អន្តរជាតិ
រុស្សី​ប្រើ​នាវាមុជទឹក​កម្ទេច​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ជា​លើកដំបូង​
09, Dec 2015 , 12:05 pm        
រូបភាព
ដោយ:
​រុស្សី​បាន​បញ្ចេញ​សាច់ដុំ​កាន់តែខ្លាំង​បន្ថែមទៀត​ក្នុង​យុទ្ធនាការ​កម្ទេច​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី ដោយបាន​បាញ់​មី​ស៊ី​ល​នាវាមុជទឹក​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​សំដៅ​គោលដៅ​ក្រុម​ជ្រុលនិយម​នៅ​ទីក្រុង Raqqa ។ នេះ​គឺជា​ការបន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ដល់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី ខណៈ​ក្រុម​នេះ​កំពុង​រងគ្រោះ​ផ្ទួនៗ​ដោយសារ​ប្រតិបត្តិការ​របស់​អន្តរជាតិ​។​



​រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី​លោក Sergey Shoigu បាន​បញ្ជាក់ថា នាវាមុជទឹក Rostov-on-Don ដែល​កំពុង​សំចត​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ បាន​បាញ់​កាំជ្រួច​សំដៅ​ដល់ទី​តាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ទីក្រុង Raqqa ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​រុស្សី​ប្រើ​នាវាមុជទឹក​ក្នុង​យុទ្ធនាការ​កម្ទេច​ក្រុម​នេះ​។ ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន លោក Shoigu រាយការណ៍​ថា មី​ស៊ី​ល​ប្រភេទ 3M-54 Calibre ត្រូវបាន​បាញ់​ចេញពី​នាវាមុជទឹក​។

​លោក Shoigu ក៏បាន​បញ្ជាក់ដែរថា មី​ស៊ី​ល​នេះ​បានទទួល​ជោគជ័យ​ក្នុងការ​កម្ទេច​គោលដៅ​សំខាន់ៗ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ Raqqa ដូចជា ឃ្លាំង​គ្រាប់ រោងចក្រ​ផលិត​មីន​និង​ទីតាំង​ប្រេងកាត​។ មិនតែប៉ុណ្ណោះ លោក Shoigu ក៏បាន​លើកឡើង​ពី​សមត្ថភាព​មី​ស៊ី​ល  Calibre ដែល​អាច​បាញ់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រកបដោយ​ប្រសិទ្ធភាព​។

​ជាការ​កត់សម្គាល់ នេះ​គឺជា​លើក​ទី​ពីរ​ដែល​រុស្សី បាន​វាយប្រហារ គោល​ដៅក្រុម រដ្ឋ​ឥស្លាម ពី​នាវា​សមុទ្រ​។ លើកទីមួយ​នោះ រុស្សី​បាន​បាញ់​មី​ស៊ី​ល​ចេញពី​នាវាចម្បាំង​របស់ខ្លួន​នៅឯ​សមុទ្រ កាស​ព្យែ​ន (Caspian) ដែលមាន​ទីតាំង​ប្រមាណ​ជាង​១​ពាន់​គីឡូ​ម៉ែត​ពី​ស៊ី​រី​និង​បាន​កម្ទេច​ទីតាំង​ជាច្រើន​របស់​ក្រុម​រដ្ឋ​ឥស្លាម​។

​គេ​សង្កេតឃើញថា រុស្សី​កំពុងតែ​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង​ឡើង ជាពិសេស​ក្រោយ​ការ​ពេល​ក្រុម​រដ្ឋ​ឥស្លាម​ប្រកាស​នៅ​ពីក្រោយ​ការធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្សី​កាលពី​ខែតុលា​កន្លង​។ ដោយ​គិត​ចាប់ពី​ថ្ងៃ​សៅរ៍​មក រុស្សី​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​ជិត​២​ពាន់​គ្រាប់​លើ​ទីតាំង​ជាច្រើន​របស់​ដូចជា ទីតាំង​បញ្ជា កន្លែង​ហ្វឹកហាត់​និង​ឃ្លាំង​អាវុធ​ជាដើម​នៅក្នុង​ខេត្ត Aleppo និង Idlib​។​

​រុស្សី​បាន​ចូល​អន្តរាគមន៍​ដោយផ្ទាល់​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​ជ្រុលនិយម​ដទៃទៀត​នៅ​ស៊ី​រី កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​កន្លងមក ហើយ​តែងតែ​អះអាងថា ការវាយប្រហារ​តាម​ដែនអាកាស គឺមាន​ការស្នើសុំ​ពី​ប្រធានាធិបតី​ស៊ី​រី​លោក អាសាដ​។ យ៉ាងណាមិញ ក្រុម​លោកខាងលិច​បាន​រិះគន់ថា រុស្សី​មិនមែន​មក​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ទេ តែ​មកជួយ​លោក អាសាដ ក្នុងការ​ប្រឆាំង​ក្រុម​ឧទ្ទាម​ដែល​ចង់​ទម្លាក់​របប​លោក​ប៉ុណ្ណោះ​៕     


© រក្សាសិទ្ធិដោយ thmeythmey.com