អន្តរជាតិ
សិង្ហ​បុរី​អនុញ្ញាត​ឲ្យ​អាមេរិក​ពង្រាយ​យន្តហោះ​ស៊ើបការណ៍​នៅលើ​ទឹកដី​ខ្លួន​
08, Dec 2015 , 8:39 pm        
រូបភាព
ដោយ:
​សិង្ហ​បុរី​បានអនុញ្ញាត​ឲ្យ​អាមេរិក​ពង្រាយ​យន្តហោះ​ស៊ើបការណ៍​មក​ធ្វើ​ប្រតិបត្តិការ​នៅលើ​ទឹកដី​របស់ខ្លួន​ដើម្បី​ជា​ជំនួយ​ដល់​ការការពារ​សន្តិសុខ​ដែនសមុទ្រ​។ ការសម្រេច​នេះ​បាន​ធ្វើឡើង​នៅ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter និង​សម​ភាគី​សិង្ហ​បុរី​លោក Ng Eng Hen នៅឯ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។



​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ឲ្យ​មានការ​ពង្រាយ​យន្តហោះ​ស៊ើបការណ៍​ប្រភេទ P8 Poseidon របស់​សហរដ្ឋ​អ​មេ​រិ​ក​នៅក្នុង​សិង្ហ​បុរី ដើម្បី​ជាការ​គាំទ្រ​ដល់​ប្រតិបត្តិ​ការការពារ​ដែន​សមុទ្រ​។ ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​និង​សិង្ហ​បុរី ភាគី​ទាំង​ពីរបាន​អបអរសាទរ​ដល់​ការសម្រេច​នេះ ចំពេល​ដែល​ប្រទេស​ទាំងពីរ​កំពុងតែ​ពង្រឹង​ចំណងមិត្តភាព​រវាង​គ្នា​។​

​ទាំង​លោក Carter​និង​លោក Ng សុទ្ធតែ​បានបង្ហាញ​ពី​ការរីករាយ​ចំពោះ​ការពង្រាយ​យន្តហោះ​ប្រភេទ P8 នេះ ហើយ​ថែមទាំង​បញ្ជាក់ថា ការពង្រាយ​នេះ​នឹង​ជួយ​ដល់​ជំរុញ​ដល់​ប្រតិបត្តិការ​រួមគ្នា​រវាង​កង​យោធា​នៃ​ប្រទេស​ក្នុង​តំបន់​តាមរយៈ​ការធ្វើ​សមយុទ្ធ​ទ្វេភាគី​និង​ពហុភាគី​។ ម្យ៉ាងទៀត វា​ក៏​នឹង​ជួយ​ដល់​ប្រតិបត្តិការ​មនុស្សធម៌​ក៏ដូចជា​សន្តិសុខ​លំហ​សមុទ្រ​ផងដែរ​។​សិង្ហ​បុរី​បាន​ក្លាយជា​ប្រទេស​ទី​បួន​ហើយ ដែល​អាមេរិក​បាន​បានដាក់​ពង្រាយ​យន្តហោះ​ប្រភេទ P8 Poseidon បន្ទាប់ពី​ប្រទេស​ជប៉ុន ហ្វីលីពីន​និង​ម៉ា​លេ​ស៊ី​។

​លើសពីនេះទៅទៀត មន្ត្រី​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់ដែរថា នៅ​ថ្ងៃ​អនាគត​អាច​នឹងមាន​ការដាក់​ពង្រាយ​ជា​បន្តទៅទៀត​។ ប៉ុន្តែ​ការពង្រាយ​នេះ មិនបាន​ធ្វើ​ឲ្យ​ចិន​សប្បាយចិត្ត​នោះទេ ហើយ​វា​គឺ​ចំ​ពេលដែល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែមាន​កម្ដៅ​ខ្លាំង​នៅឡើយ​ដោយសារតែ​ការទាមទារ​របស់​ចិន​ក្នុងការ​គ្រប់គ្រង​សឹងតែ​ទាំងអស់​នៃ​សមុទ្រ​នេះ​។​

​ទីក្រុង​វ៉ា​ស៊ី​ង​តោន​តែង​រិះ​ទីក្រុង​ប៉េកាំង​ចំពោះ​ការសាងសង់​កោះ​សិប្ប​និមិត្ត​ក្នុង​ប្រជុំ​កោះស​ប្រ៉ា​ត​លី​ដែល​កំពុងមាន​ជម្លោះ​នៅឡើយ​។ ហើយ​អាមេរិក​ខ្លួនឯង​ក៏បាន​បញ្ជូន​យន្តហោះ​ទៅកាន់​តំបន់​នោះ​ជា​ញឹកញាប់​ផងដែរ​។​

​គួរបញ្ជាក់​ដែរ ចិន​និង​អាមេរិក​តែង​ខ្វែងគំនិត​គ្នា​រឿង​សមុទ្រ​ចិន​នេះ​។ ជាក់ស្ដែង កាលពី​ខែ​មុន ប្រធានាធិបតី អូ​បា​ម៉ា បានស្នើ​ឲ្យ​ចិន​បញ្ឈប់​ការសាងសង់​កោះ​សិប្ប​និមិត្ត​។ តែ​ចិន​បាន​ឆ្លើយតប​វិញ​ថា ខ្លួន​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដដែល ពីព្រោះ​នេះ​ជា​ទឹកដី​របស់​ចិន​៕


© រក្សាសិទ្ធិដោយ thmeythmey.com