អន្តរជាតិ
របប​សឹក​ថៃ ចាប់ខ្លួន​អ្នក​តវ៉ា​រឿងអាស្រូវ​ពុករលួយ​នៅ​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​
08, Dec 2015 , 7:59 pm        
រូបភាព
ដោយ:
​រឿងអាស្រូវ​ពុករលួយ​នៅ​ឧទ្យាន រា​ចា​បាទី (Rajabhakti) បាន​ឈានដល់​ដំណាក់កាល​មួយ​គួរ​ព្រួយបារម្ភ ដ្បិត​ទាំង​សកម្មជន​នយោបាយ និង​ទាំង​និស្សិត​ដែល​តវ៉ា​នឹង​រឿងអាស្រូវ​ពុករលួយ​របស់​យោធា​នៅ ឧទ្យាន​នោះ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ការចាប់ខ្លួន​នោះ គឺ​ក្រោម​ការចោទប្រកាន់​ការតវ៉ា​នោះ​ជា​សកម្មភាព​នយោបាយ​នោះទេ​។



​ក្រុម​យោធា​ថៃ ចេញ​ការព្រមាន​រាល់​ការប្រមូលផ្តុំ​ទាំងឡាយ​ដើម្បី​តវ៉ា​នឹង​រឿងអាស្រូវ​ពុករលួយ​របស់ យោធា​នៅ​ឧទ្យាន​ជាតិ​ដែលជា​កន្លែង​សក្ការៈបូជា​សម្រាប់​ព្រះមហាក្សត្រ និង​ប្រជាជន​ថៃ​។ ការចេញ​ព្រមាន​នេះ ដោយ​ចោទថា សកម្មភាព​តវ៉ា​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​នយោបាយ និង​ទាញ​ផល នយោបាយ​តែប៉ុណ្ណោះ​។

​ថ្មីៗ​នេះ​មាន​ព័ត៌មាន​បែកធ្លាយ​ពី​រឿងអាស្រូវ​ពុករលួយ​នៅក្នុង​ឧ​ស្យា​ន រា​ចា​បាទី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ Udomdej Sitabutr អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​។ រឿង​អា ស្រូវ នោះ​គឺមាន​ការអះអាង​មួយចំនួន​លើកឡើងថា មានការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ភាពមិនប្រក្រតី លើ​មូល​នីតិ​នៃ​ការសាងសង់​ឧទ្យាន​នោះ​។

​បញ្ហា​នេះ បាន​កែប្រែ​តំបន់​ឧទ្យាន​រា​ចា​បាទី ក្លាយជា​តំបន់​នយោបាយ​ក្តៅ និង​រសើប​។ កាលពី​សបា្តហ៍ មុន មេដឹកនាំ​បក្សប្រឆាំង​ភឿ​ថៃ​ពីររូប ក៏​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​ពួកគេ បាន​ព្យាយាម​ទៅ​ទីនោះ និង ថែមទាំង​រិះគន់​អាជ្ញាធរ​ទៀតផង​។ ពួកគេ​ត្រូវបាន​ដោះលែង​វិញ​ហើយ ក្រោយពី​ទទួល​ការណែនាំ​។

​តែ​អ្វីដែល​ធ្ងន់ធ្ងរ​នោះ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ម្សិលមិញ យោធា ក៏បាន​ចាប់ខ្លួន និង​ឃុំខ្លួន​ក្រុមនិស្សិត ជាច្រើន​នាក់​ដែល​អះអាង​ខ្លួន​ថា​អ្នកសិក្សា​លទ្ធិប្រជាធិបតេយ្យ ខណៈ​ពួកគេ​កំពុងតែ​ធ្វើដំណើរ​ឆ្ពោះ ទៅកាន់​ឧទ្យាន​ក្នុង​គោលបំណង​ប្រមូលផ្តុំ​គ្នា​ដើម្បី​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចាត់​វិធាន​លើ រឿងអាស្រូវ​នោះ​។

​ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អះអាងថា គ្មាន​អំពើពុករលួយ បាន​កើតឡើង​នោះទេ ហើយ​លោក ក៏​មិនមាន​គម្រោង​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​អនុរដ្ឋមន្ត្រី​ការពារជាតិ​ដើម្បី​ចុះ​ចេញពី​តំណែង​ដែរ​។ តែ​លោក ប្រា​យុទ្ធ បាន​បង្កើត​គណៈកម្មាកា​រ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ រឿងអាស្រូវ​នេះ​។ មតិសាធារណៈ បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ ដ្បិត ប្រធាន​ស៊ើបអង្កេត​នោះ គឹជា​ឧ​ត្ត​ម​សេនីយ៍​ដែលជា​ប្អូនប្រុស​របស់លោក​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com