អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា​៖​កងទ័ព​នៅតែ​ធ្វើតាម​កាតព្វកិច្ច​ខ្លួន​ទោះជា​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​បក្ស​ណាក៏ដោយ​
09, Dec 2015 , 2:44 pm        
រូបភាព
ដោយ: &
​លោក​ឧ​ត្ត​ម​សេនីយ៍​មិន​អ៊ុង​ឡាំង​បាន​សន្យាថា​យោធា​នឹង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការបម្រើ​វិស័យ​ការពារជាតិ​ដដែល​ទោះបីជា​រដ្ឋាភិបាល​ថ្មី​នឹងត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​ក៏ដោយ​។​ការអះអាង​បែបនេះ​ធ្វើឡើង​ដើម្បី​បញ្ចប់​នូវ​កង្វល់​ប្រជាជន​ដែល​ខ្លាចក្រែង​យោធា​នឹងធ្វើ​អន្តរាគមន៍​រឿង​នយោបាយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Irrawaddy​។



លោក រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត​ជា​បន្ត​៖



​ការបោះឆ្នោត​ថ្ងៃទី​០៨ ខែ វិច្ឆិកា កន្លងទៅ បានបង្ហាញ​ហើយ​ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី នឹង​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ​។ ទាំង​សហគមន៍​អន្តរជាតិ ទាំង​មេដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា​ផ្សេងៗ បាន​ស្វាគមន៍ និង ត្រៀម​សហការ​ក្នុង​ផ្ទេរតំណែង​ដោយ​សន្តិវិធី​។

​តែ​ស្ថាប័ន​យោធា​មី​យ៉ាន់​ម៉ា ដែលជា​ស្ថាប័ន​ឯករាជ្យ មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​នោះ មិនមាន ការ​ការ​ផ្ទេរតំណែង ឬ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ឡើយ​។ នេះ ធ្វើ​ឲ្យ​ប្រជាជន តែងតែមាន​ការព្រួយបារម្ភ ខ្លាចក្រែង​យោធា មិន​សហការ​ជាមួយនឹង​រដ្ឋាភិបាល​ថ្មី ជាពិសេស​ជាមួយ​រដ្ឋាភិបាល​លោក ស្រី ស៊ូ​ជី ដែលជា​រដ្ឋាភិបាល​ដំបូង​គេ​បង្អស់​ដែល​កើតចេញពី​ជន​ស៊ីវិល​សុទ្ធសាធ​។

ប្រវត្តិសាស្ត្រ​ឆ្នាំ ១៩៩១ នៃ​ការបដិសេធ​លទ្ធផល​ការបោះឆ្នោត​របស់​យោធា បានបង្ហាញ​គំរូ​អាក្រក់​ម្តង​រួចទៅហើយ​។ ពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ថា​ន់ ស្វេ បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ជ័យជម្នះ​របស់​បក្ស លោកស្រី​អ៊ុង​សាន ស៊ូ​ជី ហើយ បាន​ឡើងកាន់​ត​អំណាច​ដោយ​ខ្លួនឯង​តែម្តង​។

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ មិន អ៊ុង​ឡាំង​បាន​និយាយ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​«​ទោះបីជា រដ្ឋាភិបាល​ថ្មី​ចេញពី​បក្ស​ណា ឬ ការអនុវត្ត​ប្រព័ន្ធ​នយោបាយ​អ្វី​ក៏ដោយ កាតព្វកិច្ច​របស់​យោធា គឺ​នៅតែ​ការពារជាតិ​«​។ ការអះអាង​បែបនេះ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា យោធា នឹងមិន​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ឡើយ​។

​មេ​យោធា​ដ៏​មាន​ឥទ្ធិពល​រូបនេះ ក៏បាន​បន្ថែមទៀតថា ការប៉ះទង្គិច​គ្នា ឬ​ប្រយុទ្ធ​គ្នា មិនត្រូវ​ឲ្យ​មាន ខណៈពេលដែល​ប្រទេស​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស នោះទេ​។ តែ លោក​ថា ប្រទេស​អាច​អភិវឌ្ឍ​ដោយ​សន្តិភាព​បាន លុះត្រាតែ ការប៉ះទង្គិច​គ្នា​ប្រដាប់ អាវុធ​ត្រូវ​បានបញ្ចប់ បើ​មិន​ដូច្នោះ​ទេ យោធា ត្រូវតែ​ប្រយុទ្ធ​ដើម្បី​រក្សា​សន្តិសុខ​របស់​ប្រទេស​។ ក្នុង ចំណុច​នេះ លោក ទំនងជា​ចង់​សំដៅ ស្ថាប័ន​យោធា​មី​យ៉ាន់​ម៉ា គឺ​ត្រូវតែមាន​ឥទ្ធិពល និង​មិនត្រូវ​ស្ថិត ក្រោម​ការ​ស្ថាប័ន​នយោបាយ​បានឡើយ​។ នោះ ក៏​ព្រោះតែ មកទល់​នេះ មី​យ៉ាន់​ម៉ា នៅតែ​ទទួលរង​នូវ ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឧទ្ទាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com