជូនទាហាន​បន្ថែម​ដើម្បី​ទៅ​ហ្វឹកហ្វឺនក​ង​ទាហាន​ដែល​កំពុងតែ​ប្រយុទ្ធ​ជាមួយ​ឧទ្ទាម Kurd នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អី​រ៉ា​ក់​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ជំនួស​ការបន្ត​ប្រតិបត្តិ​វា​យ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បានប្រកាស​ទទួលយក​ជនភៀសខ្លួន​ប្រមាណ​ជាង​ពីរម៉ឺន​នាក់​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ តែ ចំណាត់ការ​នេះ ហាក់ដូចជា​មិន​ទទួលបាន​ការស្វាគមន៍​ពី​សហគមន៍​អន្តរជាតិ​ប៉ុន្មាន​នោះទេ ដ្បិត គេ​ខ្លាចក្រែង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បង្កប់ខ្លួន​ជាមួយនឹង​ជនភៀសខ្លួន​ទាំងនោះ​៕ 

Tag:
 កាណាដា
  ISIS
© រក្សាសិទ្ធិដោយ thmeythmey.com