អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន និង​រុស្សី​ប្រឆាំង​ការលើក​សំណុំរឿង​កូរ៉េខាងជើង​មក​ពិភាក្សា​នៅ​UN
08, Dec 2015 , 5:20 pm        
រូបភាព
​ចិន​និង​រុស្សី​បាន​ប្រឆាំង​គម្រោងការ​របស់​អាមេរិក​ដែល​ចង់​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​លើ​ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការ​ប្រាប់​របស់​មន្ត្រីការទូត​នៅ​អង្គការសហប្រជាជាតិ​។​

 
​ប្រភពពី​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ចិន​និង​រុស្សី​បានចេញ​មុខ​ប្រឆាំង​អាមេរិក​ដែល​ចង់​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​ទីក្រុង​ព្យុងយ៉ាង​។ ផែនការ​កោះប្រជុំ​នេះ​បាន​លេច​ជា​រូបរាង ក្រោយពេល​អង្គការសហប្រជាជាតិ​បញ្ចេញ​របាយការណ៍​ថា ស្ថានភាព​សិទ្ធិមនុស្ស​កូរ៉េខាងជើង​មាន​លក្ខណៈ​ដូចនឹង​អ្វីដែល​បាន​កើតឡើង​កាលពី​សម័យ​ណា​ស៊ី​។ 
 
​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន សហរដ្ឋអាមេរិក​ដែលជា​ប្រធាន​ប្ដូរ​វេន​របស់​ក្រុមប្រឹក្សាសន្តិសុខ​ប្រចាំខែ​ឆ្នូ​នេះ បាន​កោះប្រជុំ​សមាជិក​ទាំង​១៥​ដើម្បី​ពិភាក្សា​ករណី​សិទ្ធិមនុស្ស​កូរ៉េខាងជើង​។ ប្រទេស​ជា​សមាជិក​ចំនួន​៨ ដែល​ភាគច្រើន​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក បាន​គាំទ្រ​ការកោះប្រជុំ​នេះ ខណៈ​ចិន​និង​រុស្សី​បាន​ឲ្យ​ដំណឹង​ពី​ការមិនយល់ស្រប​ចំពោះ​រឿងនេះ​។​
 
​មន្ត្រីការទូត​ម្នាក់​បាន​ដកស្រង់​សម្ដី​មន្ត្រី​ទូត​ចិន​ប្រចាំ​UN ថា ចិន​បាន​ប្រាប់​ទៅកាន់​ប្រទេស​សមាជិក​ថា ក្រុមប្រឹក្សាសន្តិសុខ​មិន​ខ្វល់​ជាមួយ​រឿង​សិទ្ធិមនុស្ស​ទេ ហើយ​គួរតែ​ផ្ដោតលើ​បញ្ហា​សន្តិសុខ​វិញ​។ ចំណែក​រុស្សី​វិញ​បានលើកឡើង​ពី​នីតិវិធី​នៃ​កិច្ចប្រជុំ​នេះ ដោយបាន​និយាយថា អាមេរិក​មិនបាន​បញ្ចូល​បញ្ហា​នេះ​ទៅក្នុង​របៀបវារៈ​ប្រចាំ​ខែធ្នូ​នោះទេ​។​
 
​កាលពី​ឆ្នាំមុន UN បាន​បញ្ចេញ​របាយការណ៍​មួយ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។ របាយការណ៍​នេះ​បាន​បង្ហាញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ដូចជា ជំរំ​ឃុំខ្លួន ការធ្វើ​ទារុណកម្ម​ជា​ប្រព័ន្ធ គ្រោះ​អត់ឃ្លាន​និង​ការសម្លាប់​មនុស្ស​តាមរបៀប​ណា​ស៊ី​ជាដើម​។ 
 
​ជាមួយ​របាយការណ៍​ខាងលើនេះ មហាសន្និបាត​UN បានទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​សម្រេច​បញ្ជូន​ករណី​រំលោភសិទ្ធិ​របស​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ យ៉ាងណាក៏ដោយ ការប៉ុនប៉ង​នេះ​ប្រហែល​តែ​ជាការ​ស្រមើស្រមៃ​មួយ​ប៉ុណ្ណោះ​។ វត្តមាន​ចិន​និង​រុស្សី​ដែលជា​បងធំ​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ក្រុមប្រឹក្សា​គឺជា​រឿង​ពិបាក​មួយ​។ ប្រទេស​ទាំងពីរ​នេះ​នឹង​វ៉េតូ​រាល់​ការសម្រេច​នេះ​ជាមិនខាន​ឡើយ​។  
 

Tag:
 កូរ៉េខាងជើង​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com